ប្រយ័ត្នមែនទែន! ពីថ្ងៃអង្គារក្រោយទៅ ទូទាំងប្រទេសកូរ៉េ គម្លាតសង្គមនឹងតម្លើងដល់កម្រិត៣ហើយ លើកលែងតែប្រជុំជនសេអ៊ូល និងទីតាំងដែលគម្លាតសង្គមកម្រិត៤ស្រាប់

កូរ៉េខាងត្បូង៖ ចាប់ពីថ្ងៃអង្គារសប្តាហ៍ក្រោយនេះទៅ តំបន់នានាទាំងអស់ទូទាំងប្រទេសកូរ៉េខាងត្បូង លើកលែងតែប្រជុំជនសេអ៊ូលចេញ នឹងត្រូវតម្លើងគម្លាតសង្គមដល់កម្រិត៣ហើយ ជាកម្រិតគម្លាតសង្គមខ្ពស់ក្រោយតែតំបន់សេអ៊ូល ដែលបច្ចុប្បន្នស្ថិតនៅកម្រិត៤ តែមួយកម្រិតទៀតប៉ុណ្ណោះ នេះបើតាមការប្រកាសរបស់អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនៅរសៀលថ្ងៃអាទិត្យនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថាការសម្រេចតម្លើងគម្លាតសង្គមទូទាំងប្រទេសដល់កម្រិត៣នេះ គឺត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋាភិបាលកូរ៉េខាងត្បូង ឆ្លើយតបទៅនឹងស្ថានការណ៍កូវីដនៅរសៀលថ្ងៃអាទិត្យនេះ ដែលដឹកនាំផ្ទាល់ដោយលោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន នេះបើតាមការប្រកាសឱ្យដឹងពីទីស្នាក់ការកណ្តាលបង្ការ និងការពារគ្រោះមហន្តរាយកូរ៉េខាងត្បូង។

ការតម្លើងគម្លាតសង្គមដល់កម្រិត៣នេះ គឺត្រូវអនុវត្តគ្រប់ខេត្តក្រុងទាំងអស់ទូទាំងប្រទេសកូរ៉េខាងត្បូង លើកលែងប្រជុំជនសេអ៊ូល មានក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមគម្លាតសង្គមកម្រិត៤ទៅហើយ និងលើកលែងតំបន់ផ្សេងៗទៀតទូទាំងប្រទេស ដូចជាក្រុងកាំងនឹង នៅខេត្តហ្គាងវ៉ុនដែលបច្ចុប្បន្នស្ថិតក្រោមគម្លាតសង្គមកម្រិត៤ដូចគ្នា និងខេត្តក្រុងដទៃទៀតដែលបានប្រកាសតម្លើងគម្លាតសង្គមខ្ពស់ជាងកម្រិត៣រួចកន្លងមកនោះ។ វិធានការនេះនឹងចាប់អនុវត្តពីថ្ងៃអង្គារសប្តាហ៍ក្រោយ រហូតដល់ថ្ងៃទី ៨សីហា ខាងមុខ។

ក្រោមវិធានការគម្លាតសង្គមកម្រិត៣នេះ នឹងហាមឃាត់មិនឱ្យមានការជួបជុំឯកជនលើសពី៤នាក់នោះទេ និងហាមឃាត់ការជួបជុំក្រុមធំជាសាធារណៈ ដូចជាការធ្វើបាតុកម្ម ឬជួបជុំនានាដែលមានគ្នាលើសពី៥០នាក់ឡើងទៅ។ ហាងកាហ្វេ និងភោជនីយដ្ឋានានា ត្រូវបើកដំណើរការទទួលភ្ញៀវបានត្រឹមម៉ោង ១០យប់ប៉ុណ្ណោះ ដោយលើសពីម៉ោង១០យប់ទៅ ត្រូវទទួលតែការវេចខ្ចប់ចេញប៉ុណ្ណោះ រួមជាមួយនឹងវិធានការគម្លាតសង្គមលម្អិតតាមវិស័យ និងសកម្មភាពនានាដទៃទៀត ដែលរដ្ឋាភិបាល និងអជ្ញាធរសុខាភិបាលបានកំណត់លម្អិតក្នុងសេចក្តីជូនដំណឹងកាលពីពេលកន្លងទៅទាំងស្រុងនោះ។

ការតម្លើងគម្លាតសង្គមដល់កម្រិត៣ទូទាំងប្រទេសនេះ គឺដោយសារតែប៉ុន្មានថ្ងៃចុងក្រោយនេះមានករណីឆ្លងកូវីដប្រចាំថ្ងៃថ្មីកាន់តែច្រើនឡើងៗនៅតាមតំបន់នានាទូទាំងប្រទេស ជាក់ស្តែងដូចនៅក្រុងប៊ូសានប៉ុន្មានថ្ងៃជាប់គ្នាមកនេះ មានករណីឆ្លងកូវីដថ្មីដល់ទៅលើស១០០ករណីរៀងរាល់ថ្ងៃ ជាតួលេខកើនឡើងខ្លាំងគួរឱ្យបារម្ភ។ ក្នុងនោះដែរ តំបន់មួយចំនួនក៏បានតម្លើងគម្លាតសង្គមលើសពីកម្រិត៣ ផងដែរ ដូចជាក្រុងដេជុន បានប្រកាសនៅរសៀលថ្ងៃអាទិត្យនេះដែរ នឹងតម្លើងគម្លាតសង្គមដល់កម្រិត៤​ ចាប់អនុវត្តពីថ្ងៃអង្គារសប្តាហ៍ក្រោយ រហូតដល់ថ្ងៃទី ៨សីហា ខាងមុខផងដែរ។

ចំណែកឯប្រជុំជនសេអ៊ូលវិញ នឹងបន្តអនុវត្តគម្លាតសង្គមកម្រិត៤ខ្ពស់ជាងគេ រួមទាំងការហាមឃាត់ជួបជុំគ្នាលើសពី២នាក់ឡើងទៅចាប់ពីម៉ោង៦ល្ងាច រយៈពេល២សប្តាហ៍បន្តទៀតចាប់ពីថ្ងៃចន្ទស្អែកដូចគ្នា ដោយសារតែករណីឆ្លងកូវីដ ជាពិសេសគឺវត្តមានប្រភេទកូវីដបម្លែងខ្លួនថ្មីដែលមានច្រើនគួរឱ្យបារម្ភបំផុតនោះ។

សូមបញ្ជាក់ថា នៅថ្ងៃអាទិត្យនេះ មានករណីឆ្លងកូវីដថ្មីចំនួន ១៤៨៧ករណី ដែលក្នុងនោះករណីឆ្លងក្នុងស្រុកមានដល់ទៅ ១៤២២ករណីទៅហើយ ដែលតួលេខនេះថ្វីត្បិតមានការធ្លាក់ចុះច្រើនគួរសម តែក៏ដោយសារតែពេលចុងសប្តាហ៍ប៉ុណ្ណោះ ដែលមានអ្នកធ្វើតេស្តតិចជាងថ្ងៃធ្វើការធម្មតា។

Leave a Reply

Your email address will not be published. Required fields are marked *