កូរ៉េខាងត្បូង៖ មានទីតាំងអាជីវកម្មផឹកស៊ីជាច្រើន លួចលាក់បើកដំណើរការទទួលភ្ញៀវផឹកស៊ីជុំគ្នា បំពានគម្លាតសង្គមត្រូវបានសមត្ថកិច្ចប៉ូលិសកូរ៉េខាងត្បូង រកឃើញ និងឃាត់បានជាបន្តបន្ទាប់ខណៈដែលបម្រាមគម្លាតសង្គមនៅក្នុងប្រទេសកូរ៉េខាងត្បូងកាន់តែមានភាពតឹងរ៉ឹង ជាពិសេសនៅតំបន់ប្រជុំជនសេអ៊ូល និងខេត្តក្រុងធំៗសឹងពេញប្រទេស នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន News 1 ជាភាសាកូរ៉េ។
តាមរយៈអត្ថបទចុះផ្សាយរបស់សារព័ត៌មាន News 1 នេះបានឱ្យដឹងថាតាមទីតាំងខេត្តក្រុងធំៗផ្សេងៗជាច្រើន ប៉ូលិសបានរកឃើញករណីបំពានគម្លាតសង្គមទាំងនេះ។ ជាក់ស្តែងកាលពីថ្ងៃសុក្រទី២៣ ខែកក្កដានេះនៅខេត្តឃ្យ៉ុងគី ស្ថាប័នប៉ូលិសឃ្យ៉ុងគី និងអជ្ញាធរមូលដ្ឋានបានចំណាយពេលដល់ទៅ៤ម៉ោងជាងពីម៉ោង៧:៣០យប់ ដល់ម៉ោងជាង១១:៣០យប់ ដោយសហការគ្នា និងចុះទៅចាប់ដល់ទីតាំងកន្លែងហាងផឹកស៊ីមួយនៅតំបន់អ៊ឺយចុងប៊ូ និងហ្គូយ៉ាងតែម្តង។
នៅក្នុងបេសកកម្មចុះទៅចាប់អ្នកល្មើសនឹងគម្លាតសង្គមនោះ ប៉ូលិស និងអជ្ញាធរចាប់បានមនុស្សពាក់ព័ន្ធដែលល្មើសដល់ទៅ ៤២នាក់ នៅតាមទីតាំងហាងផឹកស៊ីដែលល្មើសនឹងគម្លាតសង្គមដល់ទៅ ៦ទីតាំង។ មនុស្ស និងទីតាំងហាងផឹកស៊ីទាំងអស់នោះសុទ្ធតែត្រូវបានរកឃើញថាល្មើសនឹងការអនុវត្តគម្លាតសង្គម ប្រឆាំងនឹងការរាតត្បាតកូវីដនៅក្នុងខេត្តឃ្យ៉ុងគី ដែលជាទីតាំងអនុវត្តគម្លាតសង្គមតឹងជាងគេដល់កម្រិត៤ និងហាមឃាត់មិនឱ្យមានការជួបជុំឯកជនលើសពី២នាក់ឡើងទៅចាប់ពីម៉ោង ៦ល្ងាច។
នៅតំបន់អ៊ឺយចុងប៊ូ គេរកឃើញថានៅហាងផាប់ផឹកស៊ីធំមួយ មានបុគ្គលិកហាងនោះម្នាក់ដែលគេរកឃើញ កំពុងហៅ និងពិនិត្យមើលភ្ញៀវដែលបានលួចកក់កន្លែងទុកមុនទាំងបំពានគម្លាតសង្គមដើម្បីអាចចូលទៅក្នុងហាង។ ឃើញដូចនោះប៉ូលិសបានតាមឈ្លបមើល និងចុងក្រោយបានចុះទៅចាប់ដល់ទីតាំងហាងនោះតែម្តង បង្ខំឱ្យបើកទ្វារដើម្បីចូលទៅចាប់អ្នកដែលល្មើសនៅខាងក្នុងទាំងអស់គ្នា។ ក្នុងករណីមួយនេះ នៅពេលដែលអ្នកនៅខាងក្នុងដឹងថាប៉ូលិសចុះមកឆែក និងចាប់ផ្ទាល់ដល់ក្នុងហាង ទាំងបុគ្គលិក និងភ្ញៀវដែលលួចលាក់ទៅផឹកស៊ីទាំងអស់បាននាំគ្នាព្យាយាមលាក់ខ្លួននៅក្នុងអាគារនោះគេចពីប៉ូលីស តែចុងក្រោយនៅកន្លែងនោះគេចាប់បានមនុស្ស២៤នាក់ដែលល្មើសរួមមាន ១១នាក់ជាបុគ្គលិកស្រ្តី និងអតិថិជន៩នាក់ទៀតផង។ អ្នកដែលល្មើសទាំងនោះ ល្មើសដោយនៅលួចលាក់ផឹកស៊ីផឹកស៊ីរហូតដល់ម៉ោង១១:៣០យប់ឯណោះ ដែលទាំងអស់គ្នានេះ នឹងត្រូវរងបទចោទប្រកាន់ពីបទល្មើសបំពានគម្លាតសង្គម។
នៅថ្ងៃជាមួយគ្នានោះដែរ នៅឯក្រុងហ្គូយ៉ាងឯណោះវិញ នៅក្នុងហាងផាប់ផឹកស៊ីមួយកន្លែងទៀតនៅក្បែរនឹងស្ថានីយ៍ 백석역 ត្រូវបានគេរាយការណ៍មកថាបានលួចលាក់បើកដំណើរការ និងទទួលភ្ញៀវឱ្យផឹកស៊ីបំពាននឹងបម្រាមគម្លាតសង្គម ដោយតម្រូវឱ្យភ្ញៀវធ្វើការកក់មុនតាមទូរស័ព្ទដើម្បីអាចចូលមកផឹកស៊ីបាន។ ដូចនេះ ប៉ូលិសនិងអជ្ញាធរមូលដ្ឋានបានចុះទៅដល់ និងបានឃាត់ខ្លួនអ្នកល្មើសចំនួន ១៤នាក់ ក្នុងនោះមានម្ចាស់ហាង៣នាក់ បុគ្គលិកស្រ្តី៧នាក់ និងអតិថិជន៤នាក់ផងដែរ ដោយអ្នកទាំងអស់នោះនឹងត្រូវរងបទចោទប្រកាន់ពីបទល្មើសបំពានគម្លាតសង្គមដូចគ្នាដែរ។ នៅនឹងទីតាំងដែលគេចាប់បាននៅហ្គូយ៉ាងនេះ ប៉ូលិសរកឃើញថាមានទាំងសេវាកម្មរកស៊ីផ្លូវភេទខុសច្បាប់ទៀត ដោយអតិថិជនត្រូវតម្រូវឱ្យបង់លុយមុន ដែលក្នុងករណីនេះម្ចាស់ហាង ត្រូវរងបទចោទប្រកាន់ពីការជួញដូរផ្លូវភេទខុសច្បាប់ផងដែរ។
បើតាមការលើកឡើងរបស់ប៉ូលិសនៅនឹងមូលដ្ឋានក្នុងខេត្តឃ្យ៉ុងគីនោះបានឱ្យដឹងថា បើទោះបីជាអជ្ញាធរបានប្រកាសឱ្យដឹងមុនថានឹងចុះទៅឆែកឆេរ និងចាប់ហាងណាដែលនៅបន្តល្មើសនឹងវិធានការគម្លាតសង្គមក៏ដោយ ក៏នៅតែមានទីតាំងលួចលាក់ជាច្រើនបើកដំណើរការលួចលាក់ដូចទៅនឹងជំងឺមហារីកដូច្នោះដែរ គឺព្យាបាល និងចាប់មិនចេះអស់នោះទេ។
