ផ្ទុះរិះគន់ពេញអ៊ីនធើណែត! ប៉ុស្តិ៍ MBC ដ៏ល្បីនៅកូរ៉េ ផ្សាយផ្ទាល់ព្រឹត្តិការណ៍អូឡាំពិក បែរជាប្រើរូបភាពតំណាង និងខ្លឹមសារពិព័ណ៌នាប្រទេសប៉ុន្មាននេះ គួរឱ្យហួសចិត្តមិននឹកស្មានដល់!

កូរ៉េខាងត្បូង៖ ក្នុងព្រឹត្តិការណ៍ពិធីបើកកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២០ កាលពីយប់មិញនេះនៅទីក្រុងតូក្យ៉ូ​ ស្ថានីយ៍ទូរទស្សន៍ល្បីរបស់កូរ៉េខាងត្បូងប៉ុស្តិ៍ MBC ត្រូវរងការរិះគន់ពីអ្នកទស្សនាយ៉ាងខ្លាំង ក្រោយពីស្ថានីយ៍ទូរទស្សន៍នេះកក្នុងការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍នេះបានប្រើរូបភាព និងខ្លឹមសារពាក្យពេជន៍មិនសមរម្យ និងខុសទំនងយា៉ងខ្លាំងដើម្បីយកទៅពិព័ណ៌នាប្រទេសមួយចំនួន ដែលបង្ហាញខ្លួនក្នុងព្រឹត្តិកាណ៍អូឡាំពិកនោះ។

បើតាមការចុះផ្សាយក្នុងសារព័ត៌មានក្នុងស្រុក និងអន្តរជាតិជាច្រើនៅព្រឹកថ្ងៃសៅរ៍នេះបានឱ្យដឹងថា ស្ថានីយ៍បុស្តិ៍ MBC នេះបានប្រើរូបភាព និងខ្លឹមសារឆ្គាំឆ្គងខ្លាំងមែនទែនយកមកពិព័ណ៌នាប្រទេសនានាដែលបង្ហាញមុខក្នុងព្រឹត្តិការណ៍បើកការប្រកួតកីឡាអូឡាំពិកកាលពីយប់ថ្ងៃសុក្រម្សិលមិញនេះ។ ជាក់ស្តែង ប៉ុស្តិនេះបានប្រើរូបភាពភីស្សា ដាក់ជាតំណាងរូបភាពឱ្យប្រទេសអ៊ីតាលី ហើយនិងប្រើប្រាស់រូបភាពបាតុកម្មចលាចលនិងទិដ្ឋភាពកំពុងឆាបឆេះដែលអាចជាព្រឹត្តិការណ៍កើតឡើងក្រោយពេលដែលប្រធានាធិបតីហៃទីត្រូវបានគេធ្វើឃាតថ្មីៗនេះ ដាក់តំណាងឱ្យប្រទេសហៃទី ចំណែកឯប្រទេសអ៊ុយក្រែនឯណោះវិញ ប៉ុស្តិ៍ MBC នេះបានប្រើប្រាស់រូបការផ្ទុះរោងចក្រនុយក្លេអ៊ែរនៅតំបន់ឆេណូប៊ីលដែលជាសោដនាធកម្មនុយក្លេអ៊ែរដ៏ធំជាងគេ តាំងពីទស្សវត្សទី៨០ជាង សម្រាប់តំណាងឱ្យប្រទេសអ៊ុយក្រែន។ ក្រៅពីនោះទៀតប្រទេសផ្សេងទៀតដូចជា ប្រទេសណរវេស បុស្តិ៍ MBC នេះ ប្រើប្រាស់រូបភាពត្រីសាល់ម៉ុនតំណាងរូបប្រទេសណរវេស រីឯប្រទេសហុងដូរ៉ាស់វិញ បុស្តិ៍ MBC នេះប្រើប្រាស់រូបភាព កាក់រូបិយប័ណ្ណ Cryptocurrency Bitcoin ជារូបតំណាងប្រទេស ដោយសារថ្មីៗនេះប្រទេសហុងដូរ៉ាស់ជាប្រទេសទី១លើលោកប្រកាសប្រើប្រាស់រូបិយប័ណ្ណឌីជីថលនេះ។

ក្រៅពីការប្រើប្រាស់រូបភាពយ៉ាងឆ្គាំឆ្គងនេះ បុស្តិ៍ MBC នេះថែមទាំងបានប្រើប្រាស់អត្ថបទពាក្យពេជន៍យ៉ាងខុសទំនងផងដែរ ដើម្បីពិព័ណ៌នាប្រទេសមួយចំនួនដូចជា ប្រទេសស៊ីរុី ត្រូវបានពិព័ណ៌នាថាជា «ប្រទេសដែលមានសង្គ្រាមស៊ីវិលរ៉ាំរ៉ៃអស់ជិត១០ឆ្នាំមកហើយ» រីឯប្រទេសកោះម៉ាសាល់វិញត្រូវបានពិព័ណ៌នាថាជា «ធ្លាប់ជាទីតាំងធ្វើតេស្តនុយក្លេអ៊ែររបស់សហរដ្ឋអាម៉េរិក»។

ការប្រើប្រាស់រូបភាព និងខ្លឹមសារពិព័ណ៌នាប្រទេសមួយចំនួនដូចបានរៀបរាប់ខាងលើនេះត្រូវបានមតិសាធារណជនរិះគន់យ៉ាងចាស់ដៃ ដោយសារមិនគួរណាស្ថានីយ៍ទូរទស្សន៍មួយដ៏ល្បីបែរជាមិនបានពិនិត្យ ស្រាវជ្រាវលើខ្លឹមសារចុះផ្សាយរបស់ខ្លួន ហើយប្រើនូវរូបភាព និងពាក្យពេជន៍យ៉ាងខុសទំនងបែបនេះ ដែលគេមើលទៅជាកំហុសឆ្គងដ៏ធំ និងមើលទៅដូចជាយកកិត្តិយសរបស់ប្រទេសជាតិសាសន៍បរទេសមកជាន់ឈ្លីយ៉ាងដូច្នេះទៅវិញ។

ក្រោយពីរងការរិះគន់យ៉ាងចាស់ដៃបែបនេះ បុស្តិ៍ MBCបានចេញការប្រកាសសុំអភ័យទោសចំពោះកំហុសឆ្គងបែបនេះជាពិសេសគឺប្រទេសដែលរងការប៉ះពាល់ទាំងអស់នោះ ដោយបុស្តិ៍ MBC នេះបានលើកឡើងថាគោលបំណងរបស់ខ្លួនគឺដើម្បីតែចង់ពិព័ណ៌នាអំពីប្រទេសនីមួយៗ ឱ្យអ្នកទស្សនាបានស្គាល់ប៉ុណ្ណោះ។

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *