កូរ៉េខាងត្បូង៖ ស្របពេលដែលកម្មវិធីចាក់វ៉ាក់សាំងនៅកូរ៉េខាងត្បូងកំពុងតែកើនសន្ទុះយ៉ាងលឿន ហើយដែលអជ្ញាធរចាប់ផ្តើមមានការកែសម្រួលដំណើរការចាក់វ៉ាក់សាំងមួយចំនួនដោយមានការអនុញ្ញាតឱ្យចាក់វ៉ាក់សាំងលាយបញ្ចូលគ្នារវាងប្រភេទវ៉ាក់សាំង AstraZeneca និងវ៉ាក់សាំង Pfizer កន្លងមកថ្មីៗនេះមក ពេលនេះសាធារណជនកំពុងបង្ហាញក្តីបារម្ភលើការចាក់វ៉ាក់សាំងលាយមុខគ្នានេះ ក្រោយពីមានករណីបាត់បង់ជីវិតដំបូងគេ ក្រោយពីបានចាក់វ៉ាក់សាំងលាយគ្នានេះនៅកូរ៉េខាងត្បូង។
ចុះផ្សាយក្នុងសារព័ត៌មាន Korea Times បានបញ្ជាក់ឱ្យដឹងថាមានករណីប៉ូលីសកូរ៉េខាងត្បូងម្នាក់អាយុ៥២ឆ្នាំនៅឯខេត្តឃ្យ៉ុងសាងខាងជើង (North Gyeongsang Province) ត្រូវបានអជ្ញាធរសុខាភិបាលបញ្ជាក់ថាបានបាត់បង់ជីវិតកាលពីថ្ងៃទី២០ កក្កដាថ្មីៗនេះ ត្រឹមរយៈពេល៣ថ្ងៃក្រោយពីបានចាក់វ៉ាក់សាំងកូវីដ Pfizer ជាវ៉ាក់សាំងដូសទី២ លាយគ្នាជាមួយវ៉ាក់សាំង AstraZeneca ដែលបានចាក់កាលពីដូសទី១កន្លងមក។ ករណីនេះជាករណីដំបូងគេហើយ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងកូវីដលាយមុខគ្នានេះ ចាប់តាំងពីរដ្ឋាភិបាលកូរ៉េបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងលាយគ្នានេះពីថ្ងៃទី៥ កក្កដា ២០២១នេះមក។
បើតាមការរៀបរាប់របស់ក្រុមគ្រួសារបានឱ្យដឹងថា ជនរងគ្រោះជាប៉ូលីសដែលបានចាក់វ៉ាក់សាំងកូវីដលាយមុខគ្នានេះ ត្រូវបានគេរកឃើញនៅយប់កើតហេតុម៉ោង២យប់ថាបានបាត់បង់ស្មារតី និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្បែរនោះ តែក្រោយមកត្រូវបានគេបញ្ជាក់ថាបានបាត់បង់ជីវិតទៅហើយប្រហែលមួយម៉ោងក្រោយមក។ ប៉ូលីសខាងលើនេះបានចាក់វ៉ាក់សាំងកូវីដ AstraZeneca ដូសទី១កាលពីថ្ងៃទី ២៨ មេសា និងបន្ទាប់មកបានចាក់វ៉ាក់សាំងកូវីដ Pfizer ដូសទី២កាលពីថ្ងៃទី១៧ កក្កដាថ្មីៗនេះ ដែលក្រោយពីបានចាក់ដូសទី២នេះហើយ គាត់ហាក់មានអាការៈឈឺក្បាល និងស្រៀវសា្រញនេះបើតាមការបញ្ជាក់របស់ក្រុមគ្រួសារ។
សម្រាប់ករណីនេះ មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េ (KDCA) ដែលជាអជ្ញាធរគ្រប់គ្រងលើកម្មវិធីចាក់វ៉ាក់សាំងនេះបានបញ្ជាក់ថានឹងធ្វើការស៊ើបអង្កេតករណីនេះឱ្យបានច្បាស់លាស់ និងស្វែងរកមូលហេតុឱ្យឃើញពីការជាប់ទាក់ទងគ្នារវាងការចាក់វ៉ាក់សាំង ទៅនឹងការឈានដល់ការបាត់បង់ជីវិតនេះ ឬយ៉ាងណាផ្សេង។ មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌល KDCA បានបញ្ជាក់ថានឹងធ្វើការប្រកាសពីលទ្ធផលស៊ើបអង្កេតនេះ ក្រោយពីបានពិនិត្យច្បាស់លាស់រួចរាល់ហើយនោះ។
ជាគោលការណ៍អនុវត្តនៅក្នុងប្រទេសកូរ៉េខាងត្បូង អជ្ញាធរបញ្ជាក់ថា បច្ចុប្បន្នអ្នកដែលចាក់វ៉ាក់សាំងកូវីដប្រភេទណាសម្រាប់ដូសទី១ នឹងត្រូវបន្តចាក់វ៉ាក់សាំងប្រភេទដដែលសម្រាប់ដូសទី២ លើកលែងតែករណីដែលគេផ្លាស់ប្តូរលក្ខខណ្ឌផ្សេងៗដូចជាការកំណត់អាយុសម្រាប់ចាក់វ៉ាក់សាំងដូចករណីវ៉ាក់សាំង AstraZeneca ដែលត្រូវតម្លើងអាយុអ្នកទទួលដល់៥០ឆ្នាំនេះ ឬករណីដែលវ៉ាក់សាំងមុខដូចគ្នាមិនមានក្នុងស្តុកជាក់ស្តែង ទើបអជ្ញាធរចាក់វ៉ាក់សាំងប្រភេទផ្សេងសម្រាប់ដូសទី២វិញ។ គិតមកដល់ត្រឹមថ្ងៃព្រហស្បត្តិ៍ ទី២២កក្កដា សប្តាហ៍នេះ មានមនុស្សជាង៨២ម៉ឺននាក់ហើយនៅកូរ៉េខាងត្បូងដែលបានទទួលវ៉ាក់សាំងកូវីដ២ដូសលាយមុខគ្នាបែបនេះ ក្នុងចំណោមមនុស្សជាង ៦.៧លាននាក់ដែលបានចាក់វ៉ាក់សាំងកូវីដរូចរាល់ទាំងស្រុងនោះ។
ដោយសារតែនេះជាករណីដំបូងគេបង្អស់ដែលឈានដល់ការបាត់បង់ជីវិតក្រោយពីចាក់វ៉ាក់សាំងកូវីដលាយមុខគ្នានេះ សាធារណជនបានបង្ហាញពីក្តីបារម្ភជាថ្មីមកលើកម្មវិធីចាក់វ៉ាក់សាំង ជាពិសេសគឺការអនុញ្ញាតឱ្យចាក់វ៉ាក់សាំង២មុខលាយគ្នានេះ។ សាស្ត្រាចារ្យមួយរូបទៀតនៅសាកលវិទ្យាល័យកូរ៉េខាងត្បូងបានបញ្ជាក់ថា «វាអាចនឹងប្រសើរជាងនេះ ប្រសិនបើអជ្ញាធរសុខាភិបាលអនុញ្ញាតផ្តល់ជម្រើសសម្រាប់ប្រជាជនសម្រេចចិត្ត ថាតើទទួលចាក់វ៉ាក់សាំងលាយមុខគ្នា ឬក៏អត់ដូចទៅនឹងការអនុវត្តនៅក្នុងប្រទេសអាឡឺម៉ង់»។
សម្រាប់ការចាក់វ៉ាក់សាំងពីរប្រភេទលាយគ្នានេះ បើទោះជាមានការសិក្សា និងអំណះអំណាងពីអ្នកជំនាញសុខាភិបាលមួយចំនួនថាអាចជួយបង្កើនប្រសិទ្ធភាពវ៉ាក់សាំង ក៏មានប្រទេសមួយចំនួនមិនទាន់បង្ហាញជំហរគាំទ្រដោយលើកឡើងថាការអះអាងបែបនេះ នៅខ្វះទិន្នន័យវិទ្យាសាស្រ្តមកគាំទ្រ ជាពិសេសលើសុវត្ថិភាព និងប្រសិទ្ធភាពរបស់វា។ កន្លងមកក៏មានទិន្នន័យមួយចំនួន ដែលបានដកស្រង់ពីការធ្វើតេស្តសាកល្បងនៅអង់គ្លេស និងអេស្ប៉ាញ ដែលបានបញ្ជាក់ថាការចាក់វ៉ាក់សាំងលាយគ្នារវាង AstraZeneca និង Pfizer អាចបង្កើនប្រសិទ្ធភាព ជំរុញឱ្យប្រព័ន្ធភាពស៊ាំរាយកាយការពារពីជំងឺធ្វើការបានល្អជាង ឬអាចខ្លាំងជាងការចាក់វ៉ាក់សាំងប្រភេទដូចគ្នាទាំងពីរដូសផងដែរ។ ការសិក្សាមួយផ្សេងទៀតនៅអាឡឺម៉ង់បានបង្ហាញប្រហាក់ប្រហែលដែលថា ការចាក់វ៉ាក់សាំងលាយគ្នាអាចបង្កើនប្រសិទ្ធភាព ជំរុញឱ្យប្រព័ន្ធភាពស៊ាំរាយកាយការពារពីជំងឺធ្វើការបានល្អជាងការចាក់វ៉ាក់សាំង AstraZeneca ដូចគ្នាទាំងពីរដូស។
ជាការអនុវត្តបច្ចុប្បន្នមានប្រទេសមួយចំនួនហើយបានអនុវត្តការចាក់វ៉ាក់សាំងកូវីដលាយគ្នា មានដូចជាប្រទេសកាណាដាអនុញ្ញាតឱ្យចាក់វ៉ាក់សាំង Moderna ឬ Pfizer ជាដូសទី២សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង AstraZeneca ដូសទី១ រីឯប្រទេសថៃវិញបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំង AstraZeneca ជាដូសទី២ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងកូវីដរបស់ចិន Sinovac ដូសទី១។ ចំណែកឯប្រទេសអាម៉េរិកវិញបច្ចុប្បន្នបានសម្រេចមិនអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងលាយគ្នានោះទេ ដោយលើកឡើងថាវ៉ាក់សាំងកូវីដមិនអាចផ្លាស់ប្តូរគ្នាបាននោះទេ។