ហួសចិត្ត! កូវីដពេញស្រុក ហើយមានបម្រាមហាមបាតុកម្មទៀត តែក្រុមសហជីពជាង៤០០នាក់នៅវ៉ុនជូ ប្តូរផ្តាច់សុខចិត្តធ្វើរឿងហួសចិត្ត២នេះ ដើម្បីមកជុំគ្នាបាតុកម្ម ..

កូរ៉េខាងត្បូង៖ ក្រុមបាតុករនៃសហជីពកូរ៉េខាងត្បូងមួយនាំគ្នាប្រមាណជាង៤០០នាក់ ចេញមកធ្វើបាតុកម្មនៅវ៉ុនជូ នៅថ្ងៃសុក្រនេះតាមការគ្រោងទុកបើទោះបីជាមានការដាក់ចេញបម្រាមគម្លាតសង្គមពីអជ្ញាធរហាមដាច់ខាតមិនឱ្យមានការជួបជុំធ្វើបាតុកម្ម ដោយសារបារម្ភពីបញ្ហាកូវីដ-១៩ នៅក្នុងក្រុងវ៉ុនជូននេះក៏ដោយ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ទៅតាមការគ្រោងទុក ក្រុមបាតុករដឹកនាំដោយក្រុមសហជីពសហព័ន្ធពាណិជ្ជកម្មកូរ៉េ (KCTU) បានរៀបចំធ្វើបាតុកម្មរបស់ខ្លួននៅនឹងមុខទីតាំងអាគារសេវាធានារ៉ាប់រងជាតិកូរ៉េនៅនឹងក្រុងវ៉ុនជូនៅរសៀលថ្ងៃសុក្រនេះ ដោយមានអ្នកមកចូលរួមដល់ទៅជាង៤០០នាក់ បើទោះបើជារដ្ឋាភិបាលបានព្រមានជាបន្តបន្ទាប់ហាមមិនឱ្យរៀបចំ និងល្មើសទៅនឹងបម្រាមគម្លាតសង្គមដែលរដ្ឋបាលក្រុងវ៉ុនជូ ទើបនឹងចេញពីម្សិលមិញ ដែលនឹងចាប់អនុវត្តពីថ្ងៃទី២៣នេះទៅ ហាមឃាត់មិនឱ្យមានការជួបជុំបាតុកម្មលើសពីគ្នា១នាក់ឡើងទៅក៏ដោយ។

នៅថ្ងៃសុក្រនេះ សមត្ថកិច្ចក្រុងវ៉ុនជូនបានពង្រាយនៅតាមទីតាំងរៀបចំគ្រោងបាតុកម្ម ហើយមានដាក់ប៉ារ៉ាសបង្គោល និងយកឡានក្រុងធំៗមកចតបិទជុំវិញដើម្បីបិទកុំឱ្យក្រុមបាតុករចូលទៅធ្វើបានទៀតផង ហើយថែមទាំងមានរៀបចំកន្លែងឆែកឆេរនៅច្រកចូលទៅកាន់ទីតាំងនោះទៀតផង ដើម្បទប់ស្កាត់ក្រុមបាតុករដែលគ្រោងនឹងមកចូលរួមទៀតផង។ តែអ្វីដែលគួរឱ្យហួសចិត្ត គឺក្រុមបាតុករបាននាំគ្នាវាងផ្លូវផុតពីប៉ារ៉ាសដែលគេដាក់បិទ ហើយថែមទៀតខំប្រឹងដើរកាត់តាមសួន និងឡើងចំណោទខ្ពស់ និងផ្លោះរបងទៀតដើម្បីចូលទៅដល់ទីតាំងធ្វើបាតុកម្មបាន ដែលសុទ្ធសឹងជាសកម្មភាពល្មើសទៅនឹងបម្រាមគម្លាតសង្គមដែលអជ្ញាធរបានដាក់ចេញទាំងអស់។

នៅក្នុងការធ្វើបាតុកម្មនេះ មិនមានការរាយការណ៍ពីការប៉ះទង្គិចគ្នារវាងភាគីបាតុករ និងប៉ូលិសនោះទេ ហើយការរៀបចំតវ៉ាក៏បានបញ្ចប់ទៅក្រោយពីបានរៀបចំធ្វើរយៈពេលមួយម៉ោងពេញរួច តែយ៉ាងណាក៏មានករណីហៅឡានពេទ្យសង្គ្រោះបន្ទាន់មកពិនិត្យបាតុករម្នាក់ដែលបានរាយការណ៍ថាមិនស្រួលខ្លួន ឈឺក្បាលដោយសារតែអាកាសធាតុក្តៅខ្លាំងនៅថ្ងៃសុក្រនេះ។

បើតាមគ្រោងការណ៍របស់ក្រុមសហជីពនេះ គឺគ្រោងនឹងធ្វើបាតុកម្មរហូតដល់ ១២០០នាក់នៅថ្ងៃទី ២៣កក្កដា និងកើនដល់ ៣០០០នាក់ នៅថ្ងៃទី៣០កក្កដាខាងមុខនេះ ដោយការរៀបចំបាតុកម្មបើទោះបីជាក្នុងអំឡុងពេលដ៏ហានិភ័យនៃការចម្លងមេរោគកូវីដ គឺដើម្បីគោលបំណងទាមទារឱ្យស្ថាប័នសេវាធានារ៉ាប់រងជាតិកូរ៉េ ធ្វើការជ្រើសរើសបុគ្គលិកពីក្នុងចំណោមសមាជិកក្រុមសហជីពរបស់ខ្លួនដោយផ្ទាល់ ជាជាងជ្រើសរើសតាមភាគីទីបីដទៃទៀត។

ឆ្លើយតបទៅនឹងបាតុកម្មនេះ អជ្ញាធរសុខាភិបាលបានបញ្ជាក់ថាគ្រោងនឹងរៀបចំការរាយការណ៍បណ្តឹងប្រឆាំងនឹងក្រុមសហជីពសហព័ន្ធពាណិជ្ជកម្មកូរ៉េ (KCTU) នេះទៅកាន់ស្ថាប័នប៉ូលិសក្នុងបទចោទប្រកាន់ពីការបំពានបម្រាមគម្លាតសង្គម និងការហាមឃាត់ជួបជុំធ្វើបាតុកម្មផងដែរ។ សូមបញ្ជាក់ថា ក្រុមសហជីពនេះដែរកាលពីថ្ងៃទី​ ៣កក្កដា កន្លងទៅនេះ ក៏បានរៀបចំធ្វើបាតុកម្មធំមួយនៅក្រុងសេអ៊ូលមានអ្នកចូលរួមដល់ជាង ៨ពាន់នាក់ បើទោះបីជារដ្ឋាភិបាលកម្រិតកំពូលដល់ថ្នាក់នាយករដ្ឋមន្ត្រីចេញប្រកាសហាមឃាត់មិនឱ្យធ្វើក៏ដោយ។ ក្នុងបាតុកម្មនៅសេអ៊ូលនោះ ក្រោយមកគេរកឃើញករណីវិជ្ជមានកូវីដ ៣នាក់ ក្នុងចំណោមបាតុករ ដែលបង្កជាការបារម្ភអំពីការឆ្លងជាចង្កោមដល់សំណាក់ក្រុមបាតុករដទៃទៀតកាន់តែធំផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *