កូរ៉េខាងត្បូង៖ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងប្រកាសបន្ថែមប្រទេសចំនួន១០ ទៀតដែលមិនត្រូវផ្តល់ការលើកលែងធ្វើចត្តាឡីស័កសម្រាប់អ្នកធ្វើដំណើរចូលមកប្រទេសកូរ៉េខាងត្បូង បើទោះជាបានចាក់វ៉ាក់សាំងកូវីដ និងបំពេញតាមលក្ខខណ្ឌដែលអជ្ញាធរកូរ៉េខាងត្បូងបានកំណត់ហើយក៏ដោយ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
ប្រទេស៤បន្ថែមដែលអជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងដាក់ចូលក្នុងបញ្ជីក្រហមហាមឃាត់មិនផ្តល់ការលើកលែងធ្វើចត្តាឡីស័កឱ្យនេះ មានប្រទេសរុស្ស៊ី ប្រទេសអ៊ុយបែកគីស្ថាន ប្រទេសនេប៉ាល់ ប្រទេសលីបង់ ប្រទេសម៉ាឡេស៊ី ប្រទេសវៀតណាម ប្រទេសហៃទី ប្រទេសអង់ហ្គូឡា ប្រទេសគូវ៉ែត និងប្រទេសទ្រីនីដាត និងតូបាកូ។ ប្រទេស១០បន្ថែមទៀតនេះ នឹងត្រូវរាប់បញ្ចូលជាមួយប្រទេសចំនួន១៦ ដែលត្រូវបានអជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងកំណត់ហាមឃាត់មិនផ្តល់ការលើកលែកតាំងពីដំបូងមកនោះ ដែលគិតមកដល់ពេលនេះមាន ២៦ប្រទេសហើយ។ ប្រទេសទាំងនេះមិនត្រូវផ្តល់ការលើកលែងចត្តាឡីស័កដោយសារតែប្រទេសទាំងនោះមានករណីផ្ទុះឆ្លងកូវីដខ្លាំង។
វិធានការដែលអនុញ្ញាតឱ្យប្រជាជនបរទេសទាំងអស់ដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ និងបានបំពេញលក្ខខណ្ឌតម្រូវផ្សេងៗតាមការកំណត់របស់រដ្ឋាភិបាលកូរ៉េខាងត្បូង ដើម្បីអាចធ្វើដំណើរចូលមកប្រទេសកូរ៉េមិនបាច់ជាប់ចត្តាឡីស័ក១៤ថ្ងៃនេះ បានចាប់អនុវត្តតាំងពីដើមខែកក្កដានេះមក។ ក្នុងវិធានការនេះ មានលក្ខខណ្ឌ៤ធំៗដែលអ្នកធ្វើដំណើរពីបរទេសចូលមកកូរ៉េខាងត្បូងត្រូវអនុវត្ត ដើម្បីទទួលបានការលើកលែងចត្តាឡីស័ករួមមាន៖
លក្ខខណ្ឌទី១ គឺអ្នកដែលធ្វើដំណើរចូលមកកូរ៉េខាងត្បូង ដែលបានចាក់វ៉ាក់សាំងគឺ ត្រូវជាវ៉ាក់សាំងទាំងឡាយណាដែលបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) រួចរាល់។
លក្ខខណ្ឌទី២ គឺអ្នកដែលបានចាក់វ៉ាក់សាំងនេះទៀតសោត ត្រូវបានទទួលការចាក់វ៉ាក់សាំងរួចរាល់ទាំងស្រុង ហើយរយៈពេលគម្លាតពីពេលចាក់វ៉ាក់សាំងដូសចុងក្រោយ និងពេលចូលមកដល់ប្រទេសកូរ៉េត្រូវមានគម្លាត១៤ថ្ងៃ ឬ២សប្តាហ៍ពេញយ៉ាងតិច។
លក្ខខណ្ឌទី៣ ការលើកលែងនេះថ្វីត្បិតផ្តល់ឱ្យគ្រប់សញ្ជាតិទាំងអស់ដែលចូលមកកូរ៉េខាងត្បូង តែត្រូវកំណត់អាទិភាពសម្រាប់តែគោលបំណងធ្វើដំណើរមួយចំនួនសិនប៉ុណ្ណោះ ដូចជាការធ្វើធុរកិច្ច(រកស៊ី)សំខាន់ ការសិក្សា ឬកិច្ចការស្រាវជ្រាវ ការងារជាផលប្រយោជន៍សាធារណៈ និងកិច្ចការមនុស្សធម៌ ឬក៏ជាការធ្វើដំណើរមកលេងគ្រួសារផ្ទាល់នៅក្នុងប្រទេសកូរ៉េ។
លក្ខខណ្ឌទី៤ អ្នកដែលមកពីប្រទេសដែលមានការផ្ទុះករណីកូវីដខ្លាំង ឬមានករណីមេរោគបម្លែងខ្លួនច្រើននឹងមិនត្រូវអនុញ្ញាតឱ្យទទួលបានការលើកលែងធ្វើចត្តាឡីស័កនោះទេ។ ប្រទេសដែលហាមឃាត់មាន២៦ដូចជាប្រទេសអាហ្វ្រិកខាងត្បូង ប្រទេសម៉ាឡាវី ប្រទេសប្រេស៊ីល ប្រទេសបូស្វាណា ប្រទេសម៉ូហ្សាមប៊ិក ប្រទេសបង់ក្លាដេស ប្រទេសស៊ូរីណាម ប្រទេសអារ៉ាប់អេមីរ៉ាត់រួម ប្រទេសអេស្វាទីនី ប្រទេសហ្ស៊ីមបាវ៉េ ប្រទេសឈីលី ប្រទេសប៉ារ៉ាហ្គាយ ប្រទេសអ៊ុយរ៉ុយហ្គាយ ប្រទេសឥណ្ឌូនេស៊ី ប្រទេសហ្វីលីពីន ប្រទេសឥណ្ឌា ប្រទេសរុស្ស៊ី ប្រទេសអ៊ុយបែកគីស្ថាន ប្រទេសនេប៉ាល់ ប្រទេសលីបង់ ប្រទេសម៉ាឡេស៊ី ប្រទេសវៀតណាម ប្រទេសហៃទី ប្រទេសអង់ហ្គូឡា ប្រទេសគូវ៉ែត និងប្រទេសទ្រីនីដាត និងតូបាកូ។ បញ្ជីឈ្មោះប្រទេសដែលត្រូវហាមឃាត់ការលើកលែងនេះ នឹងត្រូវធ្វើបច្ចុប្បន្នភាពប្រចាំខែបន្តបន្ទាប់។
សូមបញ្ជាក់ថា អជ្ញាធរសុខាភិបាលក៏បានបង្ហាញក្តីបារម្ភផងដែរ ក្រោយពីអ្នកធ្វើដំណើរចូលមកកូរ៉េខាងត្បូង ដែលមួយចំនួនក្រោយទទួលបានលក្ខខណ្ឌរួចផុតធ្វើចត្តាឡីស័កនេះ បែរជាត្រូវរកឃើញថានៅតែវិជ្ជមានកូវីដផងដែរ។ គិតមកដល់ពេលនេះ កូរ៉េខាងត្បូងក៏បារម្ភពីវត្តមានឆ្លងកាន់តែច្រើននៃករណីកូវីដបម្លែងខ្លួនថ្មីប្រភេទដែលតា ដល់ទៅ ៧១៩ករណីហើយ ត្រឹមក្នុងរយៈប៉ុន្មានសប្តាហ៍នេះ ដែលកូវីដប្រភេទបម្លែងខ្លួនថ្មីនេះអាចឆ្លងបានលឿន និងខ្លាំងជាងកូវីដប្រភេទធម្មតាផងដែរ។