កូរ៉េខាងត្បូង៖ កូវីដ-១៩កំពុងតែឆ្លងរាតត្បាតក្នុងល្បឿនគួរឱ្យបារម្ភខ្លាំងមែនទែននៅតំបន់ក្រៅពីប្រជុំជនសេអ៊ូល តាមខេត្ត និងក្រុងធំៗនៅទូទាំងប្រទេសកូរ៉េខាងត្បូង ក្នុងនោះប៊ូសាន និងខេត្តហ្គាងវ៉ុនហាក់មានបញ្ហាប្រឈមខ្លាំងជាងគេហើយ បើទោះបីជាគម្លាតសង្គមត្រូវបានតម្លើងជាបន្តបន្ទាប់តាមតំបន់នានាដើម្បីឆ្លើយតបនឹងកូវីដ-១៩ ក៏ដោយ។
ចុះផ្សាយក្នុងសារព័ត៌មាន YTN ជាភាសាកូរ៉េបានឱ្យដឹងថា ក្រុងប៊ូសានកំពុងរកឃើញករណីឆ្លងកូវីដកើនឡើងជាគំហុកមែនទែន គឺបំបែកកំណត់ត្រាថ្មីឆ្លងច្រើនជាងគេបង្អស់ប្រចាំថ្ងៃនៅប៊ូសានហើយនៅព្រឹកថ្ងៃសុក្រនេះ ខណៈដែលខេត្តហ្គាងវ៉ុនឯណោះវិញ បានឈានចូលដល់ដំណាក់កាលចាប់ផ្តើមខ្វះគ្រែពេទ្យសម្រាប់ទទួលអ្នកជំងឺព្យាបាលបណ្តើរៗហើយ ដោយសារការកើនឡើងប៉ុន្មានថ្ងៃចុងក្រោយនេះ។
នៅថ្ងៃសុក្រនេះ ករណីឆ្លងថ្មីតំបន់ក្រៅពីប្រជុំជនសេអ៊ូលមិនសូវជាធ្ងន់ធ្ងរប៉ុន្មាននោះទេ ដោយមានត្រឹមតែ៥៦៥ករណីប៉ុណ្ណោះ ប៉ុន្តែចំណុចដែលក្តៅជាងគេគឺក្រុងប៊ូសាន និងខេត្តហ្គាងវ៉ុន។ សម្រាប់ក្រុងប៊ូសានគិតត្រឹមម៉ោង១២យប៉នៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញមានករណីឆ្លងដល់ទៅ ១១៥ករណីហើយ ដែលជាករណីច្រើនជាងគេបង្អស់ ហើយករណីឆ្លងប្រចាំថ្ងៃនៅប៊ូសានកើនលើស១០០ករណី រយៈពេលបីថ្ងៃជាប់គ្នាមកហើយដែរ។ ចាប់តាំងពីពាក់កណ្តាលខែមិថុនាមក នៅប៊ូសានមានករណីឆ្លងជាចង្កោមបន្តបន្ទាប់ចេញពីបណ្តាក្លឹបកម្សាន្ត និងកន្លែងផឹកស៊ី។ លើសពីនោះទៀត ចំនួនករណីកូវីដក្នុងចំណោមជនបរទេសក៏រកឃើញកើនឡើងច្រើនផងដែរ ជាពិសេសក្នុងពេលវិស្សមកាលនេះ។
អជ្ញាធរបញ្ជាក់ថាពិតជាការលំបាកក្នុងការតាមដានរកប្រភពចម្លង និងប្រភពពាក់ព័ន្ធបន្តៗគ្នា ដោយសារតែសកម្មភាពមនុស្សមានច្រើនពេក ចេញពីកន្លែងមួយទៅកន្លែងមួយគ្រប់ៗគ្នា។ ដូចនេះហើយ អាចនៅពេលដ៏ខ្លីខាងមុខនេះ ប៊ូសានអាចនឹងពិចារណាតម្លើងគម្លាតសង្គមដល់កម្រិត៤ ជាកម្រិតគម្លាតសង្គមខ្ពស់ជាងគេបង្អស់ ប្រហែលជាក្នុងសប្តាហ៍នេះហើយ។
ចំណែកឯនៅខេត្តហ្គាងវ៉ុនដូឯណោះវិញ ថ្ងៃនេះមានករណីឆ្លងកូវីដថ្មីដល់ទៅ៦១ករណីផងដែរ គឺខ្ពស់ជាងគេប្រចាំថ្ងៃផងដែររាប់តាំងពីថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២០មក។ ជាមួយនឹងការកើនឡើងករណីឆ្លងថ្មីៗច្រើនដូចនេះ ខេត្តហ្គាងវ៉ុនកំពុងប្រឈមបញ្ហាកង្វះខាតគ្រែពេទ្យសម្រាប់ព្យាបាលះអ្នកជំងឺកូវីដ ដោយគិតមកដល់ពេលនេះគ្រែពេទ្យប្រើអស់កំពុងព្យាបាលដល់ទៅ៨០% ទៅហើយ ខណៈដែលអជ្ញាធរសុខាភិបាលត្រូវញែករវាងគ្រែអ្នកជំងឺធម្មតា និងអ្នកជំងឺកូវីដទៀតផង។ ប្រសិនបើករណីឆ្លងកូវីដនៅតែបន្តកើនឡើងទៀត ទាល់តែអជ្ញាធរសុខាភិបាលត្រូវបញ្ជូនអ្នកជំងឺថ្មីទៅព្យាបាលនៅតំបន់ផ្សេងៗទៀតហើយទើបបាន ខណៈតំបន់ផ្សេងៗទៀតនោះក៏ប្រឈមនឹងការកើនឡើងអ្នកជំងឺច្រើនដូចៗគ្នាផងដែរ។
តំបន់នានាទៀតទូទាំងប្រទេសកូរ៉េខាងត្បូងក៏មានករណីឆ្លងច្រើនផងដែរ ដូចជាខេត្តឃ្យ៉ុងណាមមានដល់ទៅ៩៣ករណី នៅក្រុងដេជុនដល់ទៅ ៦៧ករណី និងនៅដេហ្គូដល់ទៅ ៥៧ករណីផងដែរ។ សម្រាប់ជាវិធានការបច្ចុប្បន្ននេះ អជ្ញាធរសុខាភិបាលកំពុងពិចារណាតម្លើងគម្លាតសង្គមទូទាំងប្រទេសទៅកាន់កម្រិត៣ទាំងអស់ផងដែរ។