កូរ៉េខាងត្បូង៖ រដ្ឋាភិបាល និងអជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងសម្រេចប្រកាសពន្យារពេលបន្តអនុវត្តគម្លាតសង្គមកម្រិតខ្ពស់បំផុតនៅតំបន់ប្រជុំជនសេអ៊ូលរយៈពេល២សប្តាហ៍បន្ថែមទៀតហើយ ខណៈដែលសញ្ញាណនៃរលកជំងឺកូវីដ-១៩ នៅកូរ៉េខាងត្បូងនៅតែបន្តផ្ទុះខ្លាំងមិនថមថយនៅឡើយនោះ នេះបើតាមការប្រកាសផ្លូវការនៅថ្ងៃសុក្រនេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
ក្រោមការប្រកាសថ្មីពន្យារពេលអនុវត្តបន្ថែមគម្លាតសង្គមកម្រិតខ្ពស់ជាងគេនេះ ក្រុងសេអ៊ូល ខេត្តឃ៉្យុងគីដូ និងក្រុងអ៊ីនឆន់ នឹងស្ថិតនៅបន្តក្រោមគម្លាតសង្គមកម្រិត៤ខ្ពស់ជាងគេ បន្តពីថ្ងៃទី២៥កក្កដា រហូតដល់ថ្ងៃទី៨សីហាខាងមុខបន្ថែមទៀត។ ការប្រកាសពន្យារនេះដោយសារតែគម្លាតសង្គមកម្រិត៤នេះ ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តពីថ្ងៃទី១២ កក្កដាកន្លងមកនោះ នឹងត្រូវផុតសុពលភាពអនុវត្តត្រឹមថ្ងៃអាទិត្យទី២៥ កក្កដា នេះឯង។
ការពន្យារពេលនេះមានន័យថាការជួបជុំគ្នាលក្ខណៈឯកជនលើសពី២នាក់ឡើងទៅ ត្រូវបានហាមឃាត់ចាប់ពីម៉ោង៦ល្ងាច ហើយការរៀបចំធ្វើបាតុកម្មនានាក៏នឹងត្រូវហាមឃាត់ផងដែរ ដោយមានតែមនុស្សម្នាក់ប៉ុណ្ណោះអាចអនុញ្ញាតឱ្យធ្វើបាតុកម្មបាន។ រីឯរោងពិធីការ និងពិធីបុណ្យសពវិញអាចចូលរួមបានតែពីសំណាក់សាច់ញាតិផ្ទាល់ប៉ុណ្ណោះ ហើយទីតាំងក្លឹបកម្សាន្ត កន្លែងផឹកស៊ីនានាត្រូវតម្រូវឱ្យផ្អាកអាជីវកម្មបណ្តោះអាសន្នសិន ចំណែកឯភោជនីយដ្ឋាន និងហាងកាហ្វេបើកទទួលភ្ញៀវបានត្រឹមម៉ោង ១០យប់ប៉ុណ្ណោះ ដោយចាប់ពីម៉ោង១០យប់ អាចទទួលបានតែការខ្ចប់ចេញប៉ុណ្ណោះ។
បើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកូរ៉េបានឱ្យដឹងថា ការចេញសេចក្តីសម្រេចពន្យារពេលអនុវត្តបន្តនេះ គឺឆ្លើយតបទៅនឹងការកើនឡើងករណីឆ្លងកូវីដជាបន្តបន្ទាប់មិនស្រាកស្រាន្តនៅនឹងតំបន់ប្រជុំជនសេអ៊ូល ដែលរៀងរាល់ថ្ងៃបច្ចុប្បន្ននេះមានដល់ទៅជាង៧០%នៃករណីឆ្លងសរុបឯណោះ។ ក្នុងនោះដែរក្រៅពីប្រជុំជនសេអ៊ូល តំបន់នានាទូទាំងប្រទេសកូរេ៉ខាងត្បូងក៏កំពុងតែរងគ្រោះខ្លាំងពីការផ្ទុះឆ្លងកូវីដបន្តបន្ទាប់ផងដែរ។ ជាក់ស្តែងរដ្ឋាភិបាលបានដាក់ចេញវិធានការហាមជាប់ជុំគ្នាឯកជនលើសពី៤នាក់ឡើងទៅ អនុវត្តទូទាំងប្រទេសកូរ៉េខាងត្បូងផងដែរ ខណៈដែលតំបន់នានា រួមមានខេត្ត និងក្រុងធំៗមួយចំនួនបានតម្លើងគម្លាតសង្គមរបស់ខ្លួនទៅកាន់កម្រិត៣ និងកម្រិត៤ ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ឆ្លងក្នុងមូលដ្ឋានរៀងៗខ្លួនផងដែរ។
សូមបញ្ជាក់ថានៅថ្ងៃសុក្រនេះ ករណីឆ្លងកូវីដថ្មីមានចំនួន ១៦៣០ករណី ដែលនាំឱ្យករណីឆ្លងសរុបក្នុងប្រទេសកូរ៉េខាងត្បូងកើនដល់ ១៨៥,៧៣៣ករណីហើយបច្ចុប្បន្ននេះ ខណៈដែលតួលេខឆ្លងកាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ បានបំបែកកំណត់ត្រាឆ្លងច្រើនជាងគេរហូតដល់ទៅ១៨៤៦ករណីឯណោះ។