កូរ៉េខាងត្បូង៖ អជ្ញាធរក្រុងវ៉ុនជូ នៅខេត្តហ្គាងវ៉ុនដូនៅថ្ងៃព្រហស្បត្តិ៍នេះបានប្រកាសតម្លើងវិធានការគម្លាតសង្គមទូទៅបន្ថែមមួយកម្រិតទៀតហើយដល់កម្រិត៣ ខណៈវិធានការគម្លាតសង្គមសម្រាប់ការជួបជុំបាតុកម្មត្រូវតម្លើងពិសេសដល់កម្រិត៤តែម្តង នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន dongA.com ជាភាសាកូរ៉េ។
វិធានការតម្លើងគម្លាតសង្គមនេះដោយសារតែស្ថានការណ៍កូវីដនៅក្នុងមូលដ្ឋាននៃក្រុងវ៉ុនជូន ហាក់មានការកើនឡើងខ្លាំងគួរឱ្យបារម្ភ ខណៈដែលរលកទី៤នៃជំងឺកូវីដក្នុងប្រទេសកូរ៉េខាងត្បូងកំពុងតែផ្ទុះខ្លាំងឡើងៗជារៀងរាល់ថ្ងៃនេះ។ វិធានាការតម្លើងគម្លាតសង្គមដល់កម្រិត៣ រួមជាមួយនឹងវិធានការពិសេសមួយទៀតគឺតម្លើងគម្លាតសង្គមដល់កម្រិត៤ សម្រាប់ការជួបជុំបាតុកម្មនេះ គឺនឹងចាប់ផ្តើមអនុវត្តពីថ្ងៃសុក្រស្អែកនេះទៅ រយៈពេល១០ថ្ងៃ រហូតដល់ថ្ងៃទី១ ខែសីហាខាងមុខឯណោះ។
សម្រាប់វិធានការពិសេសលើការជួបជុំបាតុកម្មនេះ គឺជាការដាក់ចេញឆ្លើយតបទៅនឹងគម្រោងប្រមូលផ្តុំធ្វើបាតុកម្មដោយក្រុមសហជីពតំណាងមធ្យោបាយធ្វើដំណើរសាធារណៈកូរ៉េ (KCTU) ដែលគ្រោងនៅថ្ងៃទី២៣ កក្កដាខាងមុខនេះ នៅនឹងមុខស្ថាប័នធានារ៉ាប់រងជាតិវ៉ុនជូ នៅក្នុងក្រុងវ៉ុនជូនេះតែម្តង។ បើតាមការបញ្ជាក់របស់អភិបាលក្រុងវ៉ុនជូ លោក វ៉ុន ចាងម៉ុក (Won Chang-mook) បានឱ្យដឹងថាករណីកូវីដនៅក្នុងមូលដ្ឋានក្រុងវ៉ុនជូកំពុងកើនឡើងយ៉ាងរហ័ស ហើយការតម្លើងវិធានការគម្លាតសង្គមនេះជាការចាំបាច់ ហើយថាតើវិធានការនេះនឹងត្រូវលុបចោល ឬកែសម្រួលបែបណាទៀតក្រោយពីថ្ងៃទី១ សីហានោះ នឹងត្រូវអាស្រ័យទៅនឹងស្ថានការណ៍ជាក់ស្តែង។ លោកអភិបាលក្រុងបញ្ជាក់ផងដែរថា មូលហេតុដែលយើងដាក់គម្លាតសង្គមហាមមិនឱ្យមានការជួបជុំនេះ ក៏ដោយសារពេលនេះយើងត្រូវផ្តល់អាទិភាពដល់សុវត្ថិភាព និងសុខុមាលភាពប្រជាជន ជាជាងការផ្តោតលើសេរីភាពនៃការជួបជុំនៅពេលដូចនេះ។
នៅវ៉ុនជូ ចំនួនករណីឆ្លងកូវីដក្នុងក្រុងប៉ុន្មានថ្ងៃនេះ ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១កក្កដា មានដល់ទៅ៤៩ករណី ហើយអ្វីដែលកាន់តែបារម្ភខ្លាំងគឺគ្រោងការណ៍រៀបបាតុកម្មដោយក្រុមសហជីព KCTU នេះដែលគ្រោងសមាជិកមកធ្វើបាតុកម្មរហូតដល់ ១២០០នាក់នៅថ្ងៃទី ២៣កក្កដា និងកើនដល់ ៣០០០នាក់ នៅថ្ងៃទី៣០កក្កដាខាងមុខនេះ។ ហេតុនេះហើយ ទើបអជ្ញាធរក្រុងវ៉ុនជូ សម្រេចតម្លើងគម្លាតសង្គមពិសេសសម្រាប់ការធ្វើបាតុកម្មដល់កម្រិត៤ ខណៈគម្លាតសង្គមទូទៅត្រឹមតែកម្រិត៣ប៉ុណ្ណោះ។
ក្រោយវិធានការគម្លាតសង្គមកម្រិត ៤ ការធ្វើបាតុកម្មអាចរៀបចំទៅបានដោយមានមនុស្សជួបជុំតែម្នាក់ប៉ុណ្ណោះ រីឯគម្លាតសង្គមកម្រិត៣វិញ ការជួបជុំបាតុកម្មអាចធ្វើបានដល់គ្នា៥០នាក់ឯណោះ។ រីឯគម្លាតសង្គមទូទៅកម្រិត៣វិញ ហាងទូទៅ ភោជនីយដ្ឋាន ហាងកាហ្វេអាចបើកដំណើរការផ្ទាល់បានដល់ម៉ោង ១០យប់ ដោយក្រោយពីម៉ោង១០យប់ មានការខ្ចប់ចេញប៉ុណ្ណោះ៕