ចែករំលែក! រដ្ឋាភិបាលកូរ៉េចេញវិធានការថ្មី តម្រូវឱ្យពលករបរទេសតាមរដូវ ចូលមកធ្វើការនៅកូរ៉េខាងត្បូងបាន ទាល់តែបានតេស្តកូវីដ ៤ ដងសិន គឺតេស្តនៅពេល ..

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងចាប់ផ្តើមពង្រឹងឡើងវិញលើនីតិវិធីត្រួតពិនិត្យសុវត្ថិភាពកូវីដ សម្រាប់ពលករបរទេសតាមរដូវកាលដែលត្រូវធ្វើដំណើរពីបរទេសចូលមកក្នុងប្រទេសកូរ៉េខាងត្បូង ខណៈដែលកូរ៉េខាងត្បូងកំពុងមានបញ្ហាឈឺក្បាលខ្លាំងការកើនឡើងខ្លាំងករណីកូវីដ និងជាពិសេសគឺការកើនឡើងនៃករណីកូវីដបម្លែងខ្លួនប្រភេទថ្មីផងដែរ។

ចុះផ្សាយក្នុងសារព័ត៌មាន KBS News ទីស្នាក់ការកណ្តាលគ្រប់គ្រងគ្រោះមហន្តរាយ និងសុវត្ថិភាពកូរ៉េ (Central Disaster and Safety Countermeasures Headquarters) បានប្រកាសនៅថ្ងៃពុធនេះថារាល់ពលករបរទេសដែលនឹងត្រូវអនុញ្ញាតឱ្យចូលមកធ្វើការនៅកូរ៉េខាងត្បូង អាចទៅបំពេញការងារនៅតាមទីតាំងការងារបានលុះត្រាតែមានកំណត់ត្រាធ្វើតេស្តកូវីដអវិជ្ជមានដល់ទៅ៤ដងជាមុនសិន។

បើតាមការដាក់ចេញវិធានការតម្រូវថ្មីនេះ មានន័យថាពលករបរទេសតាមរដូវដែលត្រូវចូលមកប្រទេសកូរ៉េខាងត្បូងឥឡូវនេះ ត្រូវតម្រូវឱ្យធ្វើតេស្តកូវីដតាមវិធីសាស្រ្ត PCR ឬការធ្វើតេស្តលើម៉ាស៊ីនធំ (មិនមែនជាតេស្តរហ័សដោយខ្លួន​ឯងនោះទេ) ហើយបន្ទាប់មកត្រូវធ្វើចត្តាឡីស័កខ្លួនឯងរយៈពេល១៤ថ្ងៃសិន មុននឹងធ្វើតេស្តកូវីដជាលើកទី២ គឺក្នុងរយៈពេល៧២ម៉ោងមុនចេញដំណើរពីប្រទេសរបស់ខ្លួន មកកាន់ប្រទេសកូរ៉េខាងត្បូង។ នៅពេលដែលពលករធ្វើដំណើរមកដល់ប្រទេសកូរ៉េខាងត្បូង ពួកគេត្រូវធ្វើតេស្តកូវីដជាលើកទី៣ ហើយត្រូវធ្វើចត្តាឡីស័ករយៈពេល២សប្តាហ៍ ១៤ថ្ងៃបន្ថែមទៀត មុននឹងត្រូវធ្វើតេស្តកូវីដចុងក្រោយជាលើកទី៤ ហើយប្រសិនបើលទ្ធផលតេស្តកូវីដនៅតែអវិជ្ជមាន ទើបត្រូវបានអនុញ្ញាតឱ្យចាប់ផ្តើមបំពេញការងារបាន។

ក្នុងអំឡុងពេលនៃការធ្វើតេស្តទាំងអស់នេះ ប្រសិនបើពលករប​រទេសរកឃើញថាធ្វើតេស្តមានលទ្ធផលវិជ្ជមាន និងបានប្រព្រឹត្តបំពានទៅនឹងវិធានការចត្តាឡីស័កដែលអជ្ញាធរបានកំណត់ខាងលើ គឺពលករទាំងនោះអាចនឹងត្រូវធ្លាក់ពិន្ទុ ឬត្រូវចំណាំទុកដោយអជ្ញាធរកូរ៉េ ហើយអាចនឹងពិបាកក្នុងការស្នើសុំមកធ្វើពលករនៅក្នុងប្រទេសកូរ៉េខាងត្បូងលើកក្រោយៗទៀតផងដែរ។ សូមបញ្ជាក់ផងដែរថា ចាប់តាំងពីថ្ងៃទី៩កក្កដាមក រដ្ឋាភិបាលកូរ៉េខាងត្បូងបានដាក់ចេញបម្រាមហាមឃាត់ការធ្វើដំណើរចូលមកប្រទេសកូរ៉េខាងត្បូង ពីសំណាក់ពលករនៃប្រទេសមួយចំនួនដែលមានការផ្ទុះកូវីដខ្លាំង។

បច្ចុប្បន្ននេះកូរ៉េខាងត្បូងខ្លួនឯងកំពុងរងគ្រោះខ្លាំងផងដែរនៃរលកទី៤​នៃការផ្ទុះឆ្លងកូវីដ ដែលក្នុងនោះរយៈពេលជាង២សប្តាហ៍ពេញចុងក្រោយនេះ ករណីឆ្លងកូវីដនៅកូរ៉េខាងត្បូងមានចំនួនលើសពាន់ករណីរៀងរាល់ថ្ងៃ ហើយនៅថ្ងៃពុធនេះចំនួនករណីឆ្លងកូវីដបានបំបែកកំណត់ត្រាឆ្លងជាងគេច្រើនក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះផងដែរ ដល់ទៅ១៧៨៤ករណី។ បើតាមការព្យាករណ៍របស់អជ្ញាធរសុខាភិបាល ទំនោរនៃការឆ្លងកូវីដសព្វថ្ងៃនេះ អាចនឹងនាំឱ្យតួលេខឆ្លងប្រចាំថ្ងៃកើនដល់ទៅលើស ២៣០០ករណីឯណោះ ត្រឹមចុងខែសីហាខាងមុខ មុននឹងចាប់ផ្តើមថមថយករណីឆ្លងមកវិញ។

Leave a Reply

Your email address will not be published. Required fields are marked *