ចាក់វ៉ាក់សាំងរួច ក៏នៅត្រូវប្រយ័ត្នដែរ! កូរ៉េខាងត្បូងមានករណីវិជ្ជមានកូវីដ ក្រោយចាក់វ៉ាក់សាំងរួចលើស៦០០នាក់ហើយ លើសពាក់កណ្តាលជាវ៉ាក់សាំងកូវីដប្រភេទនេះ ..

កូរ៉េខាងត្បូង៖ ករណីអ្នកឆ្លងវិជ្ជមានកូវីដ-១៩ បើទោះក្រោយចាក់វ៉ាក់សាំងកូវីដរួចរាល់នៅក្នុងប្រទេសកូរ៉េខាងត្បូង បានរកឃើញកើនដល់ទៅលើស​៦០០ករណីហើយ គិតត្រឹមរសៀលថ្ងៃពុធនេះ បើតាមការជូនព័ត៌មានពីអជ្ញាធរសុខាភិបាលកូរ៉េ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

បើតាមទិន្នន័យផ្តល់ឱ្យដោយមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ទាំងស្រុងសម្រាប់ទាំងវ៉ាក់សាំងចាក់ពីរដូស និងវ៉ាក់សាំង១ដូស ចំនួន៥.៤លាននាក់ ក្នុងនោះគេរកឃើញមាន ៦៤៧ករណីហើយដែលនៅតែមានវិជ្ជ​មានកូវីដ-១៩ ក្រោយពីបានចាក់វ៉ាក់សាំងរួចរាល់នោះ។

ក្នុងចំណោមអ្នកដែលចាក់វ៉ាក់សាំងរួច រកឃើញវិជ្ជមានទាំងអស់នេះ មានដល់ទៅជាង ៣៦៤ករណីជាអ្នកដែលបានចាក់វ៉ាក់សាំងកូវីដអាមេ៉រិក Johnson & Johnson’s Janssen ជាវ៉ាក់សាំងតម្រូវឱ្យចាក់តែមួយដូស រីឯ១៤៥ករណីទៀតជាករណីវិជ្ជមានចាក់វ៉ាក់សាំងកូវីដរបស់ Pfizer ខណៈ ១៣៨ករណីទៀតជាអ្នកវិជ្ជមានដែលបានចាក់វ៉ាក់សាំងកូវីដរបស់ AstraZeneca។ អជ្ញាធរក្រើនបញ្ជាក់ថាស្របពេលដែលកម្មវិធីចាក់វ៉ាក់សាំងនៅកូរ៉េខាងត្បូងកំពុងបង្កើនល្បឿនបន្ថែមនោះ គេរំពឹងថាជាធម្មតាទេចំនួនអ្នកចាក់វ៉ាក់សាំងរួចដែលឆ្លងកូវីដនោះ នឹងអាចរកឃើញបន្តកើនឡើងថែមទៀតនៅពេលខាងមុខជាបន្តបន្ទាប់។

ជា​មួយនឹងតួលេខនេះ មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង ដែលជាអជ្ញាធរជាតិក្នុងកិច្ចការប្រឆាំងជំងឺកូវីដ-១៩នេះ ក៏ដូចជាកម្មវិធីចាក់វ៉ាក់សាំងផងនោះ បានពន្យល់ប្រាប់ ការចាក់វ៉ាក់សាំងកូវីដអាចផ្តល់ការការពារពីជំងឺកូវីដពិតមែន តែមិនអាចការពារទាំងស្រុងនោះទេ ហើយដូចនេះអ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួចក៏នៅតែត្រូវការពារឱ្យបានខ្ជាប់ខ្ជួនដដែល។ តែប្រសិទ្ធភាពនៃវ៉ាក់សាំងកូវីដផងដែរនោះ គឺបើទោះជាហានិភ័យឆ្លងកូវីដនៅតែមានក្នុងកម្រិតតិចតួចស្តួចស្តើងពិតមែន តែអាការៈនៃជំងឺកូវីដទៅលើអ្នកចាក់វ៉ាក់សាំងរួចរាល់មានសភាពស្រាល នឹងករណីខ្លះសឹងតែគ្មានរោគសញ្ញាតែម្តង។

សូមបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូងបានបញ្ជាទិញវ៉ាក់សាំងកូវីដចំនួន៥ប្រភេទសម្រាប់ត្រៀមចាក់ជូនប្រជាជនរបស់ខ្លួនមានវ៉ាក់សាំង AstraZeneca របស់អង់គ្លេសនិងស៊ុយអែត វ៉ាក់សាំង Pfizer របស់អាម៉េរិក និងវ៉ាក់សាំង Johnson & Johnson’s Janssen របស់អាម៉េរិក ដែលវ៉ាក់សាំង៣នេះបច្ចុប្បន្នកំពុងត្រូវបានចាក់ទូលំទូលាយទៅហើយ ខណៈវ៉ាក់សាំង Moderna របស់អាម៉េរិកត្រូវបានចាក់ជូនប្រជាជនខ្លួនកន្លងមកទើបបាន ០.៣% ប៉ុណ្ណោះនៃការចាក់វ៉ាក់សាំងសរុប រីឯវ៉ាក់សាំងអាម៉េរិក Novavax មិនទាន់បានដឹកមកដល់កូរ៉េខាងត្បូងនោះទេ។

គិតមកដល់ពេលនេះ កូរ៉េខាងត្បូងចាក់វ៉ាក់សាំងជូនប្រជាជនខ្លួនបានចំនួន១៦.៣លាននាក់ហើយ ឬប្រមាណ៣២% នៃប្រជាជនក្នុងប្រទេសទាំងមូល ដែលក្នុងនោះអ្នកដែលបានចាក់រួចរាល់ទាំងស្រុងមាន៦.៦៨លាននាក់។

 

Leave a Reply

Your email address will not be published. Required fields are marked *