ឆ្លងកូវីដច្រើនណាស់! ថ្ងៃនេះកូរ៉េខាងត្បូងផ្ទុះឆ្លងកូវីដ បំបែកកំណត់ត្រាថ្មីទៀតហើយដល់ទៅ … ខណៈអជ្ញាធរបារម្ភខ្លាំងវត្តមានកូវីដបម្លែងខ្លួនថ្មីកាន់តែច្រើន

កូរ៉េខាងត្បូង៖ នៅព្រឹកថ្ងៃពុធនេះ កូរ៉េខាងត្បូងប្រកាសរកឃើញករណីឆ្លងកូវីដវិជ្ជមានថ្មីកើនគំហុកឡើងទៀតហើយ បំបែកកំណត់ត្រាករណីឆ្លងកូវីដច្រើនជាងគេ ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ខណៈដែលវិធានការគម្លាតសង្គមត្រូវបានរឹតបន្តឹងជាបន្តបន្ទាប់សម្រាប់ទីប្រជុំជនធំៗ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

បើតាមតួលេខប្រកាសដោយមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង ករណីឆ្លងកូវីដថ្មីរកឃើញក្នុងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអង្គាររម្សិលមិញ ដែលគេប្រកាសនៅថ្ងៃពុធនេះមានដល់ ១៧៨៤ករណីឯណោះ ជាតួលេខច្រើនជាងគេបង្អស់ហើយក្នុងរយៈពេលជាង២ឆ្នាំមកនេះ រាប់ចាប់តាំងពីថ្ងៃទី២០ មករា ២០២០កន្លងមកពេលដែលកូរ៉េខាងត្បូងចាប់ផ្តើមរកឃើញករណីវិជ្ជមានកូវីដដំបូងគេបង្អស់នោះ ហើយក៏ជារយៈពេលជាង២សប្តាហ៍ជាប់ៗគ្នាមកហើយ ដែលតួលេខករណីឆ្លងកូវីដ បន្តកើនឡើងខ្ពស់ចន្លោះលើសមួយពាន់ករណីរហូតមក។

ក្នុងចំណោមករណីឆ្លងទាំង១៧៨៤ករណីនោះ មាន១៧២៦ករណីជាករណីឆ្លងក្នុងស្រុក និង៤៧ករណីជាករណីឆ្លងមកពីខាងក្រៅ។ តួលេខនៃអ្នកបាត់បង់ជីវិតយ៉ាងណាមិញ ស្ថិតក្នុងសភាពនឹងនរ ដោយថ្ងៃនេះនៅមានតែអ្នកបាត់បង់ជីវិតថ្មីពីកូវីដតែ១នាក់ប៉ុណ្ណោះ ដែលចំនួនតួលេខសរុបកើនដល់ ២០៦០នាក់ហើយ។ រីឯតួលេខអ្នកដែលឆ្លងមកពីខាងក្រៅប្រទេសតាមការធ្វើដំណើរមានដល់ ៥៨ករណី ក្នុងនោះមាន១១ករណីពីប្រទេសអ៊ុយបែកគីស្ថាន និង១០ករណីពីប្រទេសឥណ្ឌូនេស៊ី។

ទីក្រុងសេអ៊ូល និងតំបន់ប្រជុំជនជុំវិញមានខេត្តឃ្យ៉ុងគីជាដើម នៅតែជាចំណុចក្តៅនៃការចម្លងមេរោគកូវីដ-១៩ ហើយកាន់តែបារម្ភគឺការកើនឡើងច្រើននៃករណីឆ្លងដោយសារមេរោគកូវីដបម្លែងខ្លួនថ្មីដែលតា។ ទីក្រុងសេអ៊ូលមានករណីឆ្លងថ្មីចំនួន ៥៩៩ករណី ខណៈខេត្តឃ្យ៉ុងគីដូ មានករណីឆ្លងថ្មី៤៥០ករណី​ រីឯក្រុងអ៊ីនឆន់វិញមានករណីឆ្លងថ្មី ១២៦ករណីផងដែរ។ ហើយភាគច្រើននៃការឆ្លងត្រូវបានគេរកឃើញថាជាការឆ្លងតគ្នាជាចង្កោម នៅតាមក្រុមហ៊ុន ផ្សារទំនើប និងសាលារៀនជាដើម។

ឆ្លើយតបទៅនឹងការកើនឡើងករណីឆ្លងក្នុងរលកទី៤នៃជំងឺកូវីដនេះ តំបន់ដែលកំពុងផ្ទុះឆ្លងកូវីដខ្លាំងដូចជាប្រជុំជនសេអ៊ូល និងក្រុងកាំងនឹងនៃខេត្តឆាងវ៉ុនកំពុងស្ថិតនៅក្រោមវិធានការគម្លាតសង្គមកម្រិត៤ ចំណែកតំបន់ដទៃទៀតជាច្រើនចាប់ផ្តើមគម្លាតសង្គមដល់កម្រិត៣ផងដែរដូចជាក្រុងប៊ូសាន កោះជេជូជាដើម។ ក្រោមវិធានការគម្លាតសង្គ​មកម្រិត៤​ ការជួបជុំគ្នាឯកជនលើសពីគ្នា២នាក់ឡើងទៅត្រូវបានហាមឃាត់ចាប់ពីម៉ោង៦ល្ងាច ហើយនៅមុនម៉ោង៦ល្ងាចការជួបជុំឯកជនកំណត់បានត្រឹមគ្នា៤នាក់ ដែលជាវិធានការអនុវត្តទូទាំងប្រទេសកូរ៉េខាងត្បូងតែម្តង បើទោះតំបន់ខ្លះនៅអនុវត្តគម្លាតសង្គមត្រឹមកម្រិត២ក៏ដោយ។ រដ្ឋាភិបាលកូរ៉េខាងត្បូងក៏បានសម្រេចឱ្យរដ្ឋបាលមូលដ្ឋាននានាអាចសម្រេចកែប្រែវិធានការគម្លាតសង្គមរៀងៗខ្លួន ឆ្លើយតបទៅនឹងស្ថានការណ៍ដោយឡែកៗរបស់ខ្លួនផងដែរ។

ប្រធានមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង ដែលជាអជ្ញាធរឈានមុខគេនៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងការឆ្លើយតប និងទប់ស្កាត់ការឆ្លងរាលដាលកូវីដ លោកស្រី ជុង អ៊ុនឃ្យ៉ុង (Jeong Eun-kyeong) បានបញ្ជាក់ថាបើតាមស្ថានការណ៍កូវីដដែលកំពុងកើតមានសព្វថ្ងៃ និងតាមការគណនាតាមម៉ូដែលគណិតវិទ្យា តួលេខឆ្លងថ្មីប្រចាំថ្ងៃនឹងកើនដល់ជាងលើស ២៣០០ ករណីឯណោះ មុននឹងតួលេខឆ្លងនេះអាចធ្លាក់ចុះមកវិញបាន។

 

Leave a Reply

Your email address will not be published.