ត្រៀមកំណត់ត្រាថ្មីទៀតហើយ! ត្រឹម៦ល្ងាចថ្ងៃអង្គារនេះ កូវីដថ្មីនៅកូរ៉េខាងត្បូងកើនដល់ ១៤៤២ករណីហើយ អជ្ញាធររំពឹងថាតួលេខថ្ងៃនេះ នឹងលោតដល់ហួស …

កូរ៉េខាងត្បូង៖ គិតត្រឹមម៉ោង៦ល្ងាចថ្ងៃអង្គារនេះ អជ្ញាធរកូរ៉េខាងត្បូងប្រកាសហើយថា តួលេខឆ្លងកូវីដថ្ងៃនេះដែលនឹងត្រូវប្រកាសផ្លូវការថ្ងៃស្អែកនោះ អាចនឹងផ្ទុះដល់បំបែកកំណត់ត្រាថ្មីច្រើនជាងគេជាថ្មីទៀតហើយ ជាសញ្ញាណកាន់តែគួរឱ្យបារម្ភខណៈរយៈពេលជាង២សប្តាហ៍ពេញហើយករណីឆ្លងកូវីដនៅកូរ៉េខាងត្បូងលើសពាន់ករណីរហូតនោះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថាត្រឹមម៉ោង៦ល្ងាចថ្ងៃអង្គារនេះ កូរ៉េខាងត្បូងរកឃើញករណីវិជ្ជមានកូវីដថ្មីដល់ទៅ ១៤៤២ករណីទៀតហើយ ជាតួលេខកំណត់ត្រាច្រើនបំផុតប្រចាំថ្ងៃគិតត្រឹមម៉ោង៦ល្ងាច។ តួលេខនេះគិតត្រឹមម៉ោង៦ល្ងាចដូចគ្នា គឺខ្ពស់ជាងថ្ងៃចន្ទម្សិលមិញដល់ទៅជិត៥០០ករណីឯណោះ ដោយថ្ងៃចន្ទម្សិលមិញត្រឹមម៉ោង៦ល្ងាចដូចគ្នាមានត្រឹមតែ ៩៨៧ករណីប៉ុណ្ណោះ នេះបើតាមតួលេខចេញផ្សាយដោយមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង។

បើតាមការប៉ាន់ស្មានឥឡូវនេះរបស់អជ្ញាធរសុខាភិបាល គិតត្រឹមម៉ោង១២យប់ថ្ងៃអង្គារនេះ តួលេខឆ្លងកូវីដថ្មីអាចនឹងផ្ទុះខ្លាំងឡើងដល់ផុត ១៧០០ករណីឯណោះ ដែលនឹងបំបែកកំណត់ត្រាប្រចាំថ្ងៃច្រើនជាងគេបង្អស់ជាថ្មីទៀតហើយ។ ក្នុងចំណោម​១៤៤២ករណីរកឃើញត្រឹមម៉ោង ៦ល្ងាចនេះ នៅតំបន់សេអ៊ូល ឃ្យ៉ុងគីដូ និងអ៊ីនឆន់មានដល់ទៅ ១០១៥ករណីទៅហើយ គឺប្រមាណ៧០.៤% ចំណែកឯទីតាំងផ្សេងៗទូទាំងប្រទេសមានដល់ ៤២៧ករណីទៅហើយ ដែលនេះក៏ជាលើកទី១ផងដែរ គិតត្រឹមម៉ោង៦ល្ងាច តំបន់ផ្សេងៗក្រៅពីប្រជុំជនសេអ៊ូលមានករណីកូវីដឆ្លងលើសពី៤០០ករណី ជាកំណត់ត្រាថ្មីដូចគ្នា។

អ្វីដែលអជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបារម្ភខ្លាំងឥឡូវនេះគឺការឆ្លងរាតត្បាតខ្លាំងមេរោគកូវីដប្រភេទបម្លែងខ្លួនដែលតា ដែលមានសមត្ថភាពចម្លងបានលឿន និងរហ័សជាងមេរោគកូវីដធម្មតា ហើយគិតមកដល់ពេលនេះគេរកឃើញមានករណីកូវីដចម្លងដោយមេរោគកូវីដ​បម្លែងខ្លួនថ្មី ដែលតា ដែលមានប្រភពចេញពីប្រទេសឥណ្ឌានេះកាន់តែច្រើនទៅហើយក្នុងប្រទេសកូរ៉េខាងត្បូង។ បើតាមការព្យាការណ៍ និងព្រមានកន្លងមករបស់អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានឱ្យដឹងថា បើគិតតាមទំនោរនៃការឆ្លងសព្វថ្ងៃនេះ គិតត្រឹមពាក់កណ្តាលខែសីហាខាងមុខ តួលេខឆ្លងអាចនឹងកើនដល់លើសពី២០០០ករណីទៅទៀត មុននឹងអាចចាប់ផ្តើមស្រកធ្លាក់មកវិញត្រឹមចុងខែសីហាខាងមុខ។

គិតត្រឹមថ្ងៃអង្គារនេះ ប្រជុំជនសេអ៊ូល និងតំបន់មួយចំនួនដូចជាក្រុងកាំងនឹង បានតម្លើង និងកំពុងអនុវត្តវិធានការគម្លាតសង្គមខ្ពស់ជាងគេហើយ កម្រិត៤ ខណៈតំបន់ផ្សេងៗទៀតទូទាំងប្រទេសបានចាប់ផ្តើមតម្លើងគម្លាតសង្គមកកម្រិត៣កាន់តែច្រើនផងដែរ ដូចជាប៊ូសាន កោះជេជូ និងក្រុងតូចៗជាច្រើនទៀតផងដែរ។ សូមបញ្ជាក់ថា នៅថ្ងៃចន្ទម្សិលមិញករណីឆ្លងកូវីដប្រចាំថ្ងៃមានត្រឹម ១២៧៨ករណី ដែលក្នុងនោះមាន១២៤២ករណីជាករណីកូវីដឆ្លងក្នុងស្រុក។ គិត​មកដល់ត្រឹមបិទបញ្ចប់ថ្ងៃចន្ទម្សិលមិញ ករណីឆ្លងកូវីដទូទាំងប្រទេសកូរ៉េខាងត្បូងមាន ១៨០,៤៨១ករណី។

Leave a Reply

Your email address will not be published. Required fields are marked *