រលកកម្តៅសប្តាហ៍នេះ អជ្ញាធរទូទាំងប្រទេសកូរ៉េ ព្យាយាមរៀបដាក់ឆ័ត្រ បាញ់ទឹក ចែកទឹកតាមទីសាធារណៈ តែបារម្ភខ្លាំងក្រុមមនុស្សប៉ុន្មាន​ប្រភេទនេះ ហានិភ័យខ្ពស់ជាងគេ ..

កូរ៉េខាងត្បូង៖ ស្តង់ឆ័ត្រធំៗ ឡានបាញ់ទឹក និងទូម៉ាស៊ីនទឹកត្រជាក់ត្រូវបានអជ្ញាធរមូលដ្ឋាននានាទូទាំងប្រទេសកូរ៉េខាងត្បូង រៀបចំផ្តល់ជូន និងពង្រាយតាមទីតាំងសាធារណៈនានាដែលមានមនុស្សច្រើន ដើម្បីជួយឆ្លើយតបទៅនឹងបញ្ហារលកកម្តៅក្តៅខ្លាំងក្នុងសប្តាហ៍នេះ ខណៈដែលអជ្ញាធរឧតុនិយមចេញការជូនដំណឹងព្រមាន និងការជូនដំណឹងកម្រិតស្រាលសឹងគ្រប់តំបន់ទាំងអស់ទូទាំងប្រទេសពីបញ្ហារលកកម្តៅសប្តាហ៍នេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថាអជ្ញាធរមូលដ្ឋាននានាបានរៀបចំវិធានការខុសប្លែកពីគ្នាទៅតាមតំបន់ និងភូមិសាស្រ្តមូលដ្ឋានខ្លួន សម្រាប់សម្រួលដល់ប្រជាជនទប់នឹងរលកកម្តៅក្តៅខ្លាំងក្នុងសប្តាហ៍នេះ។ បើតាមការព្រមាន និងជូនដំណឹងពីរដ្ឋបាលឧតុនិយមកូរ៉េខាងត្បូង ប៉ុន្មានថ្ងៃនេះអាចរហូតដល់ចុងសប្តាហ៍នេះនឹងមានរលកកម្តៅខ្លាំង ដែលសីតុណ្ហភាពពេលថ្ងៃអាចនឹងឡើងដល់លើស ៣៥ អង្សារសេតាមតំបន់ជាច្រើនទូទាំងប្រទេសកូរ៉េខាងត្បូង រួមទាំងសេអ៊ូលផងដែរ។

សម្រាប់ក្រុងដេហ្គូ ដែលអជ្ញាធរបញ្ជាក់ថាជាទីតាំងដែលនឹងមានសីតុណ្ហភាពក្តៅជាងគេក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានចាប់ផ្តើមរៀបចំឱ្យមានទីតាំងនានាដែលមានប្រភពទឹកដល់ទៅ១៤៣ទីតាំងក្នុងក្រុង ដូចជាសួនជាដើម ឱ្យបើកដំណើរការបានលឿនជាងរាល់ដង និងបានតម្លើងប្រភពទឹកសប្បនិមិត្តមួយចំនួន ដូចជាប្រដាប់ចុចទឹកផឹកតាមទីសាធារណៈ សួនទឹកបណ្តោះអាសន្ន និងការរៀបចំមួយចំនួនទៀតដែលអាចបង្កើតជាប្រភពមានទឹកសម្រាប់អាចជាទីតាំងឱ្យប្រជាជនទៅកំសាន្ត និងបន្ថយកំដៅបានជាដើម។ ក្នុងនោះដែរ ក្រុងដេហ្គូក៏គ្រោងនឹងតម្លើងឆ័ត្រធំៗតាមទីតាំងនានាទូទាំងក្រុងនៅតាមដងផ្លូវ និងតាមកន្លែងឈរចាំឆ្លងផ្លូវជាដើម ដល់ទៅ ២១១ឆ័ត្រ។ កាលពីឆ្នាំមុន ក្រុងដេហ្គូបានតម្លើងឆ័ត្រធំៗចំនួន ១៣៥ ទីតាំងផងដែរ។

ក្រុងអានដុងដែលនៅក្បែរដេហ្គូនោះដែរ បានចាប់ផ្តើមបញ្ចេញរថយន្តបាញ់ទឹកឱ្យបាញ់ទឹកតាមដងផ្លូវក្នុងក្រុងតាំងពីថ្ងៃចន្ទម្សិលមិញមក ដើម្បីអាចជួយបញ្ចុះចំហាយកំដៅនៅតាមដងផ្លូវ ចំណែកឯក្រុងយ៉ុងឈុន (Yeongcheon) វិញចាប់ផ្តើមចែកដបទឹកត្រជាក់ៗនៅតាមចំណតរថយន្តក្រុង នៅក្បែរនឹងផ្សារសហគមន៍នានា ដែលភាគច្រើនសំបូរមនុស្សចាស់ទៅដើរផ្សាររាល់ថ្ងៃ។

ខេត្តឃ្យ៉ុងគីដូវិញ បានរៀបចំតម្លើងឆ័ត្រធំៗតាមដងផ្លូវនានាដល់ទៅ ១៣៣១ ឆ័ត្រ និងឧបករណ៍ដទៃទៀតតាមទីតាំងនានាទូទាំងខេត្តដើម្បីអាចជួយបញ្ចុះកម្តៅនៅបរិវេណខាងក្រៅផងដែរ។ អជ្ញាធរខ្វាងជូវិញ បានបញ្ចេញឡានបាញ់ទឹកចំនួន២៨គ្រឿង ដើម្បីបាញ់ទឹកតាមដងផ្លូវជួយបញ្ចុះកម្តៅដូចគ្នា។

ជាមួយនឹងរលកកម្តៅក្តៅខ្លាំងនេះ អជ្ញាធរតាមមូលដ្ឋានមួយចំនួនក៏បានស្វះស្វែងរកវិធានការជួយដល់ប្រជាជនដែលមានស្ថានភាពក្រីក្រខ្លាំង ដែលរស់នៅតែឯងខ្វះមុខខ្វះក្រោយ ដោយសាររលកកម្តៅនេះអាចនឹងប៉ះពាល់សុខភាពខ្លាំងដល់ប្រជាជនក្រីក្រ ជាពិសេសចាស់ៗ។ នៅឃ្យ៉ុងគី និងអានដុង បានចាត់ឱ្យមន្ត្រីមូលដ្ឋានតាមដាន ដោយឱ្យចុះពិនិត្យស្ថានភាពជាប្រចាំផង និងទាក់ទងតាមទូរស័ព្ទសួរនាំសុខទុក្ខប្រជាជនក្រីក្រ ជាពិសេសចាស់ៗដែលរស់នៅតែឯង និងខ្លះទៀតដែលគ្មានផ្ទះសម្បែងត្រឹមត្រូវ។ ក្រុងខ្វាងជូឯណោះវិញ បានរៀបចំទីតាំងស្នាក់នៅបណ្តោះអាសន្ន សម្រាប់ឱ្យប្រជាជនក្រីក្រអាចមកស្នាក់នៅបាន ដោយអជ្ញាធររ៉ាប់រងលើសេវាម៉ាស៊ីនត្រជាក់នៅតាមទីតាំងទាំងនោះតែម្តង ធ្វើយ៉ាងណាកុំឱ្យប្រជាជនក្រីក្រត្រូវពិបាកទ្រាំក្រោមស្ថានភាពរលកកម្តៅបែបនេះ។

ក្នុងនោះដែរ គេក៏មានការបារម្ភផងដែរចំពោះបុគ្គលិកសុខាភិបាល ដែលត្រូវបន្តធ្វើការទាំងការធ្វើតេស្ត ព្យាបាល និងចាក់វ៉ាក់សាំងតាមទីតាំងនានាទូទាំងប្រទេស ក្រោមសម្លៀកបំពាក់ពេទ្យក្តៅខ្លាំង ហើយអាចនៅក្រោមកម្តៅថ្ងៃផ្ទាល់ទៀតផង ហើយស្របពេលដែលស្ថានការណ៍កូវីដកំពុងផ្ទុះខ្លាំង អជ្ញាធរក៏បារម្ភចំពោះអ្នកមកធ្វើតេស្តតម្រង់ជួរចាំហាលថ្ងៃផងដែរ ដោយអជ្ញាធរឃ្យ៉ុងគីបានរៀបចំកូនកង្ហារជ័រ និងទឹកត្រជាក់សម្រាប់អ្នកឈរចាំធ្វើតេស្ត និងរៀបចំជាស្តង់ និងកង្ហារត្រជាក់នានាស​ម្រាប់ផ្តល់ជូនផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *