គួរឱ្យរន្ធត់ណាស់! បុករះនៅយ៉ស៊ូ ឡានធំដឹករថយន្តតូចៗ ចុះផ្លូវចំណោត ជ្រុលមកបុករះអ្នកកំពុងដើរឆ្លងផ្លូវ និងឡានផ្សេងទៀត របួសនិងស្លាប់ច្រើននាក់

កូរ៉េខាងត្បូង៖ នៅព្រឹកថ្ងៃអង្គារនេះ មានករណីឡានស្ទូចធំដឹកជញ្ជូនកូនឡានតូចៗបន្តមួយគ្រឿង បានបង្កគ្រោះថ្នាក់ចរាចរណ៍បុកមកលើអ្នកធ្វើដំណើរលើដងផ្លូវ និងជ្រុលទៅបុករថយន្តជាច្រើនគ្រឿងបន្តគ្នាទៀតនៅលើដងផ្លូវមួយនៅតំបន់យ៉ស៊ូ នៅខេត្តចូឡាណាំដូ 전라남도 បង្កឱ្យមានអ្នករបួសជាច្រើន និងមានដល់បាត់បង់ជីវិតទៀតផង ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News ភាសាកូរ៉េ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៨:៥៦នាទីព្រឹក ម៉ោងនៅកូរ៉េថ្ងៃអង្គារទី២០ កក្កដានេះតែម្តង ដោយនៅផ្លូវប្រសព្វបែកជា៤ នៅតំបន់ខ្វាងមូដុង យ៉ស៊ូ ខេត្តចូឡាណាំដូ 전라남도 មានរថយន្តធំមួយគ្រឿងប្រភេទរថយន្តដឹកជញ្ជូនឡានតូចៗ បានជ្រុលចង្កូតទៅបុកបង្គោលចែកផ្លូវ និងហួសបន្តទៅជ្រុលបុករថយន្តជាច្រើនគ្រឿងទៀត ប្រមាណ១០គ្រឿង នៅនឹងផ្លូវម្ខាងទៀតផងដែរ។

ក្នុងករណីនេះ រថយន្តបង្កហេតុបានជ្រុលទៅបុកចំអ្នកធ្វើដំណើរដើរលើផ្លូវដល់ទៅ ៦នាក់ ដែលក្នុងនោះមាន២នាក់ អាយុ ៨០ឆ្នាំ និង៧២ឆ្នាំ បានបាត់បង់ជីវិតក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ ហើយមានម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ និងមានអាការៈគាំងបេះដូងផងដែរ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់កម្រិតធ្ងន់ភ្លាមៗនៅខ្វាងជូ។ អ្នករបួសដទៃទៀតត្រូវបញ្ជូនទៅមន្ទីរពេទ្យ Jeil Hospital និងមន្ទីរពេទ្យ Jeonnam Hospital នៅយ៉ស៊ូ។

បើតាមការរាយការណ៍ឱ្យដឹង អ្នកដែលបាត់បង់ជីវិតទាំងពីរនាក់នោះ ជាអ្នកធ្វើការនៅនឹងទីតាំងនោះ ហើយពេលកើតហេតុទំនងជាបានឆ្លងផ្លូវដោយខុសភ្លើង ឬច្បាប់បន្តិចបន្តួច តែក៏ជាប់នឹងហេតុការណ៍អាក្រក់នេះតែម្តង។ អ្វីដែលជាដើមហេតុដែលគេបានឃើញ គឺរថយន្តធំដឹងកូនរថយន្តចំនួន៦គ្រឿងពីលើនោះ កំពុងធ្វើដំណើរចុះតាមផ្លូវចុះចំណោតមួយ រៀបនឹងបត់ស្តាំ តែពេលនោះក៏ចាប់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្តនៅនឹងខាងមុខខ្លួនបន្ត ហើយនៅពេលបត់មកខាងស្តាំនោះ ក៏បានប៉ះទាំងមនុស្សកំពុងឆ្លងផ្លូវផង និងឆ្លងប៉ះដល់រថយន្តជាច្រើននៅម្ខាងផ្លូវទៀតផងដែរ ប្រមាណ១០គ្រឿងឯណោះ។

ផ្លូវឆ្លងកន្លែងកើតហេតុនោះ ជាទូទៅមានអ្នកលក់ដូរ និងអ្នកស្នាក់នៅម្តុំនោះឆ្លងជាញឹកញាប់ដើម្បីចេញចូលផ្សារនៅក្បែរនោះ ដែលហេតុនេះហើយទើបករណីគ្រោះថ្នាក់នៅព្រឹកនេះបង្កឱ្យមានអ្នករបួស និងបាត់បង់ជីវិតអស់ជាច្រើននាក់ដូចនេះ។ ក្រោយពីកើតហេតុភ្លាម ផ្លូវត្រូវកកស្ទះ ឡានពេទ្យសង្គ្រោះបន្ទាន់ជាច្រើនគ្រឿងបានមកដឹកអ្នករបួស និងបាត់បង់ជីវិត ខណៈដែលឡានជាច្រើនដែលត្រូវពាក់ព័ន្ធក្នុងករណីនេះ ត្រូវទុកចោលកកស្ទះពេញផ្លូវផងដែរ។

អ្នកដែលនៅនឹងទីតាំងកើតហេតុបានបញ្ជាក់ថា នៅពេលកើតហេតុនោះគេលឺសំលេងដូចសំលេងផ្ទុះអញ្ចឹងដែរ ហើយពេលដែលចេញទៅឃើញទិដ្ឋភាពជាក់ស្តែង គេមានអារម្មណ៍ភ័យរន្ធត់ជាខ្លាំង។ ប៉ូលីស និងស្ថាប័នពាក់ព័ន្ធកំពុងស៊ើបអង្កេតក្នុងករណីនេះ ដើម្បីស្វែងរកមូលហេតុដែលបង្កជាគ្រោះថ្នាក់ឱ្យបានច្បាស់លាស់ តែអ្វីដែលគេអាចសន្និដ្ឋានដំបូងគឺអាចជាបញ្ហាហ្វ្រាំងរបស់រថយន្តធំនេះ មានបញ្ហានៅពេលដែលចុះចំណោតផង និងត្រូវបត់ផង។

Leave a Reply

Your email address will not be published. Required fields are marked *