បិទកាន់តែតឹង ឆ្លៀតកាន់តែខ្លាំង! នៅស៊ូវ៉ុន ប៉ូលីសចាប់បានផ្ទះសំណាក់មួយ ជួលបន្ទប់ឱ្យភ្ញៀវជុំផឹកស៊ី លើ្មសបម្រាម ហើយសង្ស័យមានរកសេវាពិសេស​នេះឱ្យទៀត …

កូរ៉េខាងត្បូង៖ ស្របពេលដែលសឹងទូទាំងប្រទេសកូរ៉េខាងត្បូងកំពុងរឹតបន្តឹងគម្លាតសង្គមកាន់តែខ្លាំង ដោយសារហានិភ័យនៃការឆ្លងកូវីដ គេសង្កេតឃើញទំនោរលួចលាក់ផឹកស៊ីល្មើសបម្រាមក្រោយភ្នែកអជ្ញាធរ កាន់តែកើនមានឡើងច្រើន ហើយថែមទាំងលេចចេញជារូបភាពប្លែកៗ ធ្វើយ៉ាងណាលាក់ពីសមត្ថកិច្ចទៀតផង។

ចុះផ្សាយក្នុងសារព័ត៌មាន YTN ជាភាសាកូរ៉េ បានឱ្យដឹងជាបន្តបន្ទាប់ប៉ូលីសចាប់បានអ្នកលួចល្មើសបម្រាមគម្លាតសង្គមតាមរូបភាពផ្សេងៗជាច្រើន។ ជាក់ស្តែកាលពីថ្ងៃសៅរ៍ទី១៧ កក្កដា ចុងសប្តាហ៍កន្លងទៅនេះ ប៉ូលីសនៅស៊ូវ៉ុនបានចុះទៅឆែកឆេរ និងចាប់បានកន្លែងផឹកស៊ីមួយកន្លែងលួចលាក់នៅក្រោមស្លាកផ្ទះសំណាក់ល្មើសបម្រាម និងថែមទាំងមានសេវាកម្មពិសេសរកឱ្យភ្ញៀវថែមទៀត។ បើតាមការបញ្ជាក់របស់សារព័ត៌មាននេះបានឱ្យករណីចាប់បានករណីល្មើសនេះ កើតឡើងនៅម៉ោង១១យប់នៅស៊ូវ៉ុន នៃខេត្តឃ្យ៉ុងគីដូ ដែលជាទីតាំងកំពុងស្ថិតក្រោមវិធានការគម្លាតសង្គមកម្រិត៤ ហាមជួបជុំលើសពី២នាក់ទៅ ចាប់ពីម៉ោង៦យប់ និងហាមបើកដំណើរការហាងផឹកស៊ីនានាតាមម៉ោងកំណត់ផងដែរ។

នៅកន្លែងដែលគេចាប់បានលួចលាក់រៀបចំជួបជុំផឹកស៊ីនោះ ជាកន្លែងផ្ទះសំណាក់ដែលម្ចាស់ទីតាំង ជួលដាច់មួយជាន់ទាំងមូលឱ្យទៅភ្ញៀវផឹកស៊ីតែម្តង ដែលមានភ្ញៀវផឹកស៊ីប្រុស២នាក់ ស្រី២នាក់នៅអង្គុយជុំគ្នា នៅលើតុមានស្រាផង មានម្ហូបផង។ ក្រោយពីប៉ូលីសចុះទៅដល់ទីតាំង អ្នកដែលល្មើសលួចលាក់ទាំងភ្ញៀវ ទាំងថៅកែ សុទ្ធតែត្រូវឃាត់ទុក។ បើតាមចំលើយសារភាពរ​បស់ម្ចាស់ផ្ទះសំណាក់ដែលលួចលាក់រៀបកន្លែងផឹកស៊ីនេះគឺ គេរៀបចំទីតាំងនេះលួចលាក់ហើយ លួចទាក់ទងភ្ញៀវនៅតាមផ្លូវ ឱ្យចូលមកផឹកស៊ីស្ងាត់ៗតែម្តង ដើម្បីគេចពីភ្នែកសមត្ថកិច្ច។ លើសពីនោះទៀត ប៉ូលីសនៅនឹងទីតាំងនោះផ្ទាល់បានដកហូតភស្តុតាងមួយចំនួន ដែលអាចសន្និដ្ឋានបានថាមាននូវសេវាកម្មរកស្រីពីក្រៅសម្រាប់ឱ្យភ្ញៀវទៀតផង តែសម្រាប់ភ្ញៀវដែលគេឃាត់បាននោះ មានអ្នកសារភាពផង និងអ្នកមិនសារភាពផង។

ក្នុងករណីនេះ ប៉ូលីសស៊ូវ៉ុនឃាត់បានមនុស្ស២៧នាក់ មានទាំងម្ចាស់ហាង ភ្ញៀវ និងបុគ្គលិកដែលសុទ្ធជាអ្នកពាក់ព័ន្ធនឹងការលួចលាក់ល្មើសនឹងបម្រាមគមា្លតសង្គមនេះ ហើយអជ្ញាធរនឹងធ្វើការចាត់វិធានការនានាតាមផ្លូវច្បាប់ ដែលមានទាំងច្បាប់បម្រាមគម្លាតសង្គមផង ច្បាប់សុវត្ថិភាពចំណីអាហារផង និងច្បាប់ពាក់ព័ន្ធការល្មើសសេវាកម្មពិសេសនេះផងដែរ។

ក្នុងនោះដែរ បើតាមការបញ្ជាក់សារភាព ទីតាំងភាគច្រើនទៀតក៏មានការលួចលាក់បើកបែបនេះដែរ ដោយសារហាងផឹកស៊ីនានាដែលមិនអាចបើកអាជីវកម្មបាន សុខចិត្តមកលួចលាក់ជួលតាមបន្ទប់ផ្ទះសំណាក់ ហើយលួចហៅភ្ញៀវតាមផ្លូវចូលមកផឹកស៊ីលួចលាក់របៀបនេះតែម្តង។ ហើយជាទូទៅ កន្លែងដែលលួចលាក់បែបនេះ មិនកត់ត្រាឈ្មោះភ្ញៀវនិងអ្នកដែលពាក់ព័ន្ធនានានោះទេ ដូចនេះប្រសិនបើមានបញ្ហាឆ្លងកូវីដនោះ គឺគេមិនអាចតាមដានដឹងថាប្រភពចម្លងទៅដល់ខាងណាខ្លះនោះទេ។

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *