ផ្គើនណាស់ ចឹងបានចេះតែផ្ទុះកូវីដចេញពីវិហារ! គម្លាតសង្គមនៅសេអ៊ូលហាមរៀបពិធីសាសនាផ្ទាល់ទៅហើយ នៅតែមានវិហារជាច្រើនល្មើសបម្រាម ក្នុងនោះវិហារ ១ នេះ មិនរាងចាល ល្មើសជាលើសទី៣

កូរ៉េខាងត្បូង៖ នៅថ្ងៃចន្ទនេះ អជ្ញាធរក្រុងសេអ៊ូលបានប្រកាសថា គ្រាន់តែថ្ងៃអាទិត្យម្សិលមិញនេះ អជ្ញាធរបានចុះពិនិត្យតាមទីតាំងវិហារសាសនានានាទូទាំងប្រទេសចំនួន ១០៤៩ ទីតាំងនិងរកឃើញថាមានទីតាំងវិហារសាសនាដល់ទៅ ១៤កន្លែងល្មើសនឹងបម្រាមគោលការណ៍គម្លាតសង្គមដែលត្រូវអនុវត្តក្នុងសេអ៊ូល ក្រោមកម្រិត៤ នេះបើតាមចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ថ្ងៃអាទិត្យជាទូទៅជាថ្ងៃដែលវិហារសាសនារៀបចំពិធីជួបជុំគ្នាតាមបែបសាសនា ហើយកាលពីថ្ងៃអាទិត្យទី១៨ កក្កដាម្សិលមិញនេះ បើតាមការចុះពិនិត្យមើលពីសំណាក់សមត្ថកិច្ចតាមទីតាំងសាសនាដល់ទៅជាង១០០០ទីតាំងក្នុងក្រុងសេអ៊ូល គេរកឃើញដល់ទៅ១៤ទីតាំងដែលបានល្មើសនឹងបម្រាមគោលការណ៍គម្លាតសង្គម។ ក្នុងនោះ មាន១៣ទីតាំងផ្គើននឹងបម្រាមដោយបានរៀបចំពិធីជួបជុំសាសនាមានមនុស្សចូលរួមផ្ទាល់ ដែលខុសទៅនឹងបម្រាមមិនឱ្យមានការជួបជុំបែបសាសនា ក្រោមគម្លាតសង្គមកម្រិត៤ និង១ករណីទៀតគឺល្មើសដោយអាចារ្យសាសនាមិនបានពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ទៅតាមគម្លាតសង្គម។

សូមបញ្ជាក់ថា ថ្ងៃអាទិត្យម្សិលមិញនេះ ជាថ្ងៃអាទិត្យចុងសប្តាហ៍ដំបូងគេហើយចាប់តាំងពីសេអ៊ូលអនុវត្តវិធានការគម្លាតសង្គមកម្រិត៤ ជាកម្រិតខ្ពស់ជាងគេតាំងពីថ្ងៃទី១២ កក្កដា ២០២១នេះមក។ បើតាមការបញ្ជាក់របស់ប្រធានផ្នែកគ្រប់គ្រងទីតាំងសាសនានៅក្នុងក្រុងសេអ៊ូល បានបញ្ជាក់ថាទីតាំងទាំង១៤ដែលបានរកឃើញថាល្មើសនេះនឹងរងនូវការផាកពិន័យ និងវិធានការពិន័យផ្សេងទៀតរួមមានការផ្អាកដំណើរការទៅតាមគោលការណ៍កំណត់របស់រដ្ឋាភិបាលមិនមានការលើកលែងនោះទេ។

ទិដ្ឋភាពតំណាងវិហារ Sarang Jeil Church ឃាត់សមត្ថកិច្ចមិនឱ្យចូលពិនិត្យកាលពីម្សិលមិញ

ក្នុងចំណោមវិហារសាសនាទាំង១៤ ដែលរកឃើញថាល្មើសនេះ មានវិហារសាសនាធំជាងគេមួយគឺ វិហារ Sarang Jeil Church ដែលមានរៀបចំឱ្យមនុស្សមកជួបជុំក្នុងវិហារផ្ទាល់ ហើយកាលពីថ្ងៃម្សិលមិញនេះ ថែមទាំងមានការហាមឃាត់កម្លាំងសមត្ថកិច្ចចុះទៅពិនិត្យថែមទៀត ដោយមេធាវីតំណាងវិហារនេះព្យាយាមឃាំងមិនឱ្យសមត្ថកិច្ចចូលទៅពិនិត្យផ្ទាល់នៅខាងក្នុងបាន។ ក្រោយពីបានពិនិត្យ គេចាប់បាន និងរកឃើញថាមានអ្នកមកចូលរួមពិធីសាសនានៅក្នុងវិហារនោះដល់ទៅជាង ១៥០នាក់។ វិហារសាសនាមួយនេះ បច្ចុប្បន្នកំពុងស្ថិតក្នុងនីតិវិធីតុលាការនៅឡើយនោះទេ ដោយជាប់ពាក់ព័ន្ធនឹងករណីល្មើសបែបនេះដូចគ្នា កាលពីខែមេសា ឆ្នាំ២០២០កន្លងទៅ ដោយល្មើសនឹងបម្រាមហាមមិនឱ្យមានរៀបពិធីសាសនាផ្ទាល់ ហើយកាលពីខែសីហាកន្លងទៅ ក៏ត្រូវបានអជ្ញាធរបិទផ្អាកដំណើរការរយៈពេល២សប្តាហ៍ផងដែរ ដោយសារមានករណីផ្ទុះឆ្លងចេញពីវិហារនេះដូចគ្នា។

យ៉ាងណាមិញ តំណាងខាងវិហារទាំងនេះ ក៏បានឆ្លើយតបវិញផងដែរថាកាលពីថ្ងៃសុក្រទី១៦ កក្កដាកន្លងទៅ មានវិហារយ៉ាងហោច ៧ ទីតាំងបានដាក់ពាក្យស្នើសុំអជ្ញាធរសេអ៊ូលឱ្យបញ្ឈប់ដំណើរការផ្អាកសកម្មភាពសាសនា ដូចអនុវត្តបច្ចុប្បន្ននេះទៅ តែយ៉ាងណាមិញមិនមានការឆ្លើយតបណាមួយពីខាងអជ្ញាធរសេអ៊ូលវិញនោះឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *