កូរ៉េខាងត្បូង៖ អជ្ញាធរសុខាភិបាលរកឃើញថាករណីផ្ទុះឆ្លងនៅតាមកន្លែងផឹកស៊ីជាបន្តបន្ទាប់ចេញពីតំបន់គីមហេ ខេត្តឃ្យ៉ុងណាមប៉ុនា្មនថ្ងៃចុងក្រោយនេះ គឺសុទ្ធជាករណីមេរោគកូវីដបម្លែងខ្លួនថ្មីប្រភេទដែលតា ដែលមកពីឥណ្ឌា ដែលជាហេតុនាំឱ្យមានការឆ្លងជាចង្កោមតៗគ្នាយ៉ាងច្រើននៅគីមហេនេះ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន YTN News។
គិតចាប់តាំងពីករណីផ្ទុះឆ្លងកូវីដទី១ចេញពីកន្លែងផឹកស៊ីនៅគីមហេ កាលពីថ្ងៃទី៨កក្កដា ២០២១នេះមក ប្រហែលជាជាង១០ថ្ងៃប៉ុណ្ណោះ គេរកឃើញចង្កោមឆ្លងតៗគ្នាជាបន្តបន្ទាប់ដល់ទៅ ១៧៣ករណីហើយ ដែលសុទ្ធតែមានពាក់ព័ន្ធចេញពីកន្លែងហាងផឹកស៊ីនៅតំបន់គីមហេនេះទាំងអស់។ ការឆ្លងបន្តគ្នាយ៉ាងខ្លាំងនេះ ត្រូវបានគេរកឃើញថាដោយសារមេរោគកូវីដដែលឆ្លងក្នុងករណីឆ្លងជាចង្កោមនេះ ជាមេរោគកូវីដបម្លែងថ្មី ប្រភេទដែលតា ដែលមានសមត្ថភាពចម្លងពីមនុស្សម្នាក់តៗគ្នាបានខ្លាំងជាង និងរហ័សជាងមេរោគកូវីដធម្មតាទៅទៀត។ ក្នុងនោះដែរ អជ្ញាធរក៏បានបញ្ជាក់ថាករណីឆ្លងជាចង្កោមតគ្នាមួយទៀតនៅតាមហាងផឹកស្រាបៀរ និងកន្លែងកម្សាន្តនៅឆាងវ៉ុន ក៏ទំនងជាកើតចេញពីការឆ្លងនៃមេរោគកូវីដបម្លែងខ្លួនប្រភេទដែលតានេះដែរ។
គិតមកដល់ពេលនេះ ក្នុងវិធានការទប់ស្កាត់កូវីដឆ្លងខ្លាំងនៅក្នុងតំបន់នានានៃខេត្តរបស់ខ្លួននេះ អជ្ញាធរខេត្តឃ្យ៉ុងណាមបានតម្រូវឱ្យអ្នកជាប់ពាក់ព័ន្ធទាំងអស់ត្រូវធ្វើចត្តាឡីស័កក្នុងបន្ទប់ដាច់ដោយឡែក បើទោះជាគ្មានរោគសញ្ញាសង្ស័យបង្ហាញក៏ដោយ។ ការតម្រូវធ្វើចត្តាឡីស័កនេះ ត្រូវបញ្ចប់ទាល់តែអជ្ញាធរសុខាភិបាលពិនិត្យមើលថាអាចអនុញ្ញាតឱ្យចេញផុតពីចត្តាឡីស័កទើប អាចដើរហើរបានវិញ។ បើគិតពីម៉ោង៥ល្ងាចថ្ងៃអាទិត្យម្សិលមិញ រហូតមកដល់ថ្ងៃចន្ទនេះម៉ោង១រសៀល ក្រុងទាំង៨នៅក្នុងខេត្តឃ្យ៉ុងណាមមាន ក្រុងឆាងវ៉ុន តុងយ៉ុង និងគីមហេ រួមទាំងក្រុងដទៃទៀត រកឃើញករណីឆ្លង៣០ករណីថ្មីទៀតហើយជាប់ពាក់ព័ន្ធនឹងទីតាំងផឹកស៊ីតៗគ្នានេះ។
គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ខេត្តឃ្យ៉ុងណាមមានករណីឆ្លងកូវីដសរុបដល់ទៅ ៦០៩១នាក់ហើយ និងបច្ចុប្បន្នខេត្តនេះកំពុងអនុវត្តវិធានការគម្លាតសង្គមកម្រិត២ តែក្រុងគីមហេបានតម្លើងគម្លាតសង្គមមកកម្រិត៣ តាំងពីថ្ងៃសុក្រទី១៦កក្កដាកន្លងមក រហូតដល់ថ្ងៃទី២៩ កក្កដា និងក្រុងហ្គូជី 거제시 តម្លើងគម្លាតសង្គមដល់កម្រិត៣ដែរពីថ្ងៃទី ១៨ កក្កដា ដល់ថ្ងៃទី ៣១ កក្កដានេះដែរ។