អ្នកសេអ៊ូល និងភាគកណ្តាលប្រទេសកូរ៉េ! ប្រយ័ត្នមែនទែន ពេញមួយសប្តាហ៍នេះ រលកកម្តៅអាចកើនឡើងដល់លើស ៣៦ អង្សារ ដោយសារតែបាតុភូតមួយនេះ …

កូរ៉េខាងត្បូង៖ ការជូនដំណឹង និងព្រមានឱ្យមានការប្រុងប្រយ័ត្នពីរលកកម្តៅថ្មីក្តៅខ្លាំង ត្រូវបានប្រកាសហើយនៅថ្ងៃចន្ទនេះសម្រាប់ទីក្រុងសេអ៊ូល និងផ្នែកផ្សេងៗទៀតនៃប្រទេសកូរ៉េខាងត្បូង បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ស្ថាប័នរដ្ឋបាលឧតុនិយមកូរ៉េខាងត្បូងបានប្រកាសការជូនដំណឹងព្រមានពីរលកកម្តៅថ្មីសម្រាប់ទីក្រុងសេអ៊ូលទាំងមូល និងតំបន់ផ្សេងៗទៀតនៅភាគកណ្តាលប្រទេសមានដូចជាខេត្តឃ្យ៉ុងគី ខេត្តហ្គាងវ៉ុន ខេត្តឈុនណាម និងខេត្តភាគខាងត្បូងនៅចូឡាផងដែរ គិតត្រឹមម៉ោង១០ព្រឹកម៉ោងនៅស្រុកកូរ៉េថ្ងៃចន្ទនេះ។ បើតាមការជូនដំណឹងនោះ សីតុណ្ហភាពនៅពេលថ្ងៃនៅសេអ៊ូល និងតាមតំបន់ខាងលើដែលបានបញ្ជាក់ អាចនឹងឡើងដល់ទៅលើស ៣៥អង្សារក្នុងរយៈពេល២ ទៅ៣ថ្ងៃនេះ។ ចំណែកឯតំបន់ដទៃទៀតទូទាំងប្រទេស រួមទាំងភាគខាងត្បូងប្រទេសខេត្តឃ្យ៉ុងសាង និងកោះជេជូជាដើម នឹងត្រូវស្ថិតក្រោមការជូនដំណឹងកម្រិតស្រាលពីរលកកម្តៅផងដែរ ដែលសីតុណ្ហភាពអាចនឹងកើនដល់លើស៣៣អង្សារក្នុងរយៈពេល ២ ទៅ៣ថ្ងៃនេះ។

តែផ្ទុយទៅវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ តំបន់ខេត្តចូឡា និងឃ្យ៉ុងសាន កោះជេជូ និងតំបន់មួយចំនួនទៀត ក៏នឹងអាចមានភ្លៀងបង្អុលធ្លាក់ រួមជាមួយនឹងខ្យល់បោកបក់ខ្លាំង លាយជាមួយនឹងផ្ទរ រន្ទះផងដែរ។ នៅរសៀលថ្ងៃចន្ទនេះ ក្រុងសេអ៊ូល និងក្រុងដទៃទៀតមួយចំនួននៅភាគកណ្តាលប្រទេសក៏នឹងត្រូវជូនដំណឹងពីការធ្លាក់ភ្លៀងខ្លាំងផងដែរ អាចនឹងមានភ្លៀងធ្លាក់ដល់១១០មីលីម៉ែត្រក្នុងរយៈពេល១២ម៉ោង ឬ៦០មីលីម៉ែត្រក្នុងរយៈពេល៦ម៉ោង។ តែបើទោះជាមានភ្លៀងធ្លាក់ ក៏ការព្រមានជូនដំណឹងពីរលកកម្តៅក្តៅខ្លាំងនៅតែបន្តដដែលនៅតំបន់សេអ៊ូល និងតំបន់ដទៃទៀតដូចបានបញ្ជាក់។

ស្ថាប័នឧតុនិយមបញ្ជាក់ថា ក្នុងសប្តាហ៍នេះកូរ៉េខាងត្បូងអាចស្ថិតក្រោមបាតុភូត heat dome ដែលជាបាតុភូតបង្កឱ្យមានកម្តៅក្តៅខ្លាំងនៅតំបន់សហរដ្ឋអាម៉េរិក និងប្រទេសកាណាដាកាលពីពេលកន្លងមកនេះ។ ក្នុងមួយសប្តាហ៍នេះ សីតុណ្ហភាពមធ្យមទូទាំងប្រទេសអាចចន្លោះពី ៣១ ដល់៣៦អង្សារ ហើយអ្វីដែលកាន់តែបារម្ភនោះគឺអជ្ញាធរជំនាញមិនអាចព្យាករណ៍ឱ្យច្បាស់ថា តើបាតុភូត heat dome នេះនឹងអាចទៅជាអាក្រក់ដល់កម្រិតណានោះទេ ឬក៏អាចនឹងមានវត្តមានយូរប៉ុណ្ណានោះដែរ។

ដូចនេះ សូមបងប្អូនខ្មែរយើង ជាពិសេសបងប្អូនពលករធ្វើការនៅហាលថ្ងៃក្តៅតាមវិស័យកសិកម្ម សំណង់ជាដើម រក្សាសុខភាព និងសម្រាកផឹកទឹកឱ្យបានច្រើនកុំឱ្យខ្លួនខ្សោះជាតិទឹកឱ្យសោះ ក្រោមកម្តៅថ្ងៃក្តៅខ្លាំងដូចនេះ។

Leave a Reply

Your email address will not be published. Required fields are marked *