សាហាវមែន! មកខ្ចីលុយមិត្តភក្តិនៅសេអ៊ូលមិនបាន សម្លាប់ចោលតែម្តង រៀបចំផែនការមុនយ៉ាងលម្អិត សម្លាប់ហើយថែមទាំងផ្ញើសារបន្លំទៅប្រពន្ធជនរងគ្រោះថា …

កូរ៉េខាងត្បូង៖ បុរសម្នាក់ជាជនសង្ស័យត្រូវប៉ូលីសឃាត់ខ្លួន ពាក់ព័ន្ធករណីឃាតកម្មមួយដែលបានប្រព្រឹត្តទៅលើអតីតមិត្តរួមការងាររបស់ខ្លួន ដែលតាមការស៊ើបអង្កេត និងសាកសួររបស់ប៉ូលីសគឺដោយសារករណីសុំខ្ចីលុយគ្នាមិនបាន ក៏កើតទៅជាករណីឃាតកម្មនេះឡើង ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News ភាសាកូរ៉េ។

បុរសដែលត្រូវបានឃាត់ខ្លួនជាជនសង្ស័យនេះ គេឱ្យឈ្មោះថាលោក A អាយុ៤០ឆ្នាំជាងហើយត្រូវបានប៉ូលីសក្រុងសេអ៊ូលចេញដីកាឃាត់ខ្លួនសិន ដោយហេតុផលខ្លាចជនសង្ស័យលួចរត់គេចខ្លួនកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្រោយពីប៉ូលីសបានសាកសួរចម្លើយបឋមកន្លងមកពាក់ព័ន្ធករណីឃាតកម្មដែលបានកើតឡើងតាំងពីថ្ងៃទី១៣ កក្កដា ២០២១កន្លងមកនេះ។ នៅពេលដែលបាននាំខ្លួនមកកាន់តុលាការកូរ៉េនៅរសៀលថ្ងៃអាទិត្យម្សិលមិញនេះ មានសំនួរជាច្រើនចោទសួរដោយអ្នកសារព័ត៌មាន តែជនសង្ស័យមិនបានឆ្លើយតបមួយម៉ាត់ណានោះទេ។

បើតាមការបញ្ជាក់របស់ប៉ូលីសក្រុងសេអ៊ូល បានឱ្យដឹងពីដំណើរកើតហេតុនៃករណីឃាតកម្មនេះ និងមូលហេតុ ក៏ដូចជាការស៊ើបអង្កេតឈានដល់កំណត់មុខសញ្ញាបាននេះ ដោយកាលពីរសៀលថ្ងៃអង្គារទី១៣ កក្កដា ២០២១នេះ ជនរងគ្រោះគេឱ្យស្គាល់ឈ្មោះថាលោក B ត្រូវបានគេសម្លាប់នៅនឹងបន្ទប់ស្នាក់នៅ និងធ្វើការរបស់ខ្លួននៅម៉ាផូ ក្រុងសេអ៊ូល ហើយដឹកយកផ្លុងចោលក្នុងវ៉ាលីសមួយទៅដល់ឃ្យ៉ុងសានឯណោះ ហើយជនល្មើសថែមទាំងបន្លំផ្ញើសារទៅកាន់ប្រពន្ធជនរងគ្រោះថាជនរងគ្រោះនេះកំពុងមានបញ្ហាជំនួញ ហើយកំពុងត្រូវរត់គេចខ្លួនពីការស៊ើបអង្កេតករណីបោកបន្លំការរកស៊ីទៀតផង ដែលសុទ្ធសឹងជាផែនការរៀបចំទុកមុនទាំងអស់របស់ជនសង្ស័យ។

បើតាមការស៊ើបអង្កេត ប៉ូលីសបានដឹងថានៅថ្ងៃកើតហេតុ គឺជនសង្ស័យឈ្មោះ A បានទៅជួបជនរងគ្រោះឈ្មោះ B នៅនឹងបន្ទប់ស្នាក់នៅ និងធ្វើការរបស់ឈ្មោះ B។ អ្នកទាំងពីរកន្លងមកធ្លាប់ជាមិត្តរួមការងារកន្លែងជាមួយគ្នា ហើយនៅពេលនោះ ឈ្មោះ A នេះបានសុំខ្ចីលុយឈ្មោះ B តែខ្ចីមិនបាន ដូចនេះជនសង្ស័យក៏ចាប់ផ្តើមសកម្មភាពរបស់ខ្លួនសម្លាប់ជនរងគ្រោះតែម្តង ដោយជនសង្ស័យនោះបានត្រៀមរួចជាស្រេចទៅហើយ នូវអាវុធធ្វើសកម្មភាព។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានព្យាយាមលុបបំបាត់ដានស្នាមឈាមនៅនឹងកន្លែងនោះ ហើយបានយកសពជនរងគ្រោះដាក់ចូលទៅក្នុងវ៉ាលីសធំមួយ ដែលខ្លួនបានត្រៀម ហើយដឹកយកទៅផ្ទះរបស់ខ្លួននៅខេត្តឃ្យ៉ុងសាន ទើបយកទៅបោះចោលនឹងធុងចម្រោះទឹកមួយកន្លែង។

អ្វីដែលប៉ូលីសបានបញ្ជាក់គឺ ជនរងគ្រោះបានរៀបចំផែនការយ៉ាងលម្អិត មានតាំងពីសម្ភារៈសម្រាប់លុបបំបាត់ដាន ឧបករណ៍លាងសម្អាតផ្សេងៗ ហើយនៅពេលចាកចេញពីកន្លែងកើតហេតុនោះថែមទាំងបានធ្វើជាផ្លាស់ប្តូរលេខកូដទ្វារចូល គឺបន្លំឱ្យដូចទៅនឹងអ្វីដែលខ្លួនចង់ឱ្យគេគិតថា ជនរងគ្រោះកំពុងរត់លាក់ខ្លួនផងដែរ។ តែយ៉ាងណា នៅថ្ងៃទី១៥កក្កដា គេបានដាក់ពាក្យបណ្តឹងបាត់ខ្លួនជនរងគ្រោះ ហើយក្រោយពីបានស៊ើបអង្កេតជាបន្តបន្ទាប់ ប៉ូលីសបានកំណត់មុខសញ្ញាសង្ស័យ និងបានតាមដាន សាកសួរបន្តរហូតដល់ដឹងសាច់រឿងទាំងអស់នេះឡើង។ ជនសង្ស័យត្រូវបានគេហៅមកសួរនាំតាំងពីថ្ងៃទី ១៥កក្កដា ក្រោយពីប៉ូលីសសេអ៊ូល បានសហការជាមួយប៉ូលីស​មូលដ្ឋាននៅឃ្យ៉ុងសាន ហើយក្រោយពីសួរនាំរួចរាល់ មកដល់ថ្ងៃអាទិត្យម្សិលមិញ ទើបសម្រេចចេញដីកាចាប់ខ្លួនជនសង្ស័យបញ្ជូនមកតុលាការតែម្តង។

ទីតាំងកើតហេតុ

 

Leave a Reply

Your email address will not be published. Required fields are marked *