ទូតខ្មែរនៅកូរ៉េខាងត្បូង ជួបពិភាក្សាជាមួយប្រធាន KOICA លើគម្រោងកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំខាងមុខ លើវិស័យ ៤ ធំៗ

សេអ៊ូល៖ នារសៀលថ្ងៃទី ២៣ មិថុនា ២០២០ នេះ លោក ឡុង ឌីម៉ង់ បានជួបពិភាក្សាការងារជាមួយលោកស្រី Lee Mikyung ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA។

ក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរបានលើកឡើងពីភាពជាដៃគូយុទ្ធសាស្ត្ររបស់កម្ពុជានិងកូរ៉េ ក្នុងក្របខ័ណ្ឌជំនួយអភិវឌ្ឍន៍ ដែលបានសម្រេចកាលពីឆ្នាំកន្លងមក ក៏ដូចជាគម្រោងក្នុងឆ្នាំបន្តលើវិស័យអាទិភាពចំនួន ៤ គឺ សុខភាពសារធារណៈ និងការគ្រប់គ្រងធនធានទឹក, ដឹកជញ្ជូន, អប់រំ និងអភិវឌ្ឍន៍ជនបទ។

សូមបញ្ជាក់ថា KOICA បានបង្កើតការិយាល័យប្រចាំកម្ពុជាក្នុងឆ្នាំ ២០០៣ ហើយកន្លងមកបានចូលរួមចំណែកអនុវត្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយកម្ពុជាតាមរយៈក្របខ័ណ្ឌដូចជា៖ ការអនុវត្តគម្រោងអភិវឌ្ឍន៍នានា ក្នុងវិស័យសុខាភិបាល អប់រំ សេដ្ឋកិច្ច វប្បធម៌ អភិវឌ្ឍន៍ជនបទ និងកសិកម្មជាដើម ការចូលរួមអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្តល់អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាល ការបញ្ជូនអ្នកស្ម័គ្រចិត្ត និងទីប្រឹក្សាកូរ៉េមកតាមក្រសួង-ស្ថាប័នរដ្ឋ និងអង្គការនានានៅកម្ពុជា រួមនឹងជំនួយក្នុងភាពជាដៃគូសាធារណៈ-ឯកជន។

តាមរយៈ KOICA រដ្ឋាភិបាលកូរ៉េបានផ្តល់ជំនួយដល់កម្ពុជា រហូតដល់ជាង ២៦៧,៧លានដុល្លារ គិតចាប់ពីឆ្នាំ ១៩៩១ ដល់ ២០១៩ កន្លងមក។

Leave a Reply

Your email address will not be published. Required fields are marked *