កូរ៉េខាងត្បូង៖ ពីរថ្ងៃមួយយប់ នៅក្វាងជូធំ និងម៉ុកផូ លោកឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ បានអញ្ជើញទៅសំណេះសំណាល ព្រមទាំងជម្រាបលាបងប្អូនសហគមន៏ខ្មែរប្រកបដោយមនោសញ្ចេតនារីករាយ រំភើប ជាអនុស្សាវរីយ៍មួយដ៏ល្អក្នុងប្រវត្តិជីវិតការងារការទូតរបស់លោក នេះបើតាមការចែករំលែកលើទំព័រហ្វេសប៊ុករបស់លោកទូតកាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ។
ដំណើរបេសកកម្មកាលពីចុងសប្តាហ៍ថ្ងៃទី ១៧ និង១៨កក្កដានេះ លោកទូត ឡុង ឌីម៉ង់ អមដោយក្រុមការងាស្ត្រី និងក្រុមការងារស្ថានទូតបានចុះទៅជួបប្រជាជនសហគមន៏ខ្មែរយើងផង និងបានឆ្លៀតសម្តែងការគួរសម ថ្លែងអំណរគុណ ជម្រាបលាលោកនាយកមជ្ឈមណ្ឌលសុខុមាលភាពជនបរទេសក្វាងជូធំ និងលោកអភិបាលខណ្ឌក្វាងសានហ្គូ នាមណ្ឌលគាំពារក្រុមគ្រួសារពហុវប្បធម៌ក្វាងសាន ដែលកន្លងមកស្ថាប័នទាំងឡាយខាងលើតែងតែយកចិត្តទុកដាក់និងគាំពារពលរដ្ឋខ្មែរយើងនៅក្វាងជូធំនេះផងដែរ។
ក្នុងដំណើរបេសកកម្មជាមួយគ្នានេះដែរ លោកទូត ឡុង ឌីម៉ង់នៅឆ្លៀតបានពាំនាំនូវអំណោយជាសម្លៀកបំពាក់ថ្មីដែលមានទឹកប្រាក់ស្មើនឹង ៥ ម៉ឺនដុល្លារពីសំណាក់សភាយុវពាណិជ្ជករអន្តរជាតិកូរ៉េ JCI Korea សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋខ្មែរនៅកម្ពុជាតាមរយៈលោកទៀតផង ជាសមិទ្ធផលបន្ថែម ក្នុងចំណោមសមិទ្ធផលជាច្រើនរាប់មិនអស់របស់លោកទូតក្នុងការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជាតិកូរ៉េ និងកម្ពុជាយើងផងដែរ។
លោកទូតក៏បានអរគុណជាថ្មីម្ដងទៀតដល់ប្អូនស្រី ផាក មីហាំង ប្រធានសមាគមកម្ពុជាឆុនណាមក្វាងជូ ដែលកន្លងមកតែងបានសហការគ្នាយ៉ាងល្អប្រសើរដើម្បីការលើកកម្ពស់និងផ្សព្វផ្សាយវប្បធម៌អរិយធម៌ខ្មែរ ព្រមទាំងកិច្ចការងារជួយដោះស្រាយបញ្ហាផ្សេងៗជូនពលរដ្ឋខ្មែរយើងនៅក្វាងជូ ទទួលបានលទ្ធផលគួរជាទីមោទនៈ ហើយអ្វីដែលលោកទូតបានបញ្ចេញពីអារម្មណ៍ចុងក្រោយនោះ គឺលោកទូតបានលាន់មាត់សរសើរ និងថ្លែងអំណរអរគុណយ៉ាងខ្លាំងដល់បងប្អូនអ្នកម៉ុកផូ ដែលបានរៀបចំមាន់ស្រែដុតនិងចំហុយឆ្ងាញ់ជាប់មាត់ នៅពេលលោកចុះទៅដល់ទីនោះផងដែរ ជាទឹកចិត្តគោរពស្រឡាញ់របស់ពលរដ្ឋខ្មែរយើងចំពោះក្រុមការងារស្ថានទូតខ្មែរយើង។