ក្រុងដេជុន ផ្ទុះឆ្លងកូវីដជាចង្កោមទ្រង់ទ្រាយធំ! មួយថ្ងៃសោះ ឆ្លងកូវីដតៗគ្នានៅក្លឹបតេក្វាន់ដូពីម្ចាស់ក្លឹប មកសិស្សតូចៗ គ្រូ និងគ្រួសារដល់ទៅជិត៥០នាក់

កូរ៉េខាងត្បូង៖ ត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ យ៉ាងហោចណាស់គេរកឃើញអ្នកឆ្លងកូវីដបន្តបន្ទាប់គ្នាលើស ៤០នាក់ជាងហើយ ចេញពីទីតាំងហ្វឹកហាត់កីឡាតេក្វាន់ដូមួយកន្លែងនៅក្នុងក្រុងដេជុន គិតត្រឹមល្ងាចថ្ងៃអាទិត្យម្សិលមិញនេះ ជាករណីឆ្លងចង្កោមធំមួយគួរឱ្យបារម្ភចេញពីទីក្រុងដេជុន កូរ៉េខាងត្បូង នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News ភាសាកូរ៉េ។

បើតាមការបញ្ជាក់របស់អជ្ញាធរក្រុងដេជុន គេរកឃើញបន្តបន្ទាប់អ្នកឆ្លងកូវីដវិជ្ជមានដល់ទៅ ៤៧នាក់ ក្នុងនោះមានទាំងសិស្សហាត់នៅនឹងក្លឹបតេក្វាន់ដូ និងឆ្លងតដល់ក្រុមគ្រួសាររបស់សិស្សជាច្រើនទៀតផងដែរ។ ករណីឆ្លងជាចង្កោ​មរកឃើញដល់៤០នាក់ជាង ត្រឹមមួយថ្ងៃនេះ គឺកើតឡើងក្រោយពីម្ចាស់ក្លឹបតេក្វាន់ដូដែលផ្ទុះឆ្លងនេះ ត្រូវបានគេតេស្តរកឃើញវិជ្ជមានកូវីដកាលពីថ្ងៃសៅរ៍ ហើយដែលតម្រូវឱ្យរាល់សិស្សដែលហាត់នៅនឹងក្លឹបនោះ រួមទាំងក្រុមគ្រួសារនៃសិស្សដែលពាក់ព័ន្ធផងត្រូវមកធ្វើតេស្តទាំងអស់គ្នា ទើបរកឃើញឆ្លងវិជ្ជមានតៗគ្នាបែបនេះ។

ក្នុងចំណោមអ្នកឆ្លងវិជ្ជមានទាំងអស់ មានសិស្សក្មេងៗថ្នាក់បឋមសិក្សាចំនួន២៦នាក់ សិស្សអនុវិទ្យាល័យ២នាក់ សិស្សមត្តេយ្យ៦នាក់ និស្សិតសាកលវិទ្យាល័យម្នាក់ និងបុគ្គលិកធ្វើការនៅនឹងកន្លែងហ្វឹកហាត់៣នាក់ និងក្រុមគ្រួសារសិស្ស៤នាក់ទៀតផងដែរ និងអ្នកពាក់ព័ន្ធដទៃទៀត។ ដោយសារមានសិស្សជាប់ពាក់ព័ន្ធ និងរកឃើញវិជ្ជមានច្រើនបែបនេះ អជ្ញាធរកំពុងបារម្ភខ្លាចក្រែងករណីផ្ទុះឆ្លងជាចង្កោមនេះ បែកខ្ញែកឆ្លងកាន់តែធំទៅតាមសិស្សរួមថ្នាក់តាមសាលារៀនរបស់អ្នកវិជ្ជមានកូវីដទាំងនេះផងដែរ។ បើតាមមតិនានារបស់ប្រជាជនកូរ៉េនៅលើសារព័ត៌មានបានបង្ហាញការបារម្ភចំពោះការរីករាលដាលកាន់តែធំ ដោយសារសាលារៀនដែលក្មេងៗសិស្សដែលវិជ្ជមាននេះ កំពុងរៀនមួយចំនួនមានសិស្សច្រើនណាស់ និងអាចបង្កជាហានិភ័យកាន់តែធំ។

សូមបញ្ជាក់ថា ក្រុងដេជុននេះបច្ចុប្បន្នក៏កំពុងឃើញមានការផ្ទុះឡើងខ្លាំងនៃករណីកូវីដដែរ ហើយក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ មានករណីឆ្លងកូវីដដល់ទៅ២៨៤ករណី ដែលគិតជាមធ្យមយ៉ាងហោចណាស់មាន ៤០ករណីជាងក្នុងមួយថ្ងៃ។ គិតត្រឹមម៉ោង៦ល្ងាចថ្ងៃអាទិត្យម្សិលមិញនេះ ក្រុងដេជុនរកឃើញករណីវិជ្ជមានកូវីដថ្មីដល់ទៅ ៧២ករណី ជាករណីផ្ទុះឆ្លងច្រើនបំផុតប្រចាំថ្ងៃគិតតាំងពីដើមឆ្នាំ២០២១នេះមក។ ជាមួយនឹងការកើនឡើងករណីកូវីដគំហុកបែបនេះ អជ្ញាធរក៏កំពុងពិចារណាតម្លើងវិធានការគម្លាតសង្គមដល់កម្រិត៣ ឬកម្រិត៤ផងដែរ អាចនឹងប្រកាសជាផ្លូវការនៅប៉ុន្មានថ្ងៃខាងមុខ ដោយអជ្ញាធរក្រុងគ្រោងនឹងពិភាក្សាជាមួយអជ្ញាធរតាមមូលដ្ឋានរៀងៗខ្លួនជាមុនសិន ដោយរំពឹងថាការរឹតបន្តឹងសកម្មភាព និងការជួបជុំរបស់ប្រជាជនខ្លួនក្រោមការតម្លើងវិធានការគម្លាតសង្គមនេះ អាចនឹងជួយកាត់បន្ថយហានិភ័យនៃការចម្លងបន្តកូវីដ។

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *