ឆ្លងខ្លាំងណាស់! អ្នកនៅកាំងនឹង ប្រយ័ត្នផង ពីថ្ងៃចន្ទស្អែកទៅនឹងតម្លើងគម្លាតសង្គមដល់កម្រិត៤ ខ្ពស់ជាងគេហើយ ដោយសារកូវីដឆ្លងកើនខ្លាំងមែនទែនចេញពី …

កូរ៉េខាងត្បូង៖ ក្រុងកាំងនឹង នៅក្នុងខេត្តហ្គាងវ៉ុន នឹងក្លាយជាទីតាំងដំបូងគេ ក្រៅពីប្រជុំជនសេអ៊ូល ដែលនឹងត្រូវតម្លើងវិធានការគម្លាតសង្គមទៅកម្រិត៤ហើយ ចាប់អនុវត្តពីថ្ងៃចន្ទស្អែកនេះទៅផងដែរ ខណៈដែលការផ្ទុះឆ្លងកូវីដនៅក្នុងប្រទេសកូរ៉េខាងត្បូងកាន់តែខ្លាំងទៅៗនោះ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News ភាសាកូរ៉េនៅថ្ងៃអាទិត្យនេះ។

ការតម្លើងវិធានការគម្លាតសង្គមនៅក្រុងកាំងនឹង ឡើងដល់កម្រិត៤នេះ គឺជាវិធានការពិសេសដែលរដ្ឋបាលនៃមូលដ្ឋានក្រុងកាំងនឹង និងខេត្តហ្គាងវ៉ុនជាអ្នកសម្រេចដោយផ្ទាល់ អាស្រ័យទៅនឹងស្ថានភាពរាតត្បាតកូវីដនៅក្នុងតំបន់របស់ខ្លួន។ ក្រុងកាំងនឹង នឹងតម្លើងវិធានការគម្លាតសង្គមដល់កម្រិត៤ ខ្ពស់ជាងគេនេះរយៈពេលមួយសប្តាហ៍ពេញពីថ្ងៃចន្ទទី១៩ កក្កដាស្អែកនេះ រហូតដល់ថ្ងៃអាទិត្យទី២៥ កក្កដា ២០២១ខាងមុខ។

ជាមួយនឹងវិធានការគម្លាតសង្គមកម្រិត៤នេះ ក្រុងកាំងនឹង នឹងត្រូវអនុវត្តការហាមឃាត់ជួបជុំលើសពី៤នាក់ជាទូទៅ និងហាមឃាត់ការជួបជុំឯកជនលើសពី២នាក់ឡើងទៅ ចាប់ពីម៉ោង៦ល្ងាច ហើយការជួបជុំគ្នានៅតាមទីតាំងហាងផឹកស៊ីនានា ក៏ត្រូវបានហាមឃាត់ផងដែរ។ ចំណែកឯហាងកាហ្វេ និងភោជនីយដ្ឋានទូទៅនានាត្រូវផ្អាកទទួលភ្ញៀវទទួលទានក្នុងហាងពីម៉ោង ៨យប់តទៅ គឺលឿនជាងការអនុវត្តនៅក្នុងប្រជុំជនសេអ៊ូលទៅទៀត ដែលផ្អាកទទួលភ្ញៀវត្រឹមម៉ោង១០យប់ សម្រាប់វិធានការគម្លាតសង្គមកម្រិត៤ដូចគ្នា។

ការតម្លើងវិធានការគម្លាតសង្គមសម្រាប់ក្រុងកាំងនឹងនេះ ដោយសារករណីឆ្លងកូវីដរាលដាលខ្លាំងក្នុងចំណោមយុវជនក្មេងៗដែលបានជួបជុំគ្នាតាមហាងផឹកស៊ី ហើយឆ្លងកូវីដរាលដាលបន្តបន្ទាប់ដល់សមាជិកគ្រួសារ។ បើតាមការលើកឡើងរបស់អជ្ញាធរ តាំងពីថ្ងៃទី១២កក្កដាមកដល់ថ្ងៃអាទិត្យនេះ គេរកឃើញករណីឆ្លងកូវីដថ្មីដល់ទៅ ៩២ករណីហើយ ដែលកាលពីថ្ងៃសុក្រមានអ្នកឆ្លងកូវីដដល់ទៅ ២១នាក់ និងកាលពីថ្ងៃសៅរ៍ម្សិលមិញមានដល់ទៅ៣១នាក់។ គេបារម្ភថាករណីឆ្លងកូវីដប្រចាំថ្ងៃនៅក្នុងក្រុងកាំងនឹង អាចនឹងឡើងដល់ទៅ ៦០​ ទៅ ៧០ករណីឯណោះ ត្រឹមចុងខែកក្កដាខាងមុខនេះ ហើយអ្វីដែលកាន់តែបារម្ភថែមទៀត គឺករណីឆ្លងកូវីដជាបន្តបន្ទាប់ជាច្រើននៅក្នុងក្រុងកាំងនឹងនេះ សុទ្ធសឹងជាប្រភេទមេរោគកូវីដបម្លែងខ្លួនប្រភេទ ដែលតា ដែលអាចចម្លងបានលឿនជាងមេរោគកូវីដធម្មតាទៀតផង។

សូមបញ្ជាក់ថា សម្រាប់ខេត្តហ្គាងវ៉ុនទាំងមូលនៅតែអនុវត្តវិធានការគម្លាតសង្គមកម្រិត២ដដែល លើកលែងតែទីតាំងក្រុងកាំងនឹងនេះប៉ុណ្ណោះ ដែលតម្លើងដល់កម្រិត៤ខ្ពស់ជាងគេភ្លាមៗនេះ។ សម្រាប់ពីថ្ងៃចន្ទស្អែកនេះដែរ ក៏មានកោះជេជូផងដែរ ដែលនឹងតម្លើងគម្លាតសង្គមដល់កម្រិត៣ អនុវត្តរហូតដល់មានការជូនដំណឹងបន្ថែមទៀត។

 

Leave a Reply

Your email address will not be published. Required fields are marked *