ចែករំលែកបន្ទាន់! ពីថ្ងៃចន្ទទៅ កូរ៉េខាងត្បូងហាមឃាត់ការជួបជុំគ្នាលើសពី៤នាក់ឡើងទៅហើយទូទាំងប្រទេស លើកលែងប្រជុំជនសេអ៊ូលដែលក្រោមគម្លាតសង្គមកម្រិត៤ស្រាប់

កូរ៉េខាងត្បូង៖ ទូទាំងប្រទេសកូរ៉េខាងត្បូង នឹងចាប់ផ្តើមអនុវត្តគម្លាតសង្គមហាមឃាត់មិនឱ្យមានការជួបជុំឯកជនលើសពី៤នាក់ឡើងទៅ ចាប់ពីថ្ងៃចន្ទស្អែកនេះទៅហើយ ជាវិធានការថ្នាក់ជាតិចុងក្រោយគេបង្អស់ដែលរដ្ឋាភិបាលកូរ៉េខាងត្បូងសម្រេចដាក់ចេញដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដនៅក្នុងប្រទេស​ នេះបើតាមការប្រកាសនៅរសៀលថ្ងៃអាទិត្យនេះដោយលោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News ការដាក់ចេញវិធានការហាមឃាត់ជួបជុំឯកជនលើសពី៤នាក់នេះ នឹងត្រូវអនុវត្តទូទាំងប្រទេសកូរ៉េខាងត្បូងតែម្តង បើទោះបីជាតំបន់ខ្លះស្ថិតក្រោមវិធានការគម្លាតសង្គមត្រឹមកម្រិត២ ដែលក្នុងកម្រិត២ គេអាចជួបជុំឯកជនរហូតបានដល់៨នាក់ក៏ដោយ។ សម្រាប់ជាការអនុវត្តបច្ចុប្បន្នមានតែ ទីតាំងដែលស្ថិតក្រោមវិធានការគម្លាតសង្គមកម្រិត៤ប៉ុណ្ណោះ ដែលមានក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់ ដែលស្ថិតក្រោមការហាមឃាត់ជួបជុំគ្នាលើសពី៤នាក់បែបនេះ ហើយចាប់ពីម៉ោង៦ល្ងាចតទៅ ត្រូវហាមឃាត់ការជួបជុំឯកជនលើសពី២នាក់ឡើង ហើយសម្រាប់តំបន់ដទៃទៀតគឺមានគោលការណ៍កំណត់ផ្សេងៗគ្នា តែសម្រាប់ពីថ្ងៃចន្ទស្អែកទៅ គោលការណ៍ហាមឃាត់ជួបជុំលើសពី៤នាក់នឹងត្រូវអនុវត្តទូទាំងប្រទេសកូរ៉េខាងត្បូងទាំងស្រុងតែម្តង លើកលែងតែប្រជុំជនសេអ៊ូលដែលមានការរឹតត្បិតជួបជុំលើសពី២នាក់ ចាប់ពីម៉ោង៦ល្ងាចតទៅដដែល។

វិធានការនេះនឹងចាប់ផ្តើមអនុវត្តពីថ្ងៃចន្ទស្អែកនេះទៅ រហូតដល់ថ្ងៃទី១សីហាខាងមុខ ទើបបិទបញ្ចប់។ ការតម្លើងវិធានការរឹតត្បិតការជួបជុំនេះ ក៏ដោយសារតែថ្មីៗចុងក្រោយនេះ គេឃើញមានការកើនឡើងករណីឆ្លងកូវីដថ្មីកាន់តែច្រើននៅតំបន់នានាទូទាំងប្រទេស ដែលជាហានិភ័យសុខាភិបាលកាន់តែខ្លាំងសម្រាប់កូរ៉េខាងត្បូង។

បង្ហាញពីក្តីបារម្ភផងដែរនោះ លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា មកដល់ពេលនេះគឺមួយសប្តាហ៍មកហើយដែលរដ្ឋាភិបាលបានអនុវត្តគម្លាតសង្គមកម្រិតខ្ពស់ជាងគេនៅប្រជុំជនសេអ៊ូល តែគេឃើញថាចំនួនករណីឆ្លងថ្មីនៅតែបន្តមានចំនួនយ៉ាងច្រើនដដែល មិនទាន់មានសញ្ញាធ្លាក់ចុះទាល់តែសោះ ហេតុដូចនេះហើយទើបរដ្ឋាភិបាលត្រូវបង្កើនវិធានការទប់ស្កាត់កូវីដឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន។

សូមបញ្ជាក់ថា ថ្មីៗចុងក្រោយនេះតាមបណ្តាខេត្ត និងក្រុងធំៗនានាជាច្រើននៅកូរ៉េខាងត្បូងចាប់ផ្តើមចេញវិធានការផ្សេងៗគ្នាតាមមូលដ្ឋានខ្លួន ដូចជាកោះជេជូតម្លើងវិធានការគម្លាតសង្គមដល់កម្រិត៣ រីឯក្រុងប៊ូសានចាប់អនុវត្តហាមឃាត់មិនឱ្យកន្លែងហាងផឹកស៊ី កន្លែងកម្សាន្តរាត្រីនានាបើកដំណើរការទាំងអស់ រយៈពេលមួយសប្តាហ៍ពេលទៅផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *