ក្រសួងអប់រំកូរ៉េ គ្រោងចាយលុយជិត៦ពាន់លានដុល្លារ ដោះស្រាយបញ្ហាប្រឈមធំមួយនេះការពារកូវីដ ទើបអាចទទួលសិស្សមករៀនផ្ទាល់ក្នុងថ្នាក់ទាំងស្រុងវិញបាន

កូរ៉េខាងត្បូង៖ ក្រសួងអប់រំកូរ៉េខាងត្បូងនឹងប្រើប្រាស់កញ្ចប់ថវិកាបន្ថែមដល់ជាង ៦ពាន់លានដុល្លារ ដើម្បីដោះស្រាយបន្ទាប់ប​ញ្ហាថ្នាក់រៀនដែលមានសភាពពេញណែន នៅពេលដែលនឹងបើកទទួលសិស្សមករៀនផ្ទាល់វិញទាំងស្រុងនាពេលឆាប់ៗខាងមុខនេះ ខណៈដែលស្ថានការណ៍កូវីដនៅតែកើនឡើងខ្លាំងគួរឱ្យបារម្ភបច្ចុប្បន្ននេះផង នេះបើតាមឯកសារផ្លូវការរបស់ក្រសួងអប់រំកូរ៉េដែលបានចេញផ្សាយក្នុងសារព័ត៌មាន Yonhap News។

តាមឯកសារផ្លូវការដែលក្រសួងអប់រំកូរ៉េបានចេញផ្សាយ និងត្រូវបានផ្តល់ជូនមកសារព័ត៌មាន Yonhap News របស់កូរ៉េតាមរយៈសមាជិកសភាកូរ៉េ លោក លី អ៊ុនជូ បានឱ្យដឹងថា ក្រសួងអប់រំកូរ៉េបានណែនាំឱ្យការិយាល័យអប់រំទូទាំងប្រទេសប្រើប្រាស់កញ្ចប់ថវិកាជាតិដែលប្រមូលបានលើសនៅឆ្នាំ២០២១នេះ ប្រមាណជាង​ ៦.៣៦ទ្រីលានវ៉ុន (ប្រមាណជាង ៥.៥ប៊ីលានដុល្លារ) ដើម្បីយកទៅដោះស្រាយបញ្ហាថ្នាក់រៀនពេញណែន តាមអាគារសិក្សា សាលារៀនទូទាំងប្រទេសខណៈដែលគេគ្រោងនឹងបើកសាលារៀនឱ្យសិស្សមករៀនពេញទាំងស្រុងវិញតាមផែនការនៅអំឡុងខែកញ្ញាខាងមុខនេះ។

ក្នុងចំណោមវិធានការដែលការិយាល័យអប់រំអាចយកកញ្ចប់ថវិការយ៉ាងច្រើននេះទៅដោះស្រាយ អាចជាការសាងសង់ទីតាំងថ្នាក់រៀនបណ្តុះអាសន្នបន្ថែមសម្រាប់រំលែកចំនួនសិស្សចេញពីអាគារសិក្សាដែលមានស្រាប់ ធ្វើយ៉ាងណាអាចឱ្យសិស្សដែលមានរៀនផ្ទាល់ទាំងអស់គ្នាវិញ អាចអនុវត្តវិធានការគម្លាតសង្គម និងអនាម័យនានាដែលចាំបាច់បានដើម្បីការពារខ្លួនពីស្ថានការណ៍កូវីដដែលឥឡូវនេះកំពុងតែផ្ទុះខ្លាំងមែនទែននោះ។

ការដោះស្រាយផ្តល់កញ្ចប់ថវិកាជាងពាន់លានដុល្លារនេះ គឺដោយសារតែក្រសួងអប់រំមើលឃើញថាផែនការរដ្ឋាភិបាលកូរ៉េបើកឱ្យសិស្សមករៀនផ្ទាល់ក្នុងថ្នាក់វិញទាំងស្រុង ជាទូទៅ៣០នាក់ក្នុងមួយថ្នាក់ដូចធម្មតានោះ មានភាពចង្អៀតខ្លាំងពេកសម្រាប់ការអនុវត្តគម្លាតសង្គមនៅខណៈពេលនេះ ដែលអាចជាឧបសគ្គក្នុងការទប់ស្កាត់ និងឆ្លើយតបទៅនឹងការផ្ទុះឆ្លងកូវីដរលកទី៤នាពេលបច្ចុប្បន្ននេះ។ ការសម្រេចឱ្យសិស្សមករៀនផ្ទាល់ក្នុងថ្នាក់ទាំងស្រុងវិញនេះ គឺដោយសារតែរដ្ឋាភិបាលយល់ឃើញថាប្រសិនបើនៅតែឱ្យសិស្សរៀនតាមអនឡាញទៀត អាចនឹងធ្វើការអប់រំមានគម្លាតកាន់តែខ្លាំងជាពិសេសគឺអ្នកខ្លះដែលបានមករៀនផ្ទាល់ និងសិស្សមួយចំនួនដែលត្រូវរៀនតាមអនឡាញ ដែលគម្លាតនេះអាចនឹងជះឥទ្ធិពលខ្លាំងសម្រាប់អនាគតសិស្សទាំងអស់ទៅពេលអនាគតខាងមុខ។ តែយ៉ាងណាសម្រាប់ដំណាក់កាលនេះ គ្រោងការណ៍អនុញ្ញាតឱ្យសិស្សមករៀនផ្ទាល់ក្នុងថ្នាក់វិញទាំងស្រុងនេះ ក៏ត្រូវបន្តពិនិត្យមើលសិនដែរ អាស្រ័យទៅតាមស្ថានការណ៍ជាក់ស្តែងនៃបញ្ហាកូវីដ។

បើតាមការបញ្ជាក់របស់សមាជិកសភារូបនេះ បានឱ្យដឹងថាមានការិយាល័យអប់រំតាមតំបន់ធំៗចំនួន៦មាន សេអ៊ូល ដេហ្គូ ខ្វាងជូ អ៊ុលសាន ឈុងឈុន និងជេជូ បានលើកពីបញ្ហាបារម្ភនៃចំនួនសិស្សដែលនឹងចូលមករៀនផ្ទាល់ពេញក្នុងថ្នាក់នេះ ថាជាហានិភ័យនៃការចម្លងកូវីដ ដែលគេអាចដោះស្រាយបានទាល់តែមានកញ្ចប់ថវិកាបន្ថែមនេះ។ ជាមួយនឹងស្ថានការណ៍បែបនេះ សមាជិកសភារូបនេះ យល់ឃើញថាការដាក់ចេញកញ្ចប់ថវិកាបន្ថែមសម្រាប់ជួយដោះស្រាយបញ្ហាបែបនេះ គឺត្រូវត្រូវ តែសម្រាប់រយៈពេលវែងទៅមុខ រដ្ឋាភិបាលកូរ៉េគួរពិចារណាកាត់បន្ថយចំនួនសិស្សជាមធ្យមក្នុងថ្នាក់រៀននីមួយៗឱ្យមកនៅត្រឹម២០នាក់ជាងបានហើយ។

 

Leave a Reply

Your email address will not be published. Required fields are marked *