‘គ្មានកន្លែងណាសុវត្ថិភាពពីកូវីដនោះទេ!’ ខេត្តឃ្យ៉ុងណាម ហាមជួបជុំលើស៥នាក់ ឯប៊ូសាន ផ្អាកហាងផឹកស៊ីទាំងអស់ ១សប្តាហ៍ពេញ ដោយសារកូវីដផ្ទុះកាន់តែខ្លាំង

កូរ៉េខាងត្បូង៖ ខេត្ត និងទីក្រុងធំៗនៅកូរ៉េខាងត្បូងជាបន្តបន្ទាប់ដូចជាខេត្តឃ្យ៉ុងណាម និងប៊ូសានជាដើមនោះ ចាប់ផ្តើមពង្រឹងវិធានការគម្លាតសង្គមហើយ ខណៈករណីកូវីដ-១៩ថ្មីៗកាន់តែច្រើនត្រូវបានគេរកឃើញនៅតាមខេត្តនានាក្រៅពីប្រជុំជនសេអ៊ូល ដែលបង្កជាការបារម្ភកាន់តែខ្លាំង នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន YTN News កូរ៉េ។

បើតាមការចុះផ្សាយក្នុងសារព័ត៌មាន YTN News នេះ ខេត្តឃ្យ៉ុងណាមពីថ្ងៃអាទិត្យនេះទៅនឹងប្រកាសតម្លើងវិធានការគម្លាតសង្គមដោយនឹងហាមឃាត់មិនឱ្យមានការជួបជុំគ្នាឯកជនលើសពី៥នាក់ឡើងទៅរហូតដល់ទៅថ្ងៃទី ២៨ កក្កដា ខណៈឯក្រុងប៊ូសានវិញនឹងដាក់ចេញនូវវិធានការគម្លាតសង្គ​មដោយធ្វើការហាមឃាត់ទាំងស្រុងមិនឱ្យអាជីវកម្មផឹកស៊ី កន្លែងកម្សាន្តរាត្រី ខារ៉ាអូខេដំណើរការក្នុងរយៈពេលមួយសប្តាហ៍ពេញ ដោយនឹងចាប់អនុវត្តចាប់ពីថ្ងៃទី ១៩ កក្កដានេះទៅផងដែរ។

ការដាក់ចេញវិធានការរឹតបន្តឹងគម្លាតសង្គមថ្មីៗនេះ ក៏ដោយសារតាមបណ្តាទីតាំងខេត្ត និងក្រុងធំៗជាច្រើនបន្តបន្ទាប់ចាប់ផ្តើមរកឃើញករណីឆ្លងតៗគ្នាកាន់តែច្រើនឡើងៗរាល់ថ្ងៃ គិតជាមធ្យមតំបន់នានាក្រៅប្រជុំជនសេអ៊ូលឥឡូវមានករណីឆ្លងថ្មីប្រចាំថ្ងៃដល់ជាង ៤០០ករណីឯណោះ។ ជាក់ស្តែងសម្រាប់ខេត្តឃ្យ៉ុងណាម គេទើបនឹងរកឃើញករណីឆ្លងកូវីដដល់ទៅជាង ៤០ករណីថ្មីពីថ្ងៃម្សិលមិញ ដែលក្នុងនោះដែរករណីដែលឆ្លងប្រភពចេញពីទីតាំងផឹកស៊ីនៅតែមិនទាន់ថយចុះនោះឡើយ ហើយអ្នកដែលវិជ្ជមានបានឆ្លងបន្តទៅនឹងសាច់ញាតិ គ្រួសាររបស់ខ្លួនជាបន្តបន្ទាប់ជាច្រើនផងដែរ។

បើតាមការបញ្ជាក់របស់អ្នកនាំពាក្យសាលាខេត្តឃ្យ៉ុងណាម បានឱ្យដឹងថាសព្វថ្ងៃនេះសឹងគ្មានទីតាំងណាមួយដែលសុវត្ថិភាពពីកូវីដនោះឡើយ ហើយគេបន្តរកឃើញករណីវិជ្ជមានកូវីដជាបន្តបន្ទាប់នៅតាមទីក្រុងនានាក្នុងខេត្តឃ្យ៉ុងណាម ដូចនេះមានតែវិធានការរឹតបន្តឹងការជួបជុំនេះហើយ ទើបអាចឆ្លើយតប និងទប់ស្កាត់ទៅនឹងហានិភ័យនៃការបន្តចម្លងកូវីដក្នុងមូលដ្ឋានខ្លួនបាន។

ចំណែកឯក្រុងប៊ូសានវិញ ក្នុងរយៈពេលជាងមួយសប្តាហ៍ចុងក្រោយ គេរកឃើញមានករណីវិជ្ជមានកូវីដជាមធ្យមដល់ទៅ ៥៧ នាក់ហើយកម្រិតនៃការបន្តចម្លងកូវីដនៅតែមិនទាន់ថយចុះនោះឡើយ។ ដោយសារហានិភ័យកាន់តែខ្លាំងពីកូវីដនេះ ទើបអជ្ញាធរក្រុងប៊ូសាននឹងដាក់ចេញនូវវិធានការគម្លាតសង្គ​មដោយធ្វើការហាមឃាត់ទាំងស្រុងមិនឱ្យអាជីវកម្មផឹកស៊ី កន្លែងកម្សាន្តរាត្រី ខារ៉ាអូខេដំណើរការក្នុងរយៈពេលមួយសប្តាហ៍ពេញ ដោយនឹងចាប់អនុវត្តចាប់ពីថ្ងៃទី ១៩ កក្កដានេះទៅ។ លោកអភិបាលក្រុងប៊ូសានបានបញ្ជាក់ថាថ្មីៗនេះហានិភ័យនៃការចម្លងកូវីដខ្លាំងមានប្រភពមួយភាគធំចេញពីទីតាំងអាជីវកម្មបែបកម្សាន្ត ផឹកស៊ីនេះ ដូចនេះហើយទើបអជ្ញាធរប៊ូសានសម្រេចរឹតបន្តឹងវិធានការគម្លាតសង្គមក្នុងមូលដ្ឋានខ្លួន។

បើតាមតួលេខនៃការឆ្លងកូវីដប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រៅពីតំបន់ប្រជុំជនសេអ៊ូលដែលជាចំណុចផ្ទុះខ្លាំងកូវីដ សឹងគ្រប់ខេត្ត និងក្រុងធំៗទូទាំងប្រទេស គឺបន្តរកឃើញករណីកូវីដថ្មីច្រើនដល់ទៅលើសពីពីរខ្ទង់ឡើងទាំងអស់ លើកលែងតែទីតាំងមួយចំនួនដូចជាក្រុងសេជុង ក្រុងជុងប៊ុក និងចូណានប៉ុណ្ណោះ។ បើតាមការបញ្ជាក់ក្នុងសារព័ត៌មាននេះដែរ រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងនឹងធ្វើការប្រកាសវិធានការថ្នាក់ជាតិថ្មី ដើម្បីកំណត់ចំនួនមនុស្សជួបជុំគ្នាជាឯកជន ឱ្យបានត្រឹម៤នាក់ប៉ុណ្ណោះសម្រាប់គ្រប់ខេត្ត និងក្រុងទូទាំងប្រទេស លើកលែងតំបន់ប្រជុំជនសេអ៊ូលចេញផងដែរ តែចំពោះវិធានការយ៉ាងណាឱ្យប្រាកដនោះ ត្រូវចាំមើលបន្តទៀតសិន។

Leave a Reply

Your email address will not be published. Required fields are marked *