ចុងសប្តាហ៍នេះ អាចជាផ្លូវបំបែកនៃស្ថានការណ៍កូវីដហើយ! ប្រធានាធិបតីកូរ៉េខាងត្បូង ទទូចស្នើប្រជាជនបន្ថយសកម្មភាព ២ ប្រភេទនេះបំផុត ដោយសារតែ …

កូរ៉េខាងត្បូង៖ ពេលវេលាចុងសប្តាហ៍នេះ គឺជាចំណុចផ្លូវបំបែកសំខាន់បំផុតហើយក្នុងបេសកកម្មរបស់អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ដើម្បីព្យាយាមទប់ស្កាត់ការផ្ទុះឆ្លងកូវីដ-១៩ កាន់តែខ្លាំងបន្ថែមទៀត នេះបើតាមការថ្លែងបញ្ជាក់របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន តាមសារបង្ហោះនៅក្នុងប្រព័ន្ធសង្គមរបស់ខ្លួនកាលពីល្ងាចថ្ងៃសុក្រ​ម្សិលមិញនេះ។

នៅក្នុងការចែករំលែកសារក្នុងប្រព័ន្ធសង្គមរបស់លោក ប្រធានាធិបតីមូន ជេអ៊ីន បានបញ្ជាក់ថាអ្វីដែលជាក្តីបារម្ភខ្លាំងបំផុតនៃវិបត្តិកូវីដនៅក្នុងប្រទេសកូរ៉េខាងត្បូងបច្ចុប្បន្ននោះគឺល្បឿនដល់លឿន និងគួរឱ្យខ្លាចនៃលទ្ធភាពចម្លងកូវីដ នៃមេរោគបម្លែងខ្លួនប្រភេទថ្មី គឺមេរោគដែលតា ដែលបច្ចុប្បន្នកំពុងមានវត្តមានយ៉ាងច្រើនក្នុងប្រទេសកូរ៉េខាងត្បូង។ លោកប្រធានាធិបតីបានបញ្ជាក់ស្នើសុំឱ្យប្រជាជនទាំងអស់ចូលរួមដោយសស្រាក់សស្រាំបំផុត ក្នុងការទប់ស្កាត់ប្រភពចម្លង ដោយព្យាយាមបន្ថយសកម្មភាពដើរហើររបស់ខ្លួន និងបន្ថយការជួបជុំគ្នាឱ្យនៅសល់ត្រឹមតែកម្រិតតិចបំផុត ដើម្បីជួយចូលរួមជាមួយនឹងអជ្ញាធរសុខាភិបាលទប់ស្កាត់កូវីដនាពេលនេះ។

លោកមូន បានថ្លែងអំណរគុណ និងបញ្ជាក់ជាថ្មីទៀតថា ទាល់តែគ្រប់គ្នាទាំងអស់ក្នុងប្រទេសចូលរួមសហការគ្នាក្នុងវិធានការទប់ស្កាត់កូវីដនេះ ដើម្បីឱ្យវិធានការគម្លាតសង្គមកម្រិត៤ខ្ពស់ជាងគេដែលនៅតំបន់ប្រជុំជនសេអ៊ូល និងតំបន់ដទៃទៀតដែលកំពុងតែតម្លើងគម្លាតសង្គមកាន់តែតឹងរ៉ឹងនោះ អាចអនុវត្តបានសម្រេចក្នុងរយៈពេលខ្លី បើទោះជាត្រូវមានលក្ខណៈចាប់បង្ខំមួយចំនួនក៏ដោយ ដែលនេះជាស្ថានការណ៍លំបាកក្នុងរយៈពេលខ្លី ដើម្បីអាចឱ្យប្រជាជនកូរ៉េ និងប្រទេសកូរ៉េខាងត្បូងទាំងមូលអាចយកឈ្នះលើមេរោគកូវីដ និងអាចត្រឡប់មកស្ថានការណ៍ប្រក្រតីឡើងវិញបាន។

ក្នុងការចែករំលែកនោះ លោកប្រធានាធិបតីក៏បានកោតសរសើរ និងទទួលស្គាល់ស្នាដៃ និងកិច្ចខិតខំប្រឹងប្រែងរបស់គ្រូពេទ្យ និងបុគ្គលិកពេទ្យនៅជួរមុខទាំងអស់ផងដែរដែលបានបន្តខិតខំប្រឹងប្រែងទោះជាក្នុងស្ថានការណ៍រដូវក្តៅបែបនេះក៏ដោយ ហើយលោកប្រធានាធិបតីបញ្ជាក់ថាកូរ៉េខាងត្បូងនឹងប្រើប្រាស់ឱ្យអស់លទ្ធភាពផ្តោតសំខាន់ទៅលើការធ្វើតេស្តកម្រិតធំឱ្យច្រើនជាងមុន ការធ្វើសម្រង់មតិតាមដានស្ថានការណ៍ឆ្លង និងការគ្រប់គ្រងទីតាំងដែលមានហានិភ័យនានា និងដំណើរការចាក់វ៉ាក់សាំងឱ្យកាន់តែលឿនផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *