កូរ៉េខាងត្បូង៖ កន្លងមកនៅកូរ៉េខាងត្បូងមានករណីអ្នកខ្លះទៅធ្វើតេស្តកូវីដនៅកន្លែងតេស្តផ្លូវការ ចេញលទ្ធផលវិជ្ជមាន តែពេលធ្វើតេស្តកូវីដខ្លួនឯងមុន បែរជាបង្ហាញលទ្ធផលអវិជ្ជមានទៅវិញ។ ករណីបែបនេះហើយ ដែលមានមតិមួយចំនួនលើកឡើងថា ប្រដាប់ធ្វើតេស្តកូវីដរហ័សដោយខ្លួនឯង ដែលមានដាក់លក់តាមទីផ្សារនានានៅកូរ៉េខាងត្បូង ជាកត្តាមួយរួមចំណែកដល់ការផ្ទុះចេញជារលកទី៤ធំនៃកូវីដនាពេលឥឡូវ នេះបើតាមអត្ថបទវិភាគរបស់សារព័ត៌មាន Korea Times។
បើតាមការចុះផ្សាយក្នុងអត្ថបទវិភាគនេះ បានលើកឡើងថាអ្នកជំនាញសុខាភិបាលកូរ៉េមួយចំនួនលើកឡើងថា រដ្ឋាភិបាលកូរ៉េខាងត្បូងកន្លងមកនេះគួរតែធ្វើការពិនិត្យ និងប្រមូលទិន្នន័យពាក់ព័ន្ធនឹងប្រសិទ្ធភាពឧបករណ៍ធ្វើតេស្តកូវីដរហ័សនេះឱ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន មុននឹងដាក់លក់ក្នុងទីផ្សារដូចសព្វថ្ងៃ។ ការលើកឡើងបែបនេះ គឺក្រោយពីមានការរកឃើញ និងលើកឡើងជាបន្តបន្ទាប់ថា លទ្ធផលធ្វើតេស្តកូវីដតាមឧបករណ៍ធ្វើតេស្តរហ័ស ផ្តល់លទ្ធផលមិនច្បាស់លាស់ខ្លាំងដូចទៅនឹងការធ្វើតេស្តជាមួយគ្រូពេទ្យផ្ទាល់ ដែលជាកត្តានាំឱ្យមានអ្នកធ្វើតេស្តរហ័សមួយចំនួន មានកូវីដតែបែរជារកឃើញអវិជ្ជមានតាមរយៈឧបករណ៍តេស្តរហ័សនេះទៅវិញ។
បើតាមការសិក្សាស្រាវជា្រវមួយដឹកនាំដោយសាស្រ្តាចារ្យ គីម ណាមជុង (Kim Nam-joong) ពីសាកលវិទ្យាល័យពេទ្យជាតិសេអ៊ូល បានរកឃើញថាកម្រិតប្រសិទ្ធភាពនៃឧបករណ៍ធ្វើតេស្តកូវីដរហ័សដែលមានលក់នៅលើទីផ្សារនោះ មានប្រសិទ្ធភាព (sensitivity) ត្រឹមតែ១៧.៥% ប៉ុណ្ណោះប្រៀបទៅនឹងការធ្វើតេស្តកូវីដតាមបែប PCR ដែលជាវិធីសាស្រ្តធ្វើតេស្តផ្លូវការនៅតាមទីតាំងតេស្តនានា ខណៈដែលក្រុមហ៊ុនផលិតឧបករណ៍តេស្តកូវីដរហ័សនោះវិញ បានលើកឡើងថាឧបករណ៍របស់ខ្លួនមានប្រសិទ្ធភាពដូចទៅនឹងការធ្វើតេស្តបែប PCR ដល់ទៅលើស ៩០% ឯណោះ។
ទាក់ទងនឹងការលើកឡើងបែបនេះ តំណាងអជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ជាអ្នកស្រាវជ្រាវជំងឺឆ្លងនៃទីស្នាក់ការកណ្តាលមជ្ឈមណ្ឌលបង្ការគ្រោះមហន្តរាយកូរ៉េ លោក ផាក យ៉ុងជូន បានបញ្ជាក់ថាចំពោះករណីអ្នកដែលបានធ្វើតេស្តកូវីដរហ័សបង្ហាញលទ្ធផលអវិជ្ជមាន តែទៅធ្វើតេស្តកូវីដផ្លូវការឃើញវិជ្ជមានវិញនេះ គឺអាចកើតមានឡើងពិតមែន តែចំពោះទិន្នន័យជាក់ស្តែងគេមិនទាន់អាចមាននៅក្នុងដៃ ដើម្បីធ្វើការសន្និដ្ឋានបាននោះទេ។ បញ្ហាចន្លោះប្រហោងនេះហើយ ដែលអាចជាកត្តាបង្កឱ្យមានប្រភពចម្លងកូវីដដោយមិនដឹងខ្លួនបន្តបន្ទាប់គ្នា ទៅមនុស្សដទៃទៀត។
តែយ៉ាងណាមិញ អ្នកជំនាញខ្លះទៀតបានលើកឡើងផ្ទុយវិញ ដោយបាននិយាយថាការដាក់ឱ្យប្រើប្រាស់ឧបករណ៍ធ្វើតេស្តកូវីដរហ័សនេះ មានប្រយោជន៍ខ្លាំងក្នុងការស្វែងរកអ្នកជំងឺដែលមានអាការៈសង្ស័យកូវីដ។ បើតាមប្រសាសន៍របស់សាស្រ្តាចារ្យសាកលវិទ្យាល័យពេទ្យម៉ុកដុង នៃសាកលវិទ្យាល័យស្រ្តីអ៊ីវ៉ា (Ewha Womans University Mokdong Hospital) បានឱ្យដឹងថាឧបករណ៍ធ្វើតេស្តរហ័សនេះ គឺគេមានប្រើទូលំទូលាយនៅប្រទេសលោកខាងលិចដូចជាអាម៉េរិក និងអង់គ្លេសផងដែរ ដូចនេះ ការលើកឡើងដែលថាអ្នកធ្វើតេស្តកូវីដរហ័ស ចេញលទ្ធផលអវិជ្ជមាន ហើយដើរចម្លងទៅគេឯងដោយស្ងៀមស្ងាត់នោះ គឺតម្រូវឱ្យមានទិន្នន័យច្បាស់លាស់មកពន្យល់គាំទ្រទើបគេអាចធ្វើការសន្និដ្ឋានបាន។ លោកសាស្រ្តាចារ្យបញ្ជាក់បន្ថែមថា អ្វីដែលជាអាទិភាពនាពេលនេះ គឺផ្តោតលើការធ្វើតេស្តកូវីដឱ្យបានច្រើន និងស្វែងរកអ្នកដែលមានអាការៈសង្ស័យឱ្យបានលឿនបំផុត។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ថានការណ៍កូវីដនៅក្នុងប្រទេសកូរ៉េខាងត្បូងកើនឡើងខ្លាំងមែនទែនគួរឱ្យបារម្ភ ខណៈដែលប្រជុំជនជុំវិញសេអ៊ូលអនុវត្តវិធានការគម្លាតសង្គមកម្រិត៤ខ្ពស់ជាងគេ តំបន់នានាទៀតទូទាំងប្រទេស លើកលែងតែខេត្តបីចេញកំពុងអនុវត្តវិធានការគម្លាតសង្គមកម្រិត២ហើយ ខណៈដែលកោះជេជូទើបនឹងតម្លើងវិធានការគម្លាតសង្គមទៅកម្រិត៣ ចាប់អនុវត្តពីថ្ងៃចន្ទក្រោយផងដែរ។