បន្ទាន់! កោះជេជូ តម្លើងគម្លាតសង្គមដល់កម្រិត៣ហើយ ពីថ្ងៃចន្ទក្រោយទៅក្រោយមានការផ្ទុះឆ្លងខ្លាំងគួរឱ្យបារម្ភ ដោយនឹងរឹតបន្តឹងសកម្មភាពសង្គមជាច្រើន

កូរ៉េខាងត្បូង៖ កោះជេជូ ទីកន្លែងកំសាន្តដ៏ប្រជាប្រិយជាងគេសម្រាប់ប្រជាជនកូរ៉េខាងត្បូងត្រៀមសម្រាប់រដូវក្តៅនេះ ឥឡូវនេះបានប្រកាសតម្លើងវិធានការគម្លាតសង្គមទៅកម្រិត៣ហើយ នៅក្រោមសេអ៊ូលតែមួយកម្រិតប៉ុណ្ណោះ នេះបើតាមការប្រកាសរបស់រដ្ឋាភិបាលកូរ៉េ ចុះផ្សាយក្នុងសារព័ត៌មាន KBS News។

សូមបញ្ជាក់ថា ត្រឹមពីថ្ងៃចន្ទមក កោះជេជូបានចាប់ផ្តើមអនុវត្តវិធានការគម្លាតសង្គមកម្រិត២ តែដោយសារតែការរកឃើញជាបន្តបន្ទាប់ករណីឆ្លងជាចង្កោមចេញពីទីតាំងកម្សាន្តនានានៅលើកោះជេជូ ក្នុងចំណោមប្រជាជននៅលើកោះផ្ទាល់ផង និងនៅក្នុងចំណោមអ្នកទេសចរណ៍មកជេជូផង ដូចនេះវិធានការគម្លាតសង្គមនឹងត្រូវតម្លើងមួយកម្រិតទៀតហើយដល់កម្រិត៣ ដែលជាកម្រិតខ្ពស់សល់មួយកម្រិតទាបជាងកម្រិត៤ប៉ុណ្ណោះ ចាប់អនុវត្តពីថ្ងៃចន្ទទី១៩ កក្កដានេះទៅហើយ។

នៅក្រោមវិធានការគម្លាតសង្គមកម្រិត៣ ការជួបជុំឯកជននឹងត្រូវកម្រិតបានត្រឹមតែ៤នាក់ប៉ុណ្ណោះ ខណៈភោជនីយដ្ឋាន និងហាងកាហ្វេនានានៅលើកោះជេជូនឹងត្រូវដំណើរការបានត្រឹមតែម៉ោង១០យប់ប៉ុណ្ណោះ តែអាចខ្ចប់យកចេញបានត្រឹមពីម៉ោង១០យប់ទៅ។ ចំណែក​ឯកម្មវិធីជួបជុំនានា ការដង្ហែក្បួនអាចធ្វើបានត្រឹមមានអ្នកចូលរួមតែ ៤៩នាក់ប៉ុណ្ណោះ។ ក្នុងវិធានការនេះ ការជួបជុំគ្រួសារដែលមិនស្នាក់នៅក្នុងផ្ទះជាមួយគ្នា ក៏ត្រូវកំណត់ត្រឹមតែ៤នាក់ដែរ លើកលែងតែគ្រួសារដែលនៅផ្ទះជាមួយគ្នាផ្ទាល់ ទើបអាចលើសចំនួនកំណត់បាន។

ក្នុងនោះដែរកោះជេជូ ក៏នឹងឈប់អនុវត្តគោលការណ៍លើកលែងសម្រាប់អ្នកចាក់វ៉ាក់សាំងរួច ឱ្យរួចផុតពីប​ម្រាមជួបជុំគ្នាដូចបានរៀបរាប់នេះផងដែរ។ រីឯទីតាំងកម្សាន្តពេលរាត្រីនានានៅជេជូ ត្រូវដាក់ឱ្យស្ថិតក្រោមបញ្ជារដ្ឋបាល មិនឱ្យមានការជួបជុំផងដែរពីថ្ងៃព្រហស្បត្តិ៍ ដែលនឹងអនុវត្តបន្តរហូតមានការជូនដំណឹងបន្ថែម។

សូមបញ្ជាក់ថា ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ កោះជេជូមានករណីឆ្លងជាមធ្យមដល់១៤ករណីថ្មី ក្នុងមួយថ្ងៃ ដែលធៀបទៅនឹងចំនួនប្រជាជននៅលើកោះជេជូ គឺឈានចូលដល់វិធានការគម្លាតសង្គមកម្រិតទី៣នេះហើយ។

 

Leave a Reply

Your email address will not be published. Required fields are marked *