កូរ៉េខាងត្បូង៖ សាលាក្រុងសេអ៊ូលចេញសេចក្តីប្រកាសនៅថ្ងៃសុក្រនេះ តម្រូវឱ្យបុគ្គលិកធ្វើការនៅតាមផ្សារទំនើបជាង ១២៨០០០ នាក់ទូទាំងសេអ៊ូល ត្រូវទៅធ្វើតេស្តកូវីដ-១៩ទាំងអស់ ដើម្បីជាវិធានការបង្ការការចម្លងជាបន្តបន្ទាប់ទៀត ប្រភពចេញពីទីតាំងផ្សារទំនើបនៅក្នុងទីក្រុងសេអ៊ូល នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
បទបញ្ជារដ្ឋបាលថ្មីនេះ ជាវិធានការចុងក្រោយគេបង្អស់ដែលរដ្ឋបាលក្រុងសេអ៊ូលបានដាក់ចេញនៅថ្ងៃសុក្រនេះ ដែលតម្រូវឱ្យប្រធានគ្រប់គ្រង និងបុគ្គលិកធ្វើការនៅតាមផ្សារទំនើបធំៗចំនួន ៣២ កន្លែង ប្រមាណដល់ ១២៨០០០ នាក់នៅក្នុងទីក្រុងសេអ៊ូល ត្រូវទៅធ្វើតេស្តកូវីដ-១៩ ដាច់ខាតចន្លោះពីថ្ងៃសៅរ៍ស្អែកនេះ រហូតដល់ថ្ងៃទី២១ កក្កដា ២០២១ខាងមុខ។
មន្ត្រីទទួលបន្ទុកបង្ការជំងឺឆ្លងនៃសាលាក្រុងសេអ៊ូលម្នាក់បានបញ្ជាក់ថា នៅពេលនេះរដ្ឋបាលសេអ៊ូលកំណត់ថាវិធានការបង្ការទុកមុននេះ ត្រូវតែអនុវត្តដាក់ចេញជាចាំបាច់ដើម្បីបង្ការ និងទប់ស្កាត់ការបន្តឆ្លងជាចង្កោមប្រភពចេញពីបណ្តាផ្សារទំនើបនានា ដោយសារតែមនុស្សចេញចូលតាមផ្សារទំនើបនីមួយៗមានច្រើន ហើយភាគច្រើនគឺចំណាយពេលវេលាយូរនៅក្នុងទីតាំងផ្សារទំនើបនីមួយ ដែលទាំងនេះអាចជាហានិភ័យនាំឱ្យមានការចម្លងជំងឺកូវីដបន្តគ្នាផងដែរ។
មន្ត្រីទទួលបន្ទុកដដែលរូបនេះ បានបញ្ជាក់ថាកន្លងមកសាលាក្រុងសេអ៊ូលក៏បានចេញវិធានការណែនាំដំបូងឱ្យបណ្តាផ្សារទំនើបនានាធ្វើការតេស្តកូវីដសម្រាប់បុគ្គលិកខ្លួននៅថ្ងៃទី៧ កក្កដា កន្លងមកដែរ តែសម្រាប់ពេលនេះអជ្ញាធរសម្រេចបង្កើនការអនុវត្តវិធានការនេះឱ្យកាន់តែតឹងរ៉ឹង និងសម្រេចដាក់ការធ្វើតេស្តនេះជាកាតព្វកិច្ចរដ្ឋបាលដែលអ្នកពាក់ព័ន្ធត្រូវតែបំពេញតែម្តង ដើម្បីជាវិធានការឆ្លើយតប និងទប់ស្កាត់ប្រភពនៃការចម្លងកូវីដ។
បើតាមទិន្នន័យនៃការឆ្លងកូវីដប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលមានការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់នោះ គេឃើញថាតាមផ្សារទំនើបនានានៅសេអ៊ូលបានក្លាយជាចំណុចក្តៅនៃចំណុចឆ្លងតៗគ្នាជាបន្តបន្ទាប់ហើយ បើគិតមកដល់ពេលនេះ គេរកឃើញមាន ១៦០ករណីហើយដែលជាករណីឆ្លងជាចង្កោមតគ្នាចេញពីទីតាំងផ្សារទំនើបធំៗនៅសេអ៊ូល។ ក្នុងនោះ ផ្សារទំនើប Hyundai Department Store’s Trade Center Store រកឃើញករណីឆ្លងកូវីដបន្តគ្នាដល់ទៅ ១៤៧ ករណីហើយ ខណៈទីតាំងផ្សារទំនើប The Hyundai Seoul មាន ៧ករណី និងផ្សារទំនើប The Galleria’s Luxury Hall មាន៦ករណីផងដែរ។
គិតត្រឹមថ្ងៃសុក្រនេះ ទីក្រុងសេអ៊ូលបានបំបែកកំណត់ត្រាថ្មីឆ្លងជាបន្តបន្ទាប់ផងដែរ ទាក់ទងនឹងការកើនឡើងខ្លាំងនៃជំងឺកូវីដ ហើយថ្ងៃនេះសេអ៊ូលមានករណីឆ្លងដល់ទៅ ៥៧០ករណី ក្នុងចំណោមករណីឆ្លងសរុបទូទាំងប្រទេសចំនួន ១៥៣៦ករណី។