ច្បាស់ហើយ! ក្រឹត្យប្រធានាធិបតីកូរ៉េខាងត្បូង ផ្តល់ថ្ងៃឈប់សងបន្ថែម សម្រាប់តែបុណ្យជាតិកូរ៉េ ៧ ធំៗនេះប៉ុណ្ណោះ ក្នុងករណីឈប់ចំថ្ងៃចុងសប្តាហ៍

កូរ៉េខាងត្បូង៖ ច្បាប់កូរ៉េខាងត្បូងទើបនឹងចេញថ្មី ដែលសម្រេចផ្តល់ថ្ងៃឈប់បន្ថែម ករណីដែលថ្ងៃបុណ្យ ទិវាផ្សេងៗឈប់សម្រាកចំថ្ងៃអាទិត្យចុងសប្តាហ៍នោះ ត្រូវបានរដ្ឋាភិបាលកូរ៉េខាងត្បូងប្រកាសនៅថ្ងៃសុក្រនេះហើយ នឹងផ្តល់ការឈប់សងនេះសម្រាប់តែថ្ងៃឈប់សម្រាកបុណ្យជាតិប៉ុណ្ណោះ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ការប្រកាសថ្មីរបស់រដ្ឋាភិបាលកូរ៉េនេះ មានន័យថានឹងអនុញ្ញាតឱ្យឈប់សង ចំពោះតែថ្ងៃឈប់សម្រាកបុណ្យជាតិដែលធ្លាក់ចំចុងសប្តាហ៍ប៉ុណ្ណោះ រីឯទិវាបុណ្យផ្សេងៗទៀត មិនមែនជាបុណ្យជាតកូរ៉េទេនោះ គឺមិនទទួលបានការឈប់សម្រាកសងដែលកំណត់ថ្មីនេះនោះទេ ដូចជាថ្ងៃប្រសូត្ររបស់ព្រះពុទ្ធ ដែលសម្រាប់ឆ្នាំ២០២២ ចំថ្ងៃអាទិត្យទី ៨ ឧសភានោះ នឹងមិនទទួលបានថ្ងៃឈប់សងមកថ្ងៃចន្ទទៀតនោះទេ រីឯថ្ងៃបុណ្យគ្រីស្តម៉ាស់២០២១នេះ ចំថ្ងៃសៅរ៍ ទី២៥ ធ្នូ ក៏នឹងមិនត្រូវទទួលបានឈប់សងដែរ នេះបើតាមការបញ្ជាក់របស់ក្រសួងគ្រប់គ្រងបុគ្គលិកកូរ៉េខាងត្បូង។

សូមបញ្ជាក់ថា ច្បាប់ថ្មីរបស់កូរ៉េខាងត្បូង ដែលផ្តល់ការអនុញ្ញាតឈប់សម្រាកសងបន្ថែមថ្ងៃ សម្រាប់ថ្ងៃឈប់បុណ្យណាដែលធ្លាក់ចំថ្ងៃអាទិត្យនេះត្រូវបានរដ្ឋសភាកូរ៉េខាងត្បូងប្រកាសអនុម័តពីថ្ងៃទី ២៩ មិថុនាកន្លងមកថ្មីៗនេះ តែក្នុងច្បាប់ថ្មីនេះបានកំណត់ឱ្យប្រធានាធិបតីជាអ្នកមានសិទ្ធចេញក្រឹត្យ ដើម្បីបញ្ជាក់បន្ថែមពីថ្ងៃដែលទទួលបានការឈប់សងបន្ថែមជាក់ស្តែងប្រចាំឆ្នាំនីមួយៗ ដើម្បីឱ្យការអនុវត្តមានភាពបត់បែនបានល្អ និងមានប្រសិទ្ធភាព។

ក្នុងការកំណត់នេះហើយ ក្រសួងគ្រប់គ្រងបុគ្គលិកកូរ៉េខាងត្បូងបានប្រកាសថានឹងមានបន្ថែមថ្ងៃបុណ្យជាតិតែ ៤ ប៉ុណ្ណោះ ដែលនឹងទទួលបានការឈប់សម្រាកសងបន្ថែម ក្នុងករណីដែលថ្ងៃទាំងនោះធ្លាក់ចំថ្ងៃចុងសប្តាហ៍នោះ គឺ (១) ថ្ងៃទី១ មីនា ជាថ្ងៃចលនាឯករាជ្យជាតិកូរ៉េ (២) ថ្ងៃទី១៥ សីហា ជាថ្ងៃរំដោះជាតិកូរ៉េ (៣) ថ្ងៃទី ៣ តុលា ជាថ្ងៃដើមកំណើតជាតិ – National Foundation Day និង (៤) ថ្ងៃទី ៩ តុលា ជាថ្ងៃកំណើតភាសាជាតិកូរ៉េ Hangeul Day។ ក្រៅពីថ្ងៃទាំង៤ ដែលបានកំណត់ថ្មីនេះ ក៏មានថ្ងៃបុណ្យជាតិធំៗ ៣ ផ្សេងទៀតដែលទទួលបានថ្ងៃឈប់សម្រាកសងនេះដែរ ករណីដែលឈប់ចំថ្ងៃចុងសប្តាហ៍មាន (៥) ថ្ងៃជូសុក (៦) ថ្ងៃបុណ្យចូលឆ្នាំកូរ៉េ និង (៧) ថ្ងៃសិទ្ធកុមារ។

ក្រសួងជំនាញបានបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េសម្រេចផ្តល់ការឈប់សងសម្រាប់តែថ្ងៃបុណ្យជាតិកូរ៉េ ហើយមិនផ្តល់ការឈប់សងសម្រាប់ថ្ងៃបុណ្យទូទៅ ដោយសារបារម្ភពីសម្ពាធទៅលើក្រុមហ៊ុនអាជីវកម្មតូច និងមធ្យមនានា និងភាគីពាក់ព័ន្ធដទៃទៀត ដោយសារថ្ងៃឈប់សម្រាកអាចនឹងមានច្រើនហួសហេតុពេក ដែលប៉ះពាល់ដល់ប្រតិបត្តិការអាជីវកម្មនោះ។

កន្លងមក សមាគមតំណាងអាជីវកម្មធុនតូច និងមធ្យមកូរ៉េបានព្រមានផងដែរថាការបង្កើនថ្ងៃឈប់សម្រាកសងបន្ថែមនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការអាជីវកម្ម ដោយសារតែម៉ោងការងារត្រូវកាត់បន្ថយ ដែលនាំឱ្យតម្លៃពលកម្មកើនថ្លៃកាន់តែខ្ពស់ផងដែរ។ យ៉ាងណាមិញ ច្បាប់ឈប់សម្រាកសងបន្ថែមនេះ គេមិនអនុវត្តចំពោះទីតាំងកន្លែងការងារដែលមានបុគ្គលិកតិចជាង៥នាក់នោះទេ។

 

Leave a Reply

Your email address will not be published. Required fields are marked *