កូរ៉េខាងត្បូង៖ ចូលដល់រដូវក្តៅ ជាពេលវេលាសម្រាប់វិស្សមកាលនិងឈប់សម្រាក បណ្តាអជ្ញាធរមូលដ្ឋានតាមតំបន់នានាដែលជាគោលដៅទេសចរណ៍ធំៗនៅក្នុងប្រទេសកូរ៉េខាងត្បូង ចាប់ផ្តើមនាំគ្នាបារម្ភពីហានិភ័យនៃការបុកចូលមកកំសាន្ត និងជាពិសេសគឺការនាំមកជាមួយនូវហានិភ័យនៃជំងឺកូវីដ-១៩ មកជាមួយផងដែរនោះ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
ស្របពេលដែលករណីឆ្លងកូវីដប្រចាំថ្ងៃបានហក់ឡើងខ្លាំងខ្ពស់ដល់លើស ១៥០០ករណីរយៈពេលប៉ុន្មានថ្ងៃជាប់គ្នាមកហើយនោះ កូរ៉េខាងត្បូងក៏ដល់រដូវក្តៅដែលជាពេលវេលាឈប់សម្រាក និងរដូវវិស្សមកាលសម្រាប់ធ្វើដំណើរកំសាន្តផងដែរ ជាពិសេសគឺនៅតាមតំបន់ទាក់ទាញទេសចរណ៍តំបន់ព្រៃភ្នំ និងតំបន់ឆ្នេរសមុទ្រជាដើម ដែលនេះហើយក្លាយជាក្តីបារម្ភថ្មីសម្រាប់បណ្តាអជ្ញាធរតាមមូលដ្ឋានត្រូវគិតគូរ និងដោះស្រាយជាបន្ទាន់ដើម្បីទប់ស្កាត់ហានិភ័យនៃាការនាំយកកូវីដចូលមកាន់មូលដ្ឋានរបស់ខ្លួន។
ជាវិធានការថ្មីចុងក្រោយបង្អស់ដែលដាក់ចេញដោយរដ្ឋាភិបាលកូរ៉េ គឺគ្រប់ទីតាំងខេត្តក្រុងនានាទូទាំងប្រទេស ត្រូវតម្លើងវិធានការគម្លាតសង្គមអនុវត្តដល់កម្រិត២ទាំងអស់ ដែលមានតែក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគីដូ និងក្រុងអ៊ីនឆន់អនុវត្តវិធានការគម្លាតសង្គមកម្រិត៤ដដែល និងខេត្ត៣ទៀតប៉ុណ្ណោះដែលត្រូវលើកលែងអនុវត្តត្រឹមគម្លាតសង្គមកម្រិត១។ ក្រោមវិធានការគម្លាតសង្គមកម្រិត២ ការជួបជុំគ្នាជាឯកជនលើសពីមនុស្ស៨នាក់ឡើងទៅត្រូវបានហាមឃាត់ និងមានការហាមឃាត់អាជីវកម្មមានភោជណីយដ្ឋាន ហាងកាហ្វេ និងទីតាំងនានាមិនឱ្យដំណើរការទទួលភ្ញៀវចាប់ពីពាក់កណ្តាលយប់ទៅ រួមជាមួយនឹងវិធានការនានាដទៃទៀតជាច្រើន។
តែសម្រាប់អជ្ញាធរកោះជេជូ ដែលជាទីតាំងមួយរំពឹងភ្ញៀវទេសចរណ៍មកច្រើនជាងគេទូទាំងប្រទេសក្នុងអំឡុងពេលឈប់សម្រាករដូវក្តៅនេះនោះ កំពុងគ្រោងតម្លើងវិធានការគម្លាតសង្គមដល់កម្រិត៣ទៀតហើយ ដើម្បីអាចការពារ និងឆ្លើយតបហានិភ័យនៃជំងឺកូវីដនេះ។ ក្នុងសប្តាហ៍មុននេះ ចំនួនករណីឆ្លងកូវីដថ្មីនៅកោះជេជូ មានដល់១៨.៤២ករណីជាមធ្យមប្រចាំថ្ងៃ ដែលសម្រាប់ចំនួនប្រជាជនត្រឹម៧០ម៉ឺននាក់នៅលើកោះជេជូ គឺមានន័យថាកោះជេជូត្រូវធ្លាក់ចូលការអនុវត្តវិធានការគម្លាតសង្គមកម្រិត៣ទៅហើយ ដែលលក្ខខណ្ឌគឺត្រូវមានអ្នកឆ្លងកូវីដប្រចាំថ្ងៃពី១៣ករណីទៅ។ សម្រាប់វិធានការគម្លាតសង្គមកម្រិត៣ ប្រសិនពេលអនុវត្ត គឺនឹងហាមឃាត់មិនឱ្យមានការជួបជុំគ្នាលើសពី៥នាក់ឡើងទៅ ហើយអាជីវកម្មនានាត្រូវផ្អាកដំណើរការទទួលភ្ញៀវពីម៉ោង ១០យប់តទៅ រួមនឹងវិធានការកំណត់នានាទៀត។

យ៉ាងណាមិញ គិតដល់ពេលនេះ អជ្ញាធរកោះជេជូបានសម្រេចឱ្យបិទទីតាំងក្លឹបកម្សាន្ត និងទីតាំងអាជីវកម្មបែបកម្សាន្ត ផឹកស៊ីទាំងអស់នៅកោះជេជូ ដល់ទៅ ១៣៥៦ទីតាំងទៅហើយ ដោយសារតែក្នុងខែកក្កដានេះ គេរកឃើញករណីពាក់ព័ន្ធទៅនឹងទីតាំងផឹកស៊ីនេះដល់ទៅ ៥៨ករណីផងដែរនោះ។ ហើយអ្នកដែលមកលេងកម្សាន្តតាមឆ្នេរសមុទ្រចំនួន១២ នៅលើកោះនឹងត្រូវវាស់កម្តៅ និងបិទស្ទីកគ័របញ្ជាក់ផងដែរ ហើយកន្លែងងូតទឹក ប្តូរខោអាវនៅតាមទីតាំងឆ្នេរនីមួយៗ តម្រូវឱ្យមានការចុះឈ្មោះ ស្គេន QR Code ឬចុះឈ្មោះសរសេរផងដែរ។
សម្រាប់ក្រុងប៊ូសានវិញដែលជាគោលដៅទេសចរណ៍ធំមួយដែរនោះ ក៏បានពង្រឹងវិធានការគម្លាតសង្គមតឹងរ៉ឹងពិសេសលើទីតាំងឆ្នេរចំនួន ៧ ផងដែរ ហើយរាល់ការផឹកស៊ី នៅតាមឆ្នេរនានានៅប៊ូសានត្រូវហាមឃាត់ពីម៉ោង៦ល្ងាចទៅ រហូតដល់ព្រឹកថ្ងៃបន្ទាប់ ហើយត្រូវពាក់ម៉ាស់ជាប់ជានិច្ច លើកលែងតែពេលលេងទឹកប៉ុណ្ណោះ។ អជ្ញាធរមូលដ្ឋាននឹងមានកម្លាំងដើរពិនិត្យ និងយាមកាមតាមឆ្នេរនានារបស់ខ្លួន ដើម្បីរកមើលអ្នកដែលល្មើសនឹងវិធានការនេះផងដែរ។
សម្រាប់ខេត្តហ្គាងវ៉ុនវិញ រៀបចំឱ្យអ្នកធ្វើដំណើរមកដល់ខេត្តដែលមានរោគសញ្ញាសង្ស័យនានា ត្រូវធ្វើតេស្តនៅនឹងស្ថានីយ៍រថភ្លើង ចំណតរថយន្តក្រុង និងច្រកចូលនានាទាំងអស់ជាមុនសិន ទើបចូលបាន ហើយអជ្ញាធរមូលដ្ឋានក៏រៀបទីតាំងធ្វើតេស្តបណ្តោះអាសន្នតាមឆ្នេរនានាដល់ទៅ ៩ ទីតាំងសម្រាប់ការធ្វើតេស្តកូវីដផងដែរ។ សម្រាប់ការទៅលេងតាមឆ្នេរចំនួន ៨៣ ដែលនៅនឹងខេត្ត ក៏តម្រូវឱ្យមានការកក់ឈ្មោះទុកមុនទើបអាចទៅលេងបានផងដែរ ហើយរាល់ការជួបជុំនៅតាមឆ្នេរលើសពីម៉ោង ៧យប់ ត្រូវហាមឃាត់ដែរ។

តំបន់ផ្សេងៗទៀតដូចជាក្រុងកាំងនឹង ក៏នឹងគ្រោងតម្លើងវិធានការគម្លាតសង្គមដល់កម្រិត៣ផងដែរ ឬឯខេត្តឈុងណាម ដែលជាតំបន់ភ្នំជាទីតាំងទេសចរណ៍ពេញនិយមដែរនោះ ក៏នឹងបង្កើនការអនុវត្តវិធានការគម្លាតសង្គមរួមមានការឆែកសីតុណ្ហភាព និងតម្រូវឱ្យពាក់ម៉ាស់ជាប់ជានិច្ចផងដែរ។

