២ថ្ងៃ ដល់ថេហ្គូ ភាគខាងត្បូងប្រទេសកូរ៉េ ឯកអគ្គរាជទូត ឡុង ឌីម៉ង់ និងសហការីបន្តសម្រេចសមិទ្ធិផលការទូតសេដ្ឋកិច្ច និងការងារសហគមន៍ខ្មែរ ថ្មីៗបន្ថែមទៀត

កូរ៉េខាងត្បូង៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូត និងសហការីបន្តបន្ថែមសមិទ្ធិផលទាំងកិច្ចការងារការទូតសេដ្ឋកិច្ច និងការងារសហគមន៍ខ្មែរ ក្នុងបេសកកម្មទៅទិសខាងត្បូង នៃប្រទេសកូរ៉េ រយៈពេល ២ថ្ងៃ។

នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២១ លោកទូត ឡុង ឌីម៉ង់ និងសហការីបានអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគាំពារស្រ្តីបរទេសក្នុងទីក្រុងថេហ្គូ ជាមួយប្រធានសម្ព័ន្ធប្រធានDGB Financial Group និងអភិបាលខណ្ឌសហ្គូ ដោយមជ្ឈមណ្ឌលនេះមានការឧបត្ថម្ភពីធនាគារ DGB Daegu Bank។

ស្រ្តីខ្មែរដែលបានរៀបការ និងកំពុងរស់នៅជាមួយគ្រួសារកូរ៉េជាច្រើន រួមនឹងស្រ្តីបរទេសដៃទៀត បាននឹងកំពុងសិក្សា និងទទួលការបណ្ដុះបណ្ដាលលើជំនាញវិជ្ជាជីវៈពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគាំពារស្រ្តីបរទេសក្នុងទីក្រុងថេហ្គូ ដូចជាច្បាប់គាំពារស្រ្តីអន្ដោប្រវេសន៍ ជំនាញកាត់ដេរ សម្អាង វិជ្ជាមេផ្ទះ ជំនាញបកប្រែ បណ្ដុះបណ្ដាលមូលដ្ឋានគ្រិះសម្រាប់បំពេញការងារ បើកបររថយន្ដ ជំនាញរដ្ឋបាលកុំព្យូទ័រ។ល។ ថ្លែងទាំងញញឹមក្នុងពិធីសម្ពោធមជ្ឈមណ្ឌល លោកទូត ឡុង ឌីម៉ង់ បាននិយាយដោយមោទនភាពអំពីសមិទ្ធផលថ្មីនេះបន្ថែមទៀត នៃកិច្ចការងារការទូតសេដ្ឋកិច្ចរវាងស្ថានទូតកម្ពុជា និងសម្ព័ន្ធហិរញ្ញវត្ថុ DGB Financial Group បន្ទាប់ពីបានចុះMOU។

លើសពីនេះ លោក ទូត និងសហការី ក៏បានជួបពិភាក្សាការងារដោយឡែកជាមួយនឹងប្រធានសម្ព័ន្ធ DGB Financial Group និងអគ្គនាយកធនាគារ DGB Daegu Bank អំពី ការវិនិយោគបន្ថែមនៅប្រទេសកម្ពុជា លើវិស័យហិរញ្ញវត្ថុ ការបញ្ចុះអត្រាការប្រាក់ពិសេសសម្រាប់សហគមន៍ខ្មែរនៅប្រទេសកូរ៉េ ការផ្ដល់ឱកាសការងារដល់និស្សិតកម្ពុជាដែលបានរៀនចប់នៅប្រទេសកូរ៉េ ដើម្បីបម្រើការងារនៅក្នុងធនាគារ និងការឧបត្ថមគាំទ្រផ្នែកមនុស្សធម៌ទាំងនៅកម្ពុជា និងប្រទេសកូរ៉េ ដល់ប្រជាជនកម្ពុជា។

ជាលទ្ធផល សម្ព័ន្ធ DGB សម្រេចពង្រីកទុនវិនិយោគលើវិស័យហិរញ្ញវត្ថុរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត និងពង្រីកខ្លួនជាធនាគារពាណិជ្ជ ហើយបានជ្រើសរើសអគ្គនាយកធនាគារជាជនជាតិខ្មែរ ធនាគារ សម្រេចបញ្ចុះអត្រាការប្រាក់ពិសេសប្រមាណ ៤ភាគរយសម្រាប់ប្រជាជនខ្មែរនៅប្រទេសកូរ៉េ។ ការជ្រើសរើសបុគ្គលិកខ្មែរបន្ថែមទៀតដើម្បីបំពេញការងារនៅក្នុងធនាគារ និងបានឧបត្ថមថវិកា ២ម៉ឺនដុល្លាអាមេរិក ដល់គម្រោងផ្សព្វផ្សាយវិស័យអប់រំសម្រាប់យុវជននៅកម្ពុជា។

Leave a Reply

Your email address will not be published. Required fields are marked *