បរទេស ៦នាក់ ចាក់វ៉ាក់សាំងកូវីដ ៣ មុខនេះរួច ស្នើសុំបានចូលមកកូរ៉េខាងត្បូងមិនបាច់ចត្តាឡីស័កហើយ ពេលមកដល់ បែរជាឃើញវិជ្ជមានកូវីដទៅវិញ!

កូរ៉េខាងត្បូង៖ មានអ្នកជំងឺវិជ្ជមានកូវីដ-១៩ ចំនួន៦នាក់ហើយ ដែលអជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងរកឃើញ ចាប់តាំងពីថ្ងៃទី១ កក្កដានេះមក ដែលកូរ៉េខាងត្បូងអនុវត្តគោលការណ៍លើកលែងឱ្យជនបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដរួច អាចធ្វើដំណើរចូលមកកូរ៉េខាងត្បូងដោយមិនចាំបាច់ធ្វើចត្តាឡីស័កនោះ នេះបើតាមការបញ្ជាក់របស់អជ្ញាធរកូរ៉េខាងត្បូងកាលពីថ្ងៃពុធម្សិលមិញ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថាអជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ទីស្នាក់កាលកណ្តាលគ្រប់គ្រងគ្រោះមហន្តរាយកូរ៉េខាងត្បូង (CDMH) បានចេញសេចក្តីប្រកាសថា ក្នុងចំណោមអ្នកទទួលបានការលើកលែងមិនបាច់ធ្វើចត្តាឡីស័កពេលធ្វើដំណើរចូលមកប្រទេសកូរ៉េខាងត្បូងចំនួន ១៣,៤៤៨នាក់ គេរកឃើញមានអ្នកវិជ្ជមានកូវីដចំនួន ៦ករណីហើយ។

ក្នុងចំណោម៦ករណីដែលគេរកឃើញវិជ្ជមាន បើទោះបីបានចាក់វ៉ាក់សាំងកូវីដរួចហើយនោះមាន ៥នាក់មកពីប្រទេសអារ៉ាប់រួមអេមីរ៉ាត់ (UAE) ដែលក្នុងនោះមាន ៣នាក់បានចាក់វ៉ាក់សាំងកូវីដរបស់ចិន ស៊ីណូហ្វាម និងម្នាក់ទៀតចាក់វ៉ាក់សាំងកូវីដរបស់អាម៉េរិក Pfizer ខណៈអ្នកវិជ្ជមានម្នាក់ទៀតមានអាយុត្រឹម៦ឆ្នាំជាកុមារនៅឡើយដែលមកជាមួយនឹងគ្រួសារ។ ចំណែកអ្នកដែលរកឃើញវិជ្ជមានម្នាក់ផ្សេងទៀតគឺមកពីប្រទេសអ៊ូហ្គង់ដា នៅអាហ្រ្វិក ដែលបានចាក់វ៉ាក់សាំងកូវីដរបស់ AstraZeneca។

សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១ កក្កដា ២០២១មក រដ្ឋាភិបាលកូរ៉េខាងត្បូងបានដាក់ចេញវិធានការបន្ធូរបន្ថយថ្មីនេះ ដោយលើកលែងមិនចាំបាច់ធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរបរទេសណាដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ ចូលមកប្រទេសកូរ៉េខាងត្បូងមិនចាំបាច់ធ្វើចត្តាឡីស័ក ១៤ថ្ងៃទៀតនោះទេ បើទោះជាសញ្ជាតិណាក៏ដោយ តែត្រូវក្រោមលក្ខខណ្ឌធំៗ ៤យ៉ាងខាងក្រោមនេះ៖

ទី១ អ្នកដែលធ្វើដំណើរចូលមកកូរ៉េខាងត្បូង ដែលបានចាក់វ៉ាក់សាំងគឺ ត្រូវជាវ៉ាក់សាំងទាំងឡាយណាដែលបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) រួចរាល់។ សូមបញ្ជាក់វ៉ាក់សាំងកូវីដដែលបានទទួលស្គាល់ដោយអង្គការ WHO មកដល់បច្ចុប្បន្នមានវ៉ាក់សាំង AstraZeneca និង Covishield , វ៉ាក់សាំង Pfizer, វ៉ាក់សាំង Janssen វ៉ាក់សាំង Sinopharm-BBIBP, វ៉ាក់សាំង Moderna, វ៉ាក់សាំង Sinovac។

ទី២គឺ អ្នកដែលបានចាក់វ៉ាក់សាំងនេះទៀតសោត ត្រូវបានទទួលការចាក់វ៉ាក់សាំងរួចរាល់ទាំងស្រុង ហើយរយៈពេលគម្លាតពីពេលចាក់វ៉ាក់សាំងដូសចុងក្រោយ និងពេលចូលមកដល់ប្រទេសកូរ៉េត្រូវមានគម្លាត១៤ថ្ងៃ ឬ២សប្តាហ៍ពេញយ៉ាងតិច។

ទី៣ ការលើកលែងនេះថ្វីត្បិតផ្តល់ឱ្យគ្រប់សញ្ជាតិទាំងអស់ដែលចូលមកកូរ៉េខាងត្បូង តែត្រូវកំណត់អាទិភាពសម្រាប់តែគោលបំណងធ្វើដំណើរមួយចំនួនសិនប៉ុណ្ណោះ ដូចជាការធ្វើធុរកិច្ច(រកស៊ី)សំខាន់ ការសិក្សា ឬកិច្ចការស្រាវជ្រាវ ការងារជាផលប្រយោជន៍សាធារណៈ និងកិច្ចការមនុស្សធម៌ ឬក៏ជាការធ្វើដំណើរមកលេងគ្រួសារផ្ទាល់នៅក្នុងប្រទេសកូរ៉េ។

ទី៤ អ្នកដែលមកពីប្រទេសដែលមានការផ្ទុះករណីកូវីដខ្លាំង ឬមានករណីមេរោគបម្លែងខ្លួនច្រើននឹងមិនត្រូវអនុញ្ញាតឱ្យទទួលបានការលើកលែងធ្វើចត្តាឡីស័កនោះទេ។ ប្រទេសដែលហាមឃាត់មានដូចជាប្រទេសឥណ្ឌូនេស៊ី ប៉ាគីស្ថាន ហ្វីលីពីន ឥណ្ឌា ប្រទេសអាហ្វ្រិកខាងត្បូង ប្រទេសម៉ាឡាវី ប្រទេសប្រេស៊ីល ប្រទេសបូស្វាណា ប្រទេសតង់ហ្សានៀ ប្រទេសម៉ូហ្សាមប៊ិក ប្រទេសបង់ក្លាដេស ប្រទេសស៊ូរីណាម ប្រទេសអេស្វាទីនី ប្រទេសហ្ស៊ីមបាវ៉េ ប្រទេសហ្គីណេអេក្វាទ័រ ប្រទេសឈីលី ប្រទេសប៉ារ៉ាហ្គាយ ប្រទេសអ៊ុយរ៉ុយហ្គាយ ប្រទេសកូឡំប៊ី ប្រទេសអាហ្សង់ទីន និងប្រទេសម៉ាល់តា។ យ៉ាងណាមិញ បញ្ជីឈ្មោះប្រទេសដែលត្រូវហាមឃាត់ការលើកលែងនេះ នឹងត្រូវធ្វើបច្ចុប្បន្នភាពប្រចាំខែបន្តបន្ទាប់ផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *