កូរ៉េខាងត្បូង៖ រដូវភ្លៀងធ្លាក់នូវកូរ៉េខាងត្បូង គ្រោងនឹងបញ្ចប់ត្រឹមដើមសប្តាហ៍ក្រោយនេះហើយ ខណៈអជ្ញាធរព្យាករណ៍ថាបញ្ចប់រដូវភ្លៀងភ្លាម អាកាសធាតុនឹងក្តៅភ្លាមមួយរំពេច នេះបើតាមការបញ្ជាករបស់អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃពុធនេះចុះផ្សាយក្នុងសារព័ត៌មាន Korea Times។
ស្ថាប័នរដ្ឋបាលឧតុនិយមកូរ៉េខាងត្បូង (KMA) បានប្រកាសការព្យាករណ៍របស់ខ្លួនថារដូវភ្លៀងកូនរដូវប៉ុន្មានសប្តាហ៍នេះអាចនឹងបិទបញ្ចប់ទាំងស្រុងក្រោយមានភ្លៀងធ្លាក់ចុងក្រោយពីថ្ងៃទី ១៨ និង១៩កក្កដាខាងមុខនេះ ហើយក្រោយពីភ្លៀងដែលព្យាករណ៍ថានឹងធា្លក់មកទូទាំងប្រទេសកូរ៉េខាងត្បូងនៅពេលចុងសប្តាហ៍ប៉ុន្មានថ្ងៃទៀតនេះ និងឈានដល់ដើមសប្តាហ៍ថ្មីបន្តិចទៀតផងនោះ គេរំពឹងថានឹងមានរលកកម្តៅកាន់តែខ្លាំងមកលើប្រទេសកូរ៉េខាងត្បូងទាំងមូលផងដែរ។
ការព្យាករណ៍ដដែលបានបន្ថែមថា រលកកម្តៅដែលនឹងកើនឡើងកាន់តែខ្លាំងលើប្រទេសកូរ៉េខាងត្បូងនេះ គឺកើតឡើងស្ថានភាពរលកសម្ពាធអាការមានសភាពក្តៅ និងស្ងួតខ្លាំងពីតំបន់ខ្ពង់រាបទីបេ លាយឡំគ្នាជាមួយនឹងសា្ថនភាពរលកសម្ពាធអាកាសក្តៅ និងសើមមានប្រភពមកពីខាងសមុទ្រប៉ាស៊ីហ្វិកវិញផងដែរ ដែលរួមគ្នាបង្កើតបានជាស្ថានភាពអាកាសធាតុក្តៅខ្លាំង ដែលជាភាសាអង់គ្លេសគេហៅថា heat dome ជាប្រភេទរលកកម្តៅខ្លាំងដូចគ្នាដែលមានលើប្រទេសអាម៉េរិក និងកាណាដាកាលពីប៉ុន្មានសប្តាហ៍មុននោះ។
ជាមួយនឹងការព្យាករណ៍បែបនេះ មានការលើកឡើងមួយចំនួនពីការបារម្ភថារលកកម្តៅនេះអាចនឹងក្តៅខ្លាំងអាក្រក់ជាងស្ថានការណ៍ដូចគ្នាកាលពីឆ្នាំ២០១៨ទៅទៀត ដែលកាលនោះរលកកម្តៅវាយលុកមកលើប្រទេសកូរ៉េខាងត្បូងអស់រយៈពេលជាងមួយខែឯណោះ ពីពាក់កណ្តាលខែកក្កដាដល់ចុងខែសីហាឯណោះ ហើយពេលនោះអាកាសធាតុសេអ៊ូលពេលថ្ងៃឡើងដល់ទៅ ៣៩.៦អង្សាសេឯណោះ។ តែបើតាមការបញ្ជាក់របស់អជ្ញាធរជំនាញវិញ មិនទាន់អាចបញ្ជាក់បានថា ស្ថានការណ៍រលកកម្តៅដែលនឹងកើតឡើងនេះ អាចនឹងមានរយៈពេលយូរដូចទៅនឹងឆ្នាំ២០១៨ដែរឬយ៉ាងណានោះទេ ដោយសារគេមិនទាន់ទិន្នន័យគ្រប់គ្រាន់។