កូរ៉េខាងត្បូង៖ នៅព្រឹកថ្ងៃពុធនេះ កូរ៉េខាងត្បូងប្រកាសរកឃើញករណីឆ្លងកូវីដវិជ្ជមានថ្មីកើនគំហុកឡើងទៀតហើយ បំបែកកំណត់ត្រាករណីឆ្លងកូវីដច្រើនជាងគេ ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ខណៈដែលវិធានការគម្លាតសង្គមត្រូវបានរឹតបន្តឹងជាបន្តបន្ទាប់សម្រាប់ទីប្រជុំជនធំៗ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
បើតាមតួលេខប្រកាសដោយមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង ករណីឆ្លងកូវីដថ្មីរកឃើញក្នុងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអង្គាររម្សិលមិញ ដែលគេប្រកាសនៅថ្ងៃពុធនេះមានដល់ ១៦១៥ករណីឯណោះ ជាតួលេខច្រើនជាងគេបង្អស់ហើយក្នុងរយៈពេលជាង២ឆ្នាំមកនេះ រាប់ចាប់តាំងពីថ្ងៃទី២០ មករា ២០២០កន្លងមកពេលដែលកូរ៉េខាងត្បូងចាប់ផ្តើមរកឃើញករណីវិជ្ជមានកូវីដដំបូងគេបង្អស់នោះ ហើយក៏ជារយៈពេល៨ថ្ងៃជាប់ៗគ្នាហើយ ដែលតួលេខករណីឆ្លងកូវីដ បន្តកើនឡើងខ្ពស់ផុតលេខជាងគេរហូតក្នុងចន្លោះខ្ទង់មួយពាន់ករណីរហូតមក។
ក្នុងចំណោមករណីឆ្លងទាំង១៦១៥ករណីនោះ មាន១៥៦៨ករណីជាករណីឆ្លងក្នុងស្រុក និង៤៧ករណីជាករណីឆ្លងមកពីខាងក្រៅ។ តួលេខនៃអ្នកបាត់បង់ជីវិតយ៉ាងណាមិញ ស្ថិតក្នុងសភាពនឹងនរ ដោយថ្ងៃនេះនៅមានតែអ្នកបាត់បង់ជីវិតថ្មីពីកូវីដតែ២នាក់ប៉ុណ្ណោះ ដែលចំនួនតួលេខសរុបកើនដល់ ២០៤៨នាក់ហើយ។ រីឯតួលេខអ្នកដែលឆ្លងមកពីខាងក្រៅប្រទេសតាមការធ្វើដំណើរមានដល់ ៤៧ករណី ក្នុងនោះមាន៨ករណីពីប្រទេសឥណ្ឌូនេស៊ី និង៥ករណីពីប្រទេសកម្ពុជាយើងផងដែរ។
ទីក្រុងសេអ៊ូល និងតំបន់ប្រជុំជនជុំវិញមានខេត្តឃ្យ៉ុងគីជាដើម នៅតែជាចំណុចក្តៅនៃការចម្លងមេរោគកូវីដ-១៩ ដោយសម្រាប់ថ្ងៃនេះមានដល់ទៅជាង ៧៥%នៃករណីឆ្លងសរុបឯណោះ។ ទីក្រុងសេអ៊ូលមានករណីឆ្លងថ្មីចំនួន ៦៣៣ករណី ខណៈខេត្តឃ្យ៉ុងគីដូ មានករណីឆ្លងថ្មី៤៥៣ករណី រីឯក្រុងអ៊ីនឆន់វិញមានករណីឆ្លងថ្មី ៩៣ករណីផងដែរ។ ហើយភាគច្រើននៃការឆ្លងត្រូវបានគេរកឃើញថាជាការឆ្លងតគ្នាជាចង្កោម នៅតាមក្រុមហ៊ុន ផ្សារទំនើប និងសាលារៀនជាដើម។
ឆ្លើយតបទៅនឹងការកើនឡើងករណីឆ្លងក្នុងរលកទី៤នៃជំងឺកូវីដនេះ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានសម្រេចដាក់តំបន់នានាទាំងអស់ទូទាំងប្រទេសកូរ៉េខាងត្បូងឱ្យស្ថិតក្រោមវិធានការគម្លាតសង្គមកម្រិត២ លើកលែងតែក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគី និងអ៊ីនឆន់ដែលកំពុងស្ថិតនៅក្រោមវិធានការគម្លាតសង្គមកម្រិត៤ និងខេត្ត៣ទៀតប៉ុណ្ណោះ ចាប់ផ្តើមអនុវត្តពីថ្ងៃព្រហស្បត្តិ៍ស្អែកនេះទៅហើយ។ ក្រោមវិធានការគម្លាតសង្គមកម្រិត២ ការជួបជុំគ្នាឯកជនលើសពីគ្នា៨នាក់ឡើងទៅត្រូវបានហាមឃាត់ តែយ៉ាងណាមិញវិធានការជាក់ស្តែងអាចត្រូវបានកំណត់បន្ថែមដោយអជ្ញាធរមូលដ្ឋាននីមួយៗ។
ប្រធានមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង ដែលជាអជ្ញាធរឈានមុខគេនៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងការឆ្លើយតប និងទប់ស្កាត់ការឆ្លងរាលដាលកូវីដ លោកស្រី ជុង អ៊ុនឃ្យ៉ុង (Jeong Eun-kyeong) បានបញ្ជាក់ថាបើតាមស្ថានការណ៍កូវីដដែលកំពុងកើតមានសព្វថ្ងៃ និងតាមការគណនាតាមម៉ូដែលគណិតវិទ្យា តួលេខឆ្លងថ្មីប្រចាំថ្ងៃនឹងកើនដល់ជាងលើស ២៣០០ ករណីឯណោះ ត្រឹមពាក់កណ្តាលខែសីហាខាងមុខ ក្នុងករណីដែលស្ថានការណ៍កាន់តែអាក្រក់ ហើយអជ្ញាធរមិនអាចមានវិធានការដែលមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការចម្លងទេនោះ។