ប្រយ័ត្នមែនទែន! ពីថ្ងៃព្រហស្បត្តិ៍ទៅ ទូទាំងប្រទេសកូរ៉េខាងត្បូង លើកលែងប្រជុំជនសេអ៊ូល និងខេត្ត៣ប៉ុណ្ណោះ នឹងត្រូវតម្លើងគម្លាតសង្គមដល់កម្រិត២ ហើយ ! ជាប់ជុំគ្នាលើសពី៨នាក់ ត្រូវហាមឃាត់

កូរ៉េខាងត្បូង៖ នៅថ្ងៃពុធនេះ តំបន់នានាទូទាំងប្រទេសកូរ៉េខាងត្បូង ក្រៅពីតំបន់សេអ៊ូល ខេត្តឃ្យ៉ុងគីដូ និងក្រុងអ៊ីនឆន់ នឹងត្រូវតម្លើងវិធានការគម្លាតសង្គម១កម្រិតបន្ថែមទៀត ដល់កម្រិត២ហើយ ខណៈដែលរលកថ្មីនៃជំងឺកូវីដ-១៩ កំពុងផ្ទុះឡើងខ្លាំងគួរឱ្យបារម្ភក្នុងប្រទេសកូរ៉េខាងត្បូង នេះបើតាមការប្រកាសរបស់កិច្ចប្រជុំអន្តរក្រសួងកូរ៉េ ឆ្លើយតបទៅនឹងស្ថានការណ៍កូវីដនៅព្រឹកថ្ងៃពុធនេះ។

ការប្រកាសតម្លើងវិធានការគម្លាតសង្គមនៅទូទាំងប្រទេសឡើងដល់កម្រិត២នេះ គឺលើកលែងតែទីក្រុងសេអ៊ូល ខេត្តឃ៉្យុងគីដូ និងក្រុងអ៊ីនឆន់ប៉ុណ្ណោះ ដែលសព្វថ្ងៃកំពុងអនុវត្តវិធានការគម្លាតសង្គមកម្រិត៤ ជាកម្រិតខ្ពស់ជាងគេ និងលើកលែងតែទីក្រុងរដ្ឋបាលសេជុង ខេត្តចូឡាខាងត្បូង និងខាងជើង និងខេត្តឃ្យ៉ុងណាមប៉ុណ្ណោះ។ តំបន់ទូទាំងប្រទេសដែលនឹងអនុវត្តវិធានការគម្លាតសង្គមកម្រិត២នេះ នឹងចាប់ផ្តើមអនុវត្តពីថ្ងៃព្រហស្បត្តិ៍ស្អែកនេះទៅ។

បើតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង ដែលជាប្រធាននៃកិច្ចប្រជុំអន្តរក្រសួងឆ្លើយតបស្ថានការណ៍កូវីដនេះ បានឱ្យដឹងថា វិធានការតម្លើងគម្លាតសង្គមទូទាំងប្រទេសនេះ គឺដោយសារតែគេរកឃើញករណីកើនឡើងឆ្លងកូវីដជាបន្តបន្ទាប់នៅពាសពេញផ្ទៃប្រទេស មិនខុសគ្នាទៅនឹងតំបន់ប្រជុំជនសេអ៊ូលដែលកំពុងតែជួបនឹងបញ្ហាធ្ងន់ធ្ងរខ្លាំងនោះទេ។ ក្រោមវិធានការគម្លាតសង្គមកម្រិត២ ការជួបជុំគ្នាឯកជនមានគ្នាលើសពី៨នាក់ឡើងទៅ មិនត្រូវបានអនុញ្ញាតនោះទេ រួមជាមួយនឹងវិធានការរឹតត្បិតពាក់ព័ន្ធដទៃទៀតជាច្រើនផងដែរ។

ក្នុងកិច្ចប្រជុំនោះដែរ លោកនាយករដ្ឋមន្ត្រីក៏បានចេញមកបកស្រាយពីបញ្ហាក្នុងការចុះឈ្មោះសម្រាប់ការកក់ចាក់វ៉ាក់សាំងកូវីដ សម្រាប់អ្នកអាយុ ៥៥ ដល់៥៩ឆ្នាំផងដែរ ដោយកាលពីថ្ងៃអង្គារនេះ គេឃើញមានការជូនដំណឹងមកថាអជ្ញាធរឈប់បើកការកក់ចាក់វ៉ាក់សាំងវិញ ដោយសារតែខ្វះវ៉ាក់សាំងសម្រាប់ចាក់ជូន តែពេលនេះលោកនាយករដ្ឋមន្ត្រីបានលើកឡើងថា ដំណើរការចុះឈ្មោះកក់ចាក់វ៉ាក់សាំងសម្រាប់អ្នកអាយុ ៥៥ ដល់៥៩ឆ្នាំ នឹងអាចចាប់ផ្តើមឡើងវិញនៅយប់ម៉ោង ៨យប់ថ្ងៃពុធនេះហើយ ដែលបញ្ហានេះមិនមែនមកពីការខ្វះខាតវ៉ាក់សាំងដូចដែលគេបានលើកឡើងនោះទេ តែគ្រាន់ជាបញ្ហាផ្នែករដ្ឋបាលបន្តិចបន្តួចប៉ុណ្ណោះ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃពុធនេះ កូរ៉េខាងត្បូងបំបែកកំណត់ត្រាផ្ទុះឆ្លងកូវីដថ្មីច្រើនជាងគេបង្អស់ថ្មីទៀតហើយ ដែលតួលេខនៃការឆ្លងគឺផ្ទុះដល់ទៅ ១៦១៥ករណីឯណោះ ខណៈដែលប៉ុន្មានថ្ងៃចុងក្រោយករណីឆ្លងមានលើស១០០០ករណីរហូតមកជាងមួយសប្តាហ៍ពេញទៅហើយ។

Leave a Reply

Your email address will not be published. Required fields are marked *