ចាក់វ៉ាក់សាំងហើយមែន ក៏នៅតែឆ្លងដែរ! កូរ៉េខាងត្បូងរកឃើញ ២៥២ករណីហើយ អ្នកដែលឆ្លងកូវីដ ក្រោយចាក់វ៉ាក់សាំងកូវីដរួច ក្នុងនោះជាងពាក់កណ្តាល គឺអ្នកចាក់វ៉ាក់សាំងមួយនេះ …

កូរ៉េខាងត្បូង៖ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងប្រកាសថា គិតដល់ត្រឹមថ្ងៃនេះចំនួនករណីឆ្លងកូវីដក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ មានដល់ទៅ២៥២ករណីហើយ ដែលក្នុងនោះមានដល់ជាងពាក់កណ្តាលជាអ្នកដែលបានចាក់វ៉ាក់សាំងកូវីដរបស់អាម៉េរិក Janssen នេះបើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឹឆ្លងកូរ៉េនៅថ្ងៃអង្គារនេះ។

តាមការបញ្ជាក់របស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឹឆ្លងកូរ៉េ ដែលជាអជ្ញាធរជំនាញលើការគ្រប់គ្រងបញ្ហាកូវីដក្នុងប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា គិតមកដល់ពេលនេះគេរកឃើញអ្នកជំងឺ ២៥២ករណីហើយ ដែលសុទ្ធសឹងជាអ្នកបានចាក់វ៉ាក់សាំងកូវីដ-១៩រួចរាល់។ ហើយក្នុងនោះដល់ទៅពាក់កណ្តាលគឺ ១៤៣ករណី ជាអ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ របស់ Janssen មួយដូសរួចរាល់ ចំណែកឯ៥៩ករណីទៀតជាអ្នកដែលបានចាក់វ៉ាក់សាំងកូវីដរបស់ Pfizer និង ៥០នាក់ទៀតជាអ្នកដែលបានចាក់វ៉ាក់សាំងកូវីដរបស់ AstraZeneca របស់អង់គ្លេស និងស៊ុយអែត។

ករណីឆ្លងកូវីដពិសេស (breakthrough​ infections) នេះគឺអជ្ញាធរសុខាភិបាលកូរ៉េសំដៅដល់អ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់អស់ហើយ អាចជាវ៉ាក់សាំងត្រូវការមួយដូសរបស់ Janssen ឬវ៉ាក់សាំងទូទៅដែលត្រូវការពីរដូសដូចជាវ៉ាក់សាំង Pfizer និង AstraZeneca នេះ តែនៅតែរកឃើញថាឆ្លងកូវីដ-១៩។ ករណីបែបនេះ បើតាមការបញ្ជាក់របស់អជ្ញាធរនៃមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឹឆ្លងកូរ៉េ គឺនឹងអាចបន្តកើនឡើងថែមទៀត ខណៈដែលអត្រានៃការចាក់វ៉ាក់សាំងត្រូវបានធ្វើឡើងកាន់តែច្រើនឡើងៗថែមទៀតនោះ។ តែយ៉ាងណាក៏ដោយ សម្រាប់តួលេខករណីឆ្លងពិសេសទាំង ២៥២ករណីដែលគេបានរកឃើញនេះ គឺនៅមានអត្រាទាបខ្លាំងនៅឡើយ គឺមានត្រឹមតែ ៤.៤៦ករណីប៉ុណ្ណោះ ក្នុងចំណោមប្រជាជន១០ម៉ឺននាក់ នេះបើតាមការបញ្ជាក់របស់អជ្ញាធរ។

សូមបញ្ជាក់ថា ចំពោះករណីបែបនេះ អជ្ញាធរបញ្ជាក់ហើយថាគឺបើទោះជាបានចាក់វ៉ាក់សាំងពេញលេញរួចរាល់ក៏ដោយ ក៏អ្នកនោះនៅតែអាចឆ្លងជំងឺកូវីដបានដែរ ដែលមានន័យថាហានិភ័យនៃការឆ្លងនៅតែមាន មិនអស់ទាំងស្រុងនោះទេ តែផ្ទុយពីអ្នកជំងឺដែលមិនទាន់បានចាក់វ៉ាក់សាំង ភាគច្រើនអ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់ បើទោះជានៅតែឆ្លងកូវីដ ក៏មានអាការៈមិនធ្ងន់ធ្ងរ និងមិនសូវមានរោគសញ្ញាអ្វីខ្លាំងនោះដែរ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កូរ៉េខាងត្បូងចាក់វ៉ាក់សាំងកូវីដជូនប្រជាជននបានចំនួន ១៥,៦១៧,៣០២ លាននាក់ ដែលក្នុងនោះអ្នកដែលបានចាក់វ៉ាក់សាំងកូវីដទាំងពីរដូសទាំងស្រុងមានចំនួនជាង៦លាននាក់ហើយដែរ។ ក្នុងចំណោមវ៉ាក់សាំងដែលបានចាក់ទាំងអស់ គឺវ៉ាក់សាំង AstraZeneca ច្រើនជាងគេដល់ទៅ ៥៧.៤% វ៉ាក់សាំង Pfizer ចំនួន ៣៦.៨% វ៉ាក់សាំង Janssen មួយដូសចំនួន ៥.៥% និងវ៉ាក់សាំង Moderna ០.៣%។

Leave a Reply

Your email address will not be published. Required fields are marked *