ធ្ងន់ធ្ងរហើយ! អជ្ញាធរកូរ៉េខាងត្បូង៖ បើស្ថានការណ៍កូវីដឥឡូវមិនផ្លាស់ប្តូរទេ អាចនឹងបន្តកើនដល់លើស ២៣០០ ករណី ដោយសារបញ្ហាធំ ៣ នេះ ដោះមិនចេញ ..

កូរ៉េខាងត្បូង៖ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ចេញការព្យាករណ៍ថាតួលេខនៃករណីឆ្លងកូវីដប្រចាំថ្ងៃនៅក្នុងប្រទេស អាចនឹងឈានកើនឡើងបន្តបន្ទាប់រហូតដល់លើស ២៣០០ករណីជាង ក្នុងអំឡុងពាក់កណ្តាលខែសីហាខាងមុខ ទោះតួលេខនឹងអាចធ្លាក់ចុះមកវិញ នេះបើតាមរបាយការណ៍ដែលរាយការណ៍ជូនទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូង អំឡុងកិច្ចប្រជុំកាលពីថ្ងៃចន្ទម្សិលមិញនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន KBS News បានឱ្យដឹងថាក្នុងអំឡុងពេលនៃកិច្ចប្រជុំអន្តរក្រសួងធំនៅនឹងវិមានប្រធានាធិបតីកូរ៉េខាងត្បូងពីថ្ងៃចន្ទម្សិលមិញ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងគឺ មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូងបានធ្វើការរាយការណ៍ជូនលោកប្រធានាធិបតី មូន ជេអ៊ីន ថាសម្រាប់ទំនោរនិន្នាការបច្ចុប្បន្ននេះនៃការឆ្លងជំងឺកូវីដក្នុងប្រទេសកូរ៉េ គេអាចធ្វើការព្យាករណ៍បានថាករណីឆ្លងក្នុងចំនួនច្រើននេះនឹងនៅតែបន្តកើនឡើងថែមទៀត ដោយសារតែការឆ្លងកូវីដ ដែលគេមិនទាន់អាចកំណត់ប្រភពបាន និងករណីឆ្លងជាចង្កោមតៗគ្នាតាមសហគមន៍ ទីតាំងផ្សេងៗបន្តបន្ទាប់ផងដែរ។

ក្នុងនោះដែរ បញ្ហាមួយទៀតដែលរួមចំណែកដល់ការកើនឡើងករណីឆ្លងកូវីដច្រើននេះ គឺដោយសារតែវត្តមានកាន់តែច្រើនឡើងនៃមេរោគកូវីដបម្លែងខ្លួនថ្មី ដូចជាមេរោគកូវីដបម្លែងខ្លួនអាល់ហ្វា ប្រភពពីអង់គ្លេស និងមេរោគកូវីដបម្លែងខ្លួនដែលតា ប្រភពពីឥណ្ឌាជាដើម។ បើតាមការបញ្ជាក់របស់អជ្ញាធរសុខាភិបាល សព្វថ្ងៃអត្រានៃការចម្លងកូវីដពីអ្នកជំងឺទៅកាន់មនុស្សផ្សេងទៀតនោះ គឺមានដល់ទៅ១.២២ ដែលមានន័យថាអ្នកជំងឺវិជ្ជមានកូវីដម្នាក់ បានចម្លងកូវីដបន្តទៅអ្នកដទៃចំនួន ១.២២នាក់បន្ថែមទៀត។ ដូចនេះ ជាមួយនឹងទំនោរបែបនេះ រួមជាមួយនឹងបញ្ហាប្រឈមដូចបានរៀបរាប់ខាងលើ គេព្យាករណ៍ថាតួលេខឆ្លងកូវីដប្រចាំថ្ងៃនឹងបន្តកើនឡើងរហូតដល់លើស ២៣០០ ករណីក្នុងអំឡុងពាក់កណ្តាលខែសីហាខាងមុខ។

មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូងដដែលនេះ ក៏បានបញ្ជាក់ផងដែរថា ការអនុវត្តវិធានការគម្លាតសង្គមកម្រិតខ្ពស់បំផុតដល់កម្រិត៤នៅនឹងទីប្រជុំជនសេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់ដែលជាតំបន់កំពុងផ្ទុះខ្លាំងនេះ អាចនឹងជួយក្នុងការកាត់បន្ថយប្រភពចម្លងមេរោគ និងអាចឈានដល់កាត់បន្ថយករណីឆ្លងប្រចាំថ្ងៃ ឱ្យមកនៅត្រឹមតិចជាង ៧០០ករណីជាងវិញត្រឹមចុងខែសីហាខាងមុខ នេះប្រសិនបើវិធានការនេះអាចអនុវត្តទៅដោយមានប្រសិទ្ធភាព មានការចូលរួមពេញលេញពីប្រជាជន និងភាគីពាក់ព័ន្ធគ្រប់ៗរូប។

Leave a Reply

Your email address will not be published. Required fields are marked *