ច្បាស់ហើយ! ប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២២ នឹងកើនដល់ ៩១៦០ វ៉ុនក្នុងមួយម៉ោង ដូចនេះក្នុងមួយខែ អ្នកធ្វើការនៅកូរ៉េនឹងបានប្រាក់ឈ្នួលយ៉ាងតិចដល់ទៅ …

កូរ៉េខាងត្បូង៖ ក្រោយការចរចាជាបន្តបន្ទាប់យ៉ាងតឹងតែងរវាងក្រុមតំណាងពលករ និងថៅកែសម្រាប់ការកំណត់ប្រាក់ឈ្នួលពលកម្មម៉ោងអប្បបរមា សម្រាប់ឆ្នាំ២០២២នោះ ទីបំផុតគេអាចរកឃើញចំណុចកណ្តាលហើយមួយសមស្របសម្រាប់ភាគីទាំងសងខាងហើយ នេះបើតាមការចុះផ្សាយភ្លាមៗរបស់សារព័ត៌មាន Yonhap News នៅវេលាយប់កណ្តាលអាធ្រាត្រឈានចូលថ្ងៃអង្គារ ទី១៣ កក្កដានេះ។

លទ្ធផលនៃការចរចាឈានដល់ការស​ម្រេចប្រាក់ឈ្នួលពលកម្មម៉ោងអប្បបរមាសម្រាប់ឆ្នាំ២០២២ នៅចំណុចកណ្តាលគឺ ៩១៦០វ៉ុន (ប្រមាណ ៧.៩៨ដុល្លារ) ក្នុងមួយម៉ោង ដែលតួលេខនេះគឺកើនឡើងចំនួន ៥% ធៀបទៅនឹងតួលេខប្រាក់ឈ្នួលម៉ោងអប្បបរមាសម្រាប់ឆ្នាំ២០២១នេះ ដែលមានត្រឹមតែ ៨៧២០វ៉ុនប៉ុណ្ណោះ។

ជំនួបនៃការចរចានេះគឺរវាងគណៈកម្មការកំណត់ប្រាក់ឈ្នួលអប្បរមាកូរ៉េខាងត្បូង ដែលមានសមាសភាពចូលរួមពីត្រីភាគី មាន៩រូបពីតំណាងនៃអជ្ញាធរផ្នែកពលករ, ក្រុមអ្នកគ្រប់គ្រងឬថៅកែ និងសាធារណជនទូទៅ ដែលកន្លងមកក្រុមតំណាងភាគីថៅកែ និងក្រុមតំណាងភាគីពលករ និងបុគ្គលិកសុទ្ធតែលើកហេតុផលតម្លើង និងបន្ថយតួលេខរៀងៗខ្លួនក្នុងការចរចា។ ពីដំបូងឡើយ ភាគីខាងកម្មករទាមទារតម្លើងដល់ទៅជាង ២០% គឺចង់បានដល់ទៅ ១០,៨០០ វ៉ុន (ប្រមាណ៩.៥៣ដុល្លារ) ក្នុងមួយម៉ោង ហើយក្រោយមកក៏បន្ថយនៅត្រឹមតែ ១០,៤៤០វ៉ុន (ប្រមាណ ៩.១១ដុល្លារ) ក្នុងមួយម៉ោងវិញ ចំណែកឯភាគីថៅកែវិញ ពីដំបូងឡើយទាមទារមិនឱ្យមានការតម្លើងប្រាក់ឈ្នួលម៉ោងនេះតែម្តង តែក្រោយមកទៀត ក៏បានតម្លើងសំណើរបស់ខ្លួនឱ្យដល់ ៨,៧៤០វ៉ុនវិញ។

ជាមួយនឹងការចរចាកន្លងមកទាំងការស្នើតម្លើង និងស្នើបន្ថយរៀងៗខ្លួ​ននេះ ភាគីទាំងសងខាងសុទ្ធតែបានលើកពីហេតុផលលំបាករៀងៗខ្លួន ដោយខាងថៅកែថាមានបញ្ហាលំបាកក្នុងស្ថានការណ៍កូវីដ ដោយម្ចាស់ក្រុមហ៊ុន កន្លែងការងារជាច្រើនខាតបង់ចំណូល ព្រមទាំងជួបបំណុលធនាគារទៀតផង ឬឯភាគីខាងបុគ្គលិកក៏បានលើកហេតុផលពីបញ្ហាកូវីដដូចគ្នាដោយបញ្ជាក់ថា ខាងកម្មករ និងបុគ្គលិកក៏មានបន្ទុកច្រើន ខណៈតម្លៃទំនិញនានាក្នុងទីផ្សារសុទ្ធតែកើនឡើងដូចគ្នា។

តែយ៉ាងណាក៏ដោយជាមួយនឹងតួលេខប្រាក់ឈ្នួលពលកម្មម៉ោងអប្បបរមាសម្រាប់ឆ្នាំ២០២២ថ្មីនេះ គេអាចគណនាប្រាក់ឈ្នួលអប្បបរមាជាមធ្យមប្រចាំខែ សម្រាប់ការបំពេញការងារនៅកូរ៉េគឺនឹងទទួលបានដល់ ១.៩០លានវ៉ុន គឺគណនាដោយយកប្រាក់ឈ្នួលម៉ោង ៩១៦០វ៉ុន x ៥២ម៉ោង ក្នុងមួយសប្តាហ៍ x ៤សប្តាហ៍ ដែលគេនឹងទទួលបានតួលេខប្រាក់ឈ្នួលអប្បបរមាថ្មីប្រចាំខែនេះ។ កន្លងមកនេះ គណៈកម្មការចរចានេះក៏បានចរចាព្រមព្រៀងថា នឹងមិនមានកំណត់ប្រាក់ឈ្នួលអប្បបរមានេះខុសគ្នាទៅតាមវិស័យនោះទេ ដែលមានន័យប្រាក់ឈ្នួលអប្បបរមានេះ គឺត្រូវអនុវត្តបានគ្រប់វិស័យតែម្តង។

 

Leave a Reply

Your email address will not be published. Required fields are marked *