ចឹងសោះបានឆ្លងច្រើនម្លេះ! កូវីដផ្ទុះខ្លាំងនៅសេអ៊ូលសប្តាហ៍មុន មានប្រភេទបម្លែងខ្លួនថ្មីដែលតា ពីឥណ្ឌា កើនច្រើនលើសអាល់ហ្វា ពីអង់គ្លេសទៅទៀត ហើយកូវីដពីរមុខនេះសុទ្ធតែ …

កូរ៉េខាងត្បូង៖ ​ចំនួននៃករណីកូវីដឆ្លងថ្មីនៅកូរ៉េខាងត្បូងកាលពីសប្តាហ៍មុនដែលផ្ទុះឡើងខ្លាំងដល់ជាងពាន់ករណីសឹងរាល់ថ្ងៃនោះ ត្រូវបានអជ្ញាធរសុខាភិបាលរកឃើញថាភាគច្រើនជាមេរោគកូវីដបម្លែងខ្លួនថ្មីប្រភេទដែលតា (delta) ច្រើនជាងមេរោគកូវីដប្រភេទអាលហ្វា (alpha) ទៅទៀតហើយ ដែលជាមូលហេតុពន្យល់ពីការឆ្លងកាន់តែច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន KBS News។

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកូរ៉េខាងត្បូង លោក សុន យ៉ុងរ៉េ (Son Young-rae) បានបញ្ជាក់កាលពីថ្ងៃអាទិត្យម្សិលមិញថា មេរោគបម្លែងខ្លួនកូវីដថ្មីកំពុងត្រូវបានគេរកឃើញក្នុងករណីឆ្លងថ្មីកូវីដកាលពីសប្តាហ៍មុនដល់ទៅ ១/៣ នៃករណីឆ្លងសរុបដែលមានដល់ពាន់ករណឺសឹងរាល់ថ្ងៃនោះ។ បើទោះជាមេរោគកូវីដបម្លែងខ្លួនថ្មី ត្រូវគេរកឃើញថាមិនទាន់វាយលុកខ្លាំងលើសពីមេរោគកូវីដធម្មតាក៏ដោយ តែអ្វីដែលអជ្ញាធរសុខាភិបាលបារម្ភខ្លាំងនោះគឺគេរកឃើញវត្តមាននៃមេរោគកូវីដបម្លែងខ្លួនថ្មីប្រភេទ ដែលតា (delta) ច្រើនដល់ទៅលើសមេរោគកូវីដបម្លែងខ្លួនអាល់ហ្វា (alpha) ទៅទៀតហើយក្នុងចំណោមករណីកូវីដដែលជាមេរោគបម្លែងខ្លួននៅទីក្រុងសេអ៊ូល។ ការរកឃើញវត្តមាននៃកូវីដបម្លែងខ្លួនថ្មីដ៏គ្រោះថ្នាក់ទាំងពីរប្រភេទនេះ កាន់តែច្រើន អាចជាមូលហេតពន្យល់ផងដែរពីការកើនឡើងករណីឆ្លងយ៉ាងច្រើនជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃពីសប្តាហ៍មុននោះ។

បើតាមតួលេខក្រសួងសុខាភិបាលកូរ៉េខាងត្បូងរកឃើញគឺ សម្រាប់ទីក្រុងសេអ៊ូលកាលពីសប្តាហ៍មុន ករណីឆ្លងកូវីដថ្មីដោយមេរោគបម្លែងខ្លួនថ្មី មានវត្តមានមេរោគដែលតាលើសដល់ទៅគុណនឹងពីរ ធៀបនឹងចំនួនកូវីដនៃមេរោគកូវីដបម្លែងខ្លួនអាល់ហ្វា។ មេរោគកូវីដបម្លែងខ្លួនថ្មី ដែលតា (delta) នេះមានប្រភពមកពីប្រទេសឥណ្ឌាថ្មីៗចុងក្រោយនេះ ដែលមានសមត្ថភាពឆ្លងកូវីដពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតបានរហ័ស និងគ្រោះថ្នាក់ខ្លាំងជាងមេរោគកូវីដបម្លែងខ្លួនថ្មី អាល់ហ្វា (alpha) ដែលមានប្រភពមកពីចក្រភពអង់គ្លេសតាំងពីចុងឆ្នាំ២០២០ទៀតផង។ មេរោគកូវីដបម្លែងខ្លួនថ្មីទាំងពីរប្រភេទនេះ មានសមត្ថភាពចម្លងបានលឿន និងខ្លាំងជាងមេរោគកូវីដធម្មតាទៀតផងដូចគ្នា។

អជ្ញាធរសុខាភិបាលបញ្ជាក់ថា បើគិតតាមតួលេខដែលគេរកឃើញពីសប្តាហ៍មុននេះ គេរំពឹងថានឹងអាចបញ្ចេញជាតួលេខផ្លូវការនៃមេរោគកូវីដបម្លែងខ្លួនថ្មីនៅក្នុងអំឡុងសប្តាហ៍ក្រោយនេះ ក្រោយពីទិន្នន័យនៃការធ្វើតេស្តពាក់ព័ន្ធនានាត្រូវបានបញ្ចប់រួចរាល់។ បើតាមការបញ្ជាក់ដដែលបានឱ្យដឹងថា យ៉ាងណាក៏ដោយសម្រាប់ស្ថានការណ៍បច្ចុប្បន្ន អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនៅតែអាចគ្រប់គ្រងស្ថានការណ៍បានល្អនៅឡើយ ដោយមានគ្រែពេទ្យគ្រប់គ្រាន់សម្រាប់ព្យាបាលអ្នកជំងឺ ហើយអត្រាអ្នកដែលមានហានិភ័យខ្ពស់ និងធ្លាក់ខ្លួនចូលករណីឈឺធ្ងន់ធ្ងរបណ្តាលពីកូវីដក្នុងចំណោមអ្នកជំងឺមានវ័យចំណាស់ ក៏មិនសូវមានកើនឡើងខ្លាំងដែរ បើទោះបីករណីឆ្លងថ្មីឃើញមានតួលេខកើនឡើងខ្លាំងក៏ដោយ។

បើតាមតួលេខផ្តល់ឱ្យពីក្រសួងសុខាភិបាលកូរ៉េ បច្ចុប្បន្នករណីអ្នកជំងឺកូវីដដែលឈឺធ្ងន់ធ្ងរនៅទូទាំងប្រទេសមានត្រឹមជាង ១៥០ករណីប៉ុណ្ណោះ ហើយក្នុងនោះមានតែជិត ៨% ប៉ុណ្ណោះជាអ្នកជំងឺវ័យចំណាស់អាយុ៦០ឆ្នាំឡើងទៅ ដែលអាចមានហានិភ័យខ្ពស់ពីវ័យចាស់ជរានេះ។

Leave a Reply

Your email address will not be published. Required fields are marked *