ប្រធានាធិបតីកូរ៉េខាងត្បូង ថ្លែងសុំអភ័យទោសផ្ទាល់ ដល់ប្រជាជនសេអ៊ូល ដែលត្រូវពិបាកដោយសារគម្លាតសង្គមកម្រិត៤ តែលោកថានេះជាវិធានការចាំបាច់ ត្រូវតែធ្វើដោយសារតែ …

កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានចេញមកថ្លែងសុំទោសជាសាធារណៈដោយផ្ទាល់ ចំពោះប្រជាជនខ្លួនដែលត្រូវរស់នៅក្រោមការអនុវត្តវិធានការគម្លាតសង្គមកម្រិតខ្លាំងជាងគេ ដែលអនុវត្តពីថ្ងៃនេះទៅសម្រាប់ទីក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ថ្លែងក្នុងឱកាសកិច្ចប្រជុំមួយនៅវិមានប្រធានាធិបតីកូរ៉េខាងត្បូងនៅព្រឹកថ្ងៃចន្ទនេះ ដែលជាថ្ងៃដំបូងបង្អស់នៃការចាប់អនុវត្តវិធានការគម្លាតសង្គមកម្រិត៤ ខ្ពស់ជាងគេបង្អស់សម្រាប់ទីក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់នោះ លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន បានថ្លែងថា «ខ្ញុំពិតជាសុំអភ័យទោសចំពោះប្រជាជនទាំងអស់ដែលត្រូវស៊ូទ្រាំលំបាកដោយសារការអនុវត្តវិធានការគម្លាតសង្គមនេះកាន់តែយូរថែមទៀតបែបនេះ»។ ក្នុងនោះដែរ លោកបានសន្យាដោយមុតមាំថា នឹងគៀងគរធនធានទាំងអស់របស់រដ្ឋាភិបាលដើម្បីបិទបញ្ចប់រលកផ្ទុះទី៤នៃជំងឺកូវីដនេះ ឱ្យចុះថមថយ និងអាចក្រោមការគ្រប់គ្រងបានដោយអជ្ញាធរសុខាភិបាលឱ្យបានកាន់តែឆាប់បំផុត។

លោកប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានហៅស្ថានការណ៍ផ្ទុះករណីឆ្លងកូវីដថ្មីដ៏ខ្លាំងនាពេលបច្ចុប្បន្ននេះថាជា គ្រោះអាសន្នធំជាងគេបង្អស់ ចាប់តាំងពីពេលដែលកូវីដចាប់ផ្តើមផ្ទុះឆ្លងក្នុងប្រទេសកូរ៉េខាងត្បូងពីឆ្នាំមុនកន្លងមក។ ជាមួយនឹងស្ថានការណ៍ផ្ទុះខ្លាំងក្នុងពេលប៉ុន្មានថ្ងៃនេះ ដែលកំណត់ត្រាកូវីដថ្មីប្រចាំថ្ងៃកើនឡើងខ្ពស់បំផុតមិនធ្លាប់មានដល់ទៅ២ថ្ងៃជាប់ៗគ្នា ហើយរយៈពេលជាងមួយសប្តាហ៍មកហើយដែលករណីឆ្លងកូវីដមានចំនួនលើស១ពាន់ករណីជាបន្តបន្ទាប់នេះ លោកប្រធានាធិបតីបាននិយាយ ការអនុវត្តវិធានការគម្លាតសង្គមតឹងរ៉ឹងខ្លាំងជាងគេដល់កម្រិត៤សម្រាប់ទីប្រជុំជនសេអ៊ូលនេះ គឺជាវិធានការចំាបាច់ចំពោះមុខដែលត្រូវតែធ្វើ ដើម្បីអាចគ្រប់គ្រងស្ថានការណ៍វិញបាន ដោយមិនចាំបាច់ដាក់ប្រទេសស្ថិតក្នុងការបិទខ្ទប់ទាំងស្រុង ដែលនឹងរឹតតែប៉ះពាល់កាន់តែខ្លាំងដល់ជីវភាពប្រជាជនទៅទៀតនោះ។

លោកបានបញ្ជាក់ផងដែរថា ក្នុងកាលៈទេសៈដែលរដ្ឋាភិបាលត្រូវទប់ស្កាត់ការឆ្លងកូវីដនេះ អជ្ញាធរក៏ត្រូវសម្រួលយ៉ាងណាឱ្យជីវភាពប្រជាជនចៀសផុតពីការប៉ះពាល់នៃស្ថានការណ៍កូវីដនេះផងដែរ។ ក្នុងរយៈពេល២សប្តាហ៍នេះ អជ្ញាធរនឹងព្យាយាមគ្រប់គ្រងស្ថានការណ៍កូវីដឱ្យបាន តែក្នុងករណីដែលអជ្ញាធរនៅតែមិនអាចទប់ស្កាត់ការចម្លងនេះបានឱ្យមានប្រសិទ្ធភាពទៀតនោះ ប្រទេសកូរ៉េនឹងអាចធ្លាក់ទៅក្នុងស្ថានការណ៍កាន់តែលំបាកទៀតហើយ។

ជាមួយនឹងវិធានការគម្លាតសង្គមដែលកំពុងអនុវត្តនេះ លោកប្រធានាធិបតីក៏បានបញ្ជាក់ថារដ្ឋាភិបាលកូរ៉េនឹងបង្កើនល្បឿននៃការចាក់វ៉ាក់សាំងកូវីដបន្ថែមទៀតសម្រាប់ប្រជាជនជាពិសេសនឹងចាក់ជូនអ្នកដែលមានហានិភ័យ និងត្រូវការការពារចាំបាច់ជាងគេដូចជា អ្នកបើករថយន្តក្រុង អ្នកបើកតាក់ស៊ី គ្រូបង្រៀន និងអ្នកមើលថែទាំក្មេងជាដើម។ សូមបញ្ជាក់ថា ថ្មីៗចុងក្រោយនៃការផ្ទុះឆ្លងខ្លាំងនៃករណីកូវីដ ជាពិសេសគឺកូវីដបម្លែងខ្លួនថ្មីប្រភេទដែលតានេះ គេឃើញអ្នកដែលឆ្លងភាគច្រើនគឺអ្នកដែលមានអាយុវ័យក្មេង ដែលមិនទាន់ទទួលអាទិភាពចាក់វ៉ាក់សាំងនៅឡើយ។

សម្រាប់ថ្ងៃចន្ទនេះ កូរ៉េខាងត្បូងមានករណីឆ្លងកូវីដថ្មីដល់ទៅ ១១០០ករណី​ ដែលក្នុងនោះករណីឆ្លងចេញពីតំបន់សេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់មានដល់ទៅ ៧៨៦ករណីទៅហើយ។

Leave a Reply

Your email address will not be published. Required fields are marked *