ឧត្ថម្ភាគចក្រពេទ្យយោធាកូរ៉េខាងត្បូង រៀបហោះចេញទៅដឹកអ្នកជំងឺ បែរជាមានបញ្ហាគ្រោះថ្នាក់ខ្លួនឯង ត្រូវចុះចតបន្ទាន់ភ្លាមៗ របួស ៥នាក់ និងខូចខាត …

កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មនុស្ស៥នាក់ រងរបួសក្នុងករណីយន្តហោះឧត្ថម្ភាគចក្រពេទ្យយោធាមួយគ្រឿង ចុះចតបន្ទាន់និងធ្លាក់ចុះមកដី ជាករណីគ្រោះថ្នាក់កើតឡើងនៅនឹងបន្ទាយទាហានកូរ៉េខាងត្បូងផ្ទាល់តែម្តងនៅព្រឹកថ្ងៃចន្ទនេះ បើតាមការចុះផ្សាយដោយសារព័ត៌មាន Yonhap News។

ក្នុងការចុះផ្សាយនោះបានឱ្យដឹងថា យន្តហោះឧត្ថម្ភាគចក្រយោធាមួយគ្រឿងត្រូវបង្ខំចិត្តធ្វើការចុះចតជាបន្ទាន់ប្រញា៉ប់នៅនឹងផ្លូវចុះយន្តហោះមួយ នៃបន្ទាយទាហានកូរ៉េខាងត្បូងនៅតំបន់ផូឆន់ ប្រមាណជាង ៤៦គីឡូម៉ែត្រពីទីក្រុងសេអ៊ូល ប្រហែលម៉ោង ១០:៣៥នាទីព្រឹកថ្ងៃចន្ទនេះ។ បើតាមប្រភពព័ត៌មានបានពីអង្គភាពពន្លត់អគ្គីភ័យនៅផូឆន់ និងពីសំណាក់កងទ័ពកូរ៉េខាត្បូងផ្ទាល់បានឱ្យដឹងថា ករណីនេះកើតឡើងនៅនឹងបន្ទាយទាហានផ្ទាល់តែម្តង នៅពេលដែលយន្តហោះឧត្ថម្ភាគចក្រពេទ្យយោធានេះ រៀបនឹងហោះឡើងទៅយកអ្នកជំងឺម្នាក់ តែក៏ត្រូវបង្ខំចិត្តចោះចតភ្លាមៗវិញជាបន្ទាន់ នៅនឹងបន្ទាយទាហាននោះដដែល។

ក្នុងហេតុការណ៍នោះ មានមនុស្ស៥នាក់រងរបួស ដែលសុទ្ធសឹងជាអ្នកនៅក្នុងឧត្ថម្ភាគចក្រនោះផ្ទាល់ ដែលក្នុងនោះមាន២នាក់របួសកម្រិតធ្ងន់ធ្ងរដែរ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្បែរនោះ តែមិនស្ថិតក្នុងស្ថានការណ៍គ្រោះថ្នាក់អ្វីដល់ជីវិតនោះទេ ខណៈអ្នកដទៃទៀតមិនមានបញ្ហាអ្វីធ្ងន់ធ្ងរខ្លាំងនោះទេ។ ក្នុងករណីនេះ គេរាយការណ៍ថាការខូចខាតមាន កន្ទុយឧត្ថម្ភាគចក្រនោះត្រូវបានខូចខាតដោយផ្នែកផងដែរ។ តែយ៉ាងណាមិញ មូលហេតុពីក្រោយករណីចុះចតបន្ទាន់នេះ គឺអជ្ញាធរកំពុងបន្តស៊ើបអង្កេតបន្តសិន និងមិនទាន់អាចបញ្ជាក់បាននៅឡើយទេ។

បើតាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូងផងដែរ យន្តហោះឧត្ថម្ភាគចក្រនេះ ជាប្រភេទឧត្ថម្ភាគចក្រ ‘메디온’ ប្រើសម្រាប់ដឹកជញ្ជូនអ្នករបួស ហើយសម្រាប់បច្ចុប្បន្ននេះកងទ័ពកូរ៉េខាងត្បូង អង្គភាពកងយោធាពេទ្យ ប្រើប្រាស់ឧត្ថម្ភាគចក្រ ‘메디온’ ប្រភេទនេះចំនួន ៨ គ្រឿង សម្រាប់ទីតាំងតំបន់ធំៗ៣មានតំបន់ផូឆន់ និងយ៉ុងគីន ខេត្តឃ្យ៉ុងគីដូ និងតំបន់យ៉ាងគូ និងហ្គាងវ៉ុនដូ។

Leave a Reply

Your email address will not be published.