កូរ៉េខាងត្បូង៖ លោកទូតកម្ពុជានៅកូរ៉េខាងត្បូង ឡុង ឌីម៉ង់ កាលពីចុងសប្តាហ៍នេះបានចុះទៅដល់ថេឆុនផង និងឆុនណាន់ផង ដើម្បីសួរសុខទុក្ខ ស្វែងយល់ពីជីវភាពរស់នៅសហគមន៍ខ្មែរយើងនៅទីនោះ ក៏ដូចជាឈ្លៀតពេលជំរាបលាបងប្អូនយើងនៅទីនោះផងដែរ។
នេះបើតាមការចែករំលែកផ្ទាល់ក្នុងទំព័រហ្វេសប៊ុករបស់លោកទូត ឡុង ឌីម៉ង់ ផ្ទាល់បានឱ្យដឹងថា កាលពីចុងសប្តាហ៍នេះ លោកទូត និងក្រុមការងារស្ថានទូតបានអញ្ជើញដល់ថេឆុន និងឆុនណាន់ ចូលរួមកម្មវិធីសហគមន៍ជួបជុំជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលស្នាក់នៅទីនោះ រួមមានការជួបជាមួយសហគមន៍ស្ត្រីខ្មែរៀបការគ្រួសារកូរ៉េនៅថេឆុន ដែលមានវត្តមានចូលរួមពីបងប្អូនស្ត្រីខ្មែរច្រើនរូបផងដែរ ដែលក្នុងនោះលោកទូតបានសំណេះសំណាល និងទទួលនូវកន្ត្រកបាច់ផ្កាស្វាគមន៍ពីសហគមន៍ខ្មែរនៅទីនោះផងដែរ។ ក្នុងឱកាសជួបជុំនោះដែរ លោកទូតក៏បានលើកឡើងថា លោកបានឆ្លៀតឱកាសជំរាបលាបងប្អូនស្ត្រីខ្មែរយើងនៅទីនោះ សម្រាប់បេសកកម្មការទូតដែលនឹងបិទបញ្ចប់នាពេលខាងមុខនេះផងដែរ។
ចេញពីកម្មវិធីជួបជុំសហគមន៍ស្ត្រីខ្មែរៀបការគ្រួសារកូរ៉េនៅថេឆុន លោកទូតក៏បានអញ្ជើញទៅកម្មវិធីសំណេះសំណាល និងទទួលទានអាហារសាមគ្គីបន្តទៀត ជួបជាមួយនឹងបងប្អូនពលករខ្មែរយើងម្តងនៅតំបន់ឆុនណាន់ ជាមួយនឹងវត្តមានបងប្អូនខ្មែរយើងជួបជុំគ្នាយ៉ាងច្រើនផងដែរ។ ដូចគ្នាដែរ លោកបានឆ្លៀតឱកាសនោះ ជំរាបលាបងប្អូនពលករខ្មែរយើងផងដែរ ខណៈដែលលោកនឹងបញ្ចប់បេសកកម្មការទូតក្នុងពេលឆាប់ៗខាងមុខនេះ។
ជាមួយនឹងទឹកចិត្តសប្បាយរីករាយជួបជុំជាមួយបងប្អូនខ្មែរយើងនេះ លោកទូតក៏បានបញ្ជាក់ថាលោកពិតជារំភើបនិងកក់ក្តៅណាស់ក្នុងឱកាសដែលបានជួបជុំបងប្អូនខ្មែរយើងនាពេលនោះ។ សូមបញ្ជាក់ថា លោកទូតកម្ពុជា ឡុង ឌីម៉ង់បានចាប់ផ្តើមបេសកកម្មការទូតតំណាងព្រះរាជាណាចក្រកម្ពុជា នៅលើទឹកដីសាធារណរដ្ឋកូរ៉េនេះ តាំងពីឆ្នាំ២០១៦មក ដែលគិតមកដល់ពេលនេះប្រហែលមានរយៈពេលជាង៥ឆ្នាំមកហើយ។