ដល់ខែប្រមូលផល ម្ចាស់កសិដ្ឋាននៅកូរ៉េ រអ៊ូគ្មានពលករបរទេសជួយ ត្រូវទុកដំណាំចោលមិនអាចប្រមូលបាន មិនអាចដាំថ្មីបានទៀត ដោយសារបញ្ហាមួយនេះ …

កូរ៉េខាងត្បូង៖ តាមកសិដ្ឋាននានាជាច្រើននៅតាមតំបន់ជនបទនៃប្រទេសកូរ៉េខាងត្បូង នៅពេលនេះដល់រដូវប្រមូលផលដំណាំរបស់ខ្លួនហើយលើដីដាំដំណាំធំល្វឹងល្វើយ តែភាគច្រើនពេលនេះម្ចាស់កសិដ្ឋាននាំគ្នារអ៊ូថាគ្មានកម្លាំងគ្រប់គ្រាន់មកជួយការងារប្រមូលផល ដោយសារតែស្ថានការណ៍កូវីដវាយលុក ធ្វើឱ្យពលករបរទេសខ្វះខាត ហើយឡើងថ្លៃខ្លាំងទៀតផង នេះបើតាមសេចក្តីរាយការណ៍ចុះផ្សាយក្នុងសារព័ត៌មាន YTN របស់កូរ៉េខាងត្បូង។

អ្នកសារព័ត៌មានបានចុះទៅដល់តាមកសិដ្ឋាននានានៅតាមតំបន់ជនបទ នៅនឹងហ្គាងវ៉ុន នៅពេលនេះស្របពេលដែលដល់រដូវកាលប្រមូលផងចំការនោះ តែជាក់ស្តែងចំការដំឡូង ខ្ទឹមបារាំងជាដើម លើផ្ទៃដីដាំល្វឹងល្វើយ ជាមួយនឹងផ្លែដល់ពេលត្រូវប្រមូលហើយនោះ តែគេមើលមិនឃើញមិនស្រមោលមនុស្សកំពុងប្រមូលផលនោះទេ។

បើតាមការបញ្ជាក់របស់ម្ចាស់កសិដ្ឋានមួយដែលខាងសារព័ត៌មានបានសម្ភាសន៍ បានឱ្យដឹងថា ដើមឡើយចំការរបស់ខ្លួនគ្រោងនឹងមានពលករបរទេសមកពីប្រទេសអ៊ុយបែកគីស្ថាន នឹងត្រូវមកដល់កូរ៉េខាងត្បូងដើមខែកក្កដានេះ ហើយនឹងត្រូវគេសម្រួលបញ្ជូនមកធ្វើការប្រមូលផលតាមរដូវនៅនឹងចំការខ្លួន តែក្រោយមកវិញក៏ត្រូវបានពន្យារពេលសិន ដោយសារតែស្ថានការណ៍កូវីដផ្ទុះខ្លាំងនៅពេលដែលកំពុងធ្វើចត្តាឡីស័ក។ កន្លងមកនេះ ក្នុងចំណោមពលករបរទេស ១២០នាក់ដែលត្រូវបញ្ជូនឱ្យមកធ្វើការនៅហ្គាងវ៉ុននេះ មាន៣០នាក់ត្រូវបានគេរកឃើញថាវីជ្ជមានកូវីដ-១៩ ដែលជាហេតុនាំឱ្យមានការអាក់ខាន និងយឺតយ៉ាវក្នុងការអាចមកដល់ធ្វើការនៅនឹងកន្លែងការងារនេះ។

បើតាមការបញ្ជាក់របស់ម្ចាស់កសិដ្ឋានបានឱ្យដឹងថា នៅម្តុំតំបន់របស់ខ្លួននៅហ្គាងវ៉ុននេះ ចំការនីមួយៗត្រូវការកម្លាំងពលករបរទេសមកជួយការងារយ៉ាងហោច ២ ទៅ៣នាក់ក្នុងមួយកសិដ្ឋាន តែឥឡូវនេះគឺមានការលំបាកមែនទែនដោយសារការខ្វះខាតមនុស្សសម្រាប់មកជួយការងារ ជាពិសេសពលករបរទេសមកពីក្រៅ មានការកាត់បន្ថយច្រើនដោយសារហានិភ័យនៃជំងឺកូវីដតាមរយៈការធ្វើដំណើរ និងរយៈពេលត្រូវធ្វើចត្តាឡីស័កផងនោះ។ ហើយបើចង់រកកម្លាំងមកជួយ អ្នកនៅក្នុងស្រុកស្រាប់ ក៏ពិបាកដោយសារតែការខ្វះខាតកម្លាំងសឹងគ្រប់ទីកន្លែង ដូចនេះហើយទើបតាមកសិដ្ឋាននីមួយៗ ភាគច្រើនត្រូវទុកឱ្យនៅទំនរចោលសឹងទាំងអស់ បើទោះជាផ្លែចេញឡើងពេញចំការ ត្រូវដល់ពេលត្រូវប្រមូលផលហើយក៏ដោយនោះ។

ជាមួយនឹងការខ្វះខាតកម្លាំងពលកម្មនេះ មិនត្រឹមតែម្ចាស់ចំការរអ៊ូថាមិនអាចធ្វើការប្រមូលផលដំណាំដែលចេញផ្លែឥឡូវនោះទេ ថែមទាំងមិនអាចចាប់ផ្តើមរៀបដាំស្ពៃ និងបន្លែដទៃទៀតសម្រាប់ត្រៀមដល់រដូវធ្វើគីមឈីខាងមុខនេះផងដែរ ធ្វើឱ្យមានការយឺតយ៉ាវតៗគ្នា។ ពាក់ព័ន្ធនឹងបញ្ហានេះ ម្ចាស់ចំការមួយចំនួនសុខចិត្តចាយលុយលើសពីថ្លៃជួលពលករធម្មតា ដោយសារតែកង្វះខាតកម្លាំង ដូចនេះបើម្ចាស់កសិដ្ឋានចង់បានពលករបរទេសមកជួយការងារ ត្រូវបង់ប្រាក់ច្រើនជាងរាល់ដង។ ម្ចាស់កសិដ្ឋានមួយដែលចំណាយលុយលើស សម្រាប់ជួលពលករបរទេសមកធ្វើការប្រមូលផលឱ្យខ្លួន ក៏បានរអ៊ូថាបើទោះជាមានកម្លាំងមកជួយ ប្រមូលផលបានសម្រេច ក៏មិនចំណេញដែរ ដោយសារថ្លៃពលកម្មឡើងខ្ពស់ជាងរាល់ដង។

បើតាមមន្ត្រីផ្នែកសម្របសម្រួលពលករនៅនឹងតំបន់ហ្គាងវ៉ុននោះបានឱ្យដឹងថា ឆ្នាំនេះ ថ្លៃពលកម្មសម្រាប់ដកខ្ទឹមបារាំង និងខ្ទឹមសកើនឡើងថ្លៃដល់ទៅ ១៨ម៉ឺនវ៉ុនក្នុងមួយថ្ងៃឯណោះ ដោយសារខ្វះកម្លាំងក្នុងពេលកូវីដនេះ ដូចនេះបើគិតទាំងថ្លៃឈ្នួលពលកម្ម និងថ្លៃចំណាយផ្សេងៗ ក៏ម្ចាស់ចំការនៅតែរងការខាតពីការប្រមូលផលដដែល។ ដូចនេះ គេចាប់ផ្តើមឃើញម្ចាស់ចំការមួយចំនួនហាក់ចាប់ផ្តើមឈប់ធ្វើចំការហើយ ដោយសារមិនអាចរងការខាតបង់នេះបន្តទៀត។ ដូចនេះ គេកំពុងបារម្ភថាមិនយូរមិនឆាប់ខាងមុខនេះ តម្លៃបន្លែដាក់លក់លើទីផ្សារក៏នឹងកើនឡើងដូចគ្នាផងដែរ ដែលជាការប៉ះពាល់ជាបន្តបន្ទាប់ក្នុងខ្សែសង្វាក់ផលិតកម្មទាំងមូលនេះ។

 

Leave a Reply

Your email address will not be published. Required fields are marked *