កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបច្ចុប្បន្ននេះ បានសម្រេចកែសម្រួល និងដាក់ចេញនូវប្រព័ន្ធវិធានការគម្លាតសង្គមថ្មី ដែលមានត្រឹមតែ៤កម្រិតប៉ុណ្ណោះ ដែលមានភាពសាមញ្ញ ច្បាស់ និងឆ្លើយតបទៅនឹងស្ថានការណ៍ជាក់ស្តែងនៃការរាំងខ្ទប់កូវីដផង និងដំណើរការសង្គមសេដ្ឋកិច្ចឡើងវិញផងនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលប្រព័ន្ធថ្មីនេះបានចាប់ផ្តើមអនុវត្តពីថ្ងៃទី១ កក្កដា ២០២១នេះទៅ។
ខណៈដែលបច្ចុប្បន្នការអនុវត្តវិធានការគម្លាតសង្គមមានច្រើនមានភាពខុសៗគ្នាទៅតាមតំបន់ អាស្រ័យនឹងស្ថានភាពកូវីដតាមតំបន់នីមួយៗនោះ ចាប់ពីថ្ងៃចន្ទទី១២ កក្កដានេះទៅ សម្រាប់ក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគីដូ និងក្រុងអ៊ីនឆន់នឹងចាប់ផ្តើមអនុវត្តវិធានការគម្លាតសង្គមកម្រិត៤ ជាកម្រិតខ្ពស់ជាងគេហើយ ដោយសារតែស្ថានការណ៍កូវីដដែលផ្ទុះឡើងខ្លាំងក្នុងតំបន់ទាំងនេះ។
ក្នុងវិធានការគម្លាតសង្គមកម្រិត៤ ដែលនឹងអនុវត្តនៅតំបន់ទាំងនេះ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានកំណត់យ៉ាងលម្អិតពីចំណុចដែលត្រូវអនុវត្ត ចំណុចដែលត្រូវហាមឃាត់នៅតាមទីតាំងនីមួយៗ មានដូចជាសាលារៀន ទីសាធារណៈ ភោជនីយដ្ឋាន ហាងទំនិញ កាស៊ីណូ កន្លែងហាត់កីឡាជាដើម។ តែជាមួយនឹងការដាក់ចេញវិធានការយ៉ាងលម្អិតនេះ គេឃើញមានវីធានការសម្រាប់កន្លែងហាត់កីឡា (Gym) មាននូវចំណុចមួយដែលបង្កជាងការភ្ញាក់ផ្អើល និងហាក់បង្កើតជាចម្ងល់ច្រើនដែរ ជាពិសេសក្នុងចំណោមសហគមន៍បរទេសដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។
វិធានការលម្អិតសម្រាប់ទីតាំងហាត់កីឡា គឺតម្រូវឱ្យមានការបើកអាជីវកម្មបានត្រឹមម៉ោង ១០យប់ ហើយអ្នកដែលមកទីតាំងហាត់កីឡានានានៅតំបន់វិធានការគម្លាតសង្គមកម្រិត៤ ប្រើបានតែ២ម៉ោងប៉ុណ្ណោះ ហើយគេមិនអាចអនុញ្ញាតឱ្យប្រើប្រាស់បន្ទប់ងូតទឹកនៅកន្លែងហាត់កីឡានោះទេ។
ក្នុងនោះដែរ វិធានការមួយដែលគេយល់ឃើញថាប្លែក និងហាក់មិនទំនងនោះគឺទាក់ទងនឹងការហាត់រាំជាក្រុម អជ្ញាធរកំណត់ថាល្បឿននៃចម្រៀងចាក់សម្រាប់រាំជាក្រុម មិនត្រូវមានចង្វាក់លឿនពេកនោះទេ គឺចាក់បទរាំដែលយឺតល្មមមានចង្វាក់ភ្លេង ត្រឹម១០០ ទៅ១២០ចង្វាក់ក្នុងមួយនាទីប៉ុណ្ណោះ។ វិធានការនេះអនុវត្តសម្រាប់ទាំងអ្នកហាត់រាំ ហាត់យោហ្គា និងក្រុមកីឡាផ្សេងទៀតដែលតម្រូវឱ្យមានការចាក់ភ្លេង។ អជ្ញាធរផ្តល់ការពន្យល់ចំពោះវិធានការនេះថា ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងមេរោគកូរ៉ូណា ដោយសារតែការប្រើប្រាស់ភ្លេងដើម្បីហាត់កីឡា កាន់តែលឿន កាន់តែមានហានិភ័យក្នុងការចម្លងមេរោគ។
វិធានការប្លែងមួយទៀតនោះគឺទាក់ទងនឹងអ្នកដែលប្រើប្រាស់ម៉ាស៊ីនរត់ ដោយអជ្ញាធរកំណត់ថាមិនត្រូវប្រើប្រាស់ម៉ាស៊ីនរត់ក្នុងល្បឿនដែលលឿនជាង ៦គីឡូមែ៉ត្រក្នុងមួយម៉ោងនោះទេ មានន័យថាគួររត់យឺតៗបានហើយ ដោយសារតែការបារម្ភថាប្រសិនបើគេរត់ចម្ងាយលើម៉ាស៊ីនដែលប្រើល្បឿនលឿនពេក អាចនឹងធ្វើឱ្យមានការបែកញើស និងអាចខ្ទាតទឹកមាត់ច្រើននៅពេលដែលរត់លើម៉ាស៊ីននោះ ដែលជាមូលហេតុហានិភ័យនៃការចម្លងមេរោគកូរ៉ូណាផងដែរ។