សពពលករខ្មែរ គាំងបេះដូងពីសប្តាហ៍មុន បានបូជានៅកូរ៉េខាងត្បូងហើយ ខណៈអនុព័ន្ធពលករស្ថានទូតខ្មែរនឹងជួយសម្រួលការងារសំខាន់ ២ នេះ ជូនគ្រួសារសព

កូរ៉េខាងត្បូង៖ សពពលករខ្មែរយើងនៅកូរ៉េ សែម ធារ៉ា ដែលបានបាត់បង់ជីវិតកាលពីប៉ុន្មានថ្ងៃមុននៅលើទឹកដីកូរ៉េខាងត្បូង តំបន់ហ្វាសុងនោះ នៅថ្ងៃសៅរ៍ទី១០ កក្កដានេះ ត្រូវបានធ្វើពិធីបូជាហើយនៅឈាបនដ្ឋានស៊ូវ៉ុន ដោយក្នុងឱកាសនោះមានវត្តមានចូលរួមពីអនុព័ន្ធការងារប្រចាំស្ថានទូតខ្មែរ។

ក្នុងឱកាសពិធីបូជាសពនោះ ព្រះតេជគុណ ពៅ សុភ័ក្ដ្រ បាននិមន្ដធ្វើបង្សុកូល សូត្រធម៌ ដោយព្រះតេជគុណ ពៅ សុភ័ក្ដ្រ និងមានអនុព័ន្ធការងារប្រចាំស្ថានទូតខ្មែរ និងបងប្អូនខ្មែរយើងនៅកូរ៉េចូលរួមប្រមាណ ២០នាក់ផងដែរ។ សម្រាប់នីតិវិធីបន្ទាប់ អនុព័ន្ធការងារប្រចាំនៅស្ថានទូតខ្មែរ នឹងធ្វើការជួយសម្របសម្រួល ទាមទារផលប្រយោជន៍បន្ថែមទៀតសម្រាប់ពលកររូបនេះ ជូនដល់ក្រុមគ្រួសារសព និងបញ្ជូនអដ្ឋិធាតុទៅស្រុកកំណើត នៅប្រទេសកម្ពុជាវិញ ដើម្បីធ្វើពិធីបុណ្យតាមប្រពៃណីផងដែរ។

ជាមួយនឹងការជួយសម្របសម្រួលផ្លូវច្បាប់នានាជូនដល់គ្រួសារសពនេះ សាច់ញាតិ និងមិត្តភក្ដិពលករដែលទទួលមរណភាពខាងលើ បានថ្លែងអំណរគុណដល់ស្ថានទូតកម្ពុជា និងមន្ត្រីក្រសួងការងារ ក្នុងការជួយសម្របសម្រួលឯកសារ និងការរៀបចំពិធីបូជានេះដោយរលូន។

សូមបញ្ជាក់ថា ពលករខ្មែរយេីងរូបនេះ ឈ្មោះ សែម ធារ៉ា ជាអ្នកស្នាក់នៅតំបន់ហ្វាសុង នៅប្រទេសកូរ៉េខាងត្បូង ហើយប្រហែលពីម៉ោង៨ព្រឹកព្រឹកថ្ងៃអាទិត្យសប្តាហ៍មុន បានមានអាការ:គាំងបេះដូង នឹងត្រូវបានគេដឹកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ​ តែគួរឱ្យសោកស្តាយមិនអាចសង្រ្គោះបាន។​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *