កូរ៉េខាងត្បូង៖ នៅព្រឹកថ្ងៃសៅរ៍ ទី១០ កក្កដា ២០២១នេះ កូរ៉េខាងត្បូងប្រកាសរកឃើញករណីឆ្លងកូវីដវិជ្ជមានថ្មីកើនគំហុកឡើងទៀតហើយ បំបែកកំណត់ត្រាករណីឆ្លងកូវីដច្រើនជាងគេ ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ៣ថ្ងៃជាប់ៗគ្នាហើយ ខណៈដែលវិធានការគម្លាតសង្គមត្រូវបានរឹតបន្តឹងជាបន្តបន្ទាប់សម្រាប់ទីប្រជុំជនធំៗ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
បើតាមតួលេខប្រកាសដោយមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង ករណីឆ្លងកូវីដថ្មីក្នុងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃសុក្រម្សិលមិញ ដែលគេប្រកាសនៅថ្ងៃសៅរ៍នេះមានដល់ ១៣៧៨ករណី ជាតួលេខច្រើនជាងគេបង្អស់ហើយក្នុងរយៈពេលជាង២ឆ្នាំមកនេះ រាប់ចាប់តាំងពីថ្ងៃទី២០ មករា ២០២០កន្លងមកពេលដែលកូរ៉េខាងត្បូងចាប់ផ្តើមរកឃើញករណីវិជ្ជមានកូវីដដំបូងគេបង្អស់នោះ ហើយក៏ជាថ្ងៃទី៣ជាប់គ្នាហើយដែលតួលេខករណីឆ្លងកូវីដ បន្តកើនឡើងខ្ពស់ផុតលេខជាងគេរហូត។ កាលពីថ្ងៃម្សិលមិញ ករណីឆ្លងកូវីដមាន ១៣១៦ករណី ខណៈតួលេខឆ្លងពីថ្ងៃព្រហស្បត្តិ៍វិញមានដល់ ១២៧៥ករណីផងដែរ។
ក្នុងនោះ ១៣២០ករណីជាករណីឆ្លងក្នុងស្រុក និង៥៨ករណីជាករណីឆ្លងមកពីខាងក្រៅ។ តួលេខនៃអ្នកបាត់បង់ជីវិតយ៉ាងណាមិញ ស្ថិតក្នុងសភាពនឹងនរ ដោយថ្ងៃនេះនៅមានតែអ្នកបាត់បង់ជីវិតថ្មីពីកូវីដតែ២នាក់ប៉ុណ្ណោះ ដែលចំនួនតួលេខសរុបកើនដល់ ២០៣៨នាក់ហើយ។ រីឯតួលេខអ្នកដែលឆ្លងមកពីខាងក្រៅប្រទេសតាមការធ្វើដំណើរមានដល់ ៥៨ករណី។
ទីក្រុងសេអ៊ូល និងតំបន់ប្រជុំជនជុំវិញមានខេត្តឃ្យ៉ុងគីជាដើម នៅតែជាចំណុចក្តៅនៃការចម្លងមេរោគកូវីដ-១៩ ដោយសម្រាប់ថ្ងៃនេះមានដល់ទៅជាង ៧៥%នៃករណីឆ្លងសរុបឯណោះ។ ទីក្រុងសេអ៊ូលមានករណីឆ្លងថ្មីចំនួន ៥០១ករណី ខណៈខេត្តឃ្យ៉ុងគីដូ មានករណីឆ្លងថ្មី៤៤១ករណី រីឯក្រុងអ៊ីនឆន់វិញមានករណីឆ្លងថ្មី ៧៩ករណីផងដែរ។ ហើយភាគច្រើននៃការឆ្លងត្រូវបានគេរកឃើញថាជាការឆ្លងតគ្នាជាចង្កោម នៅតាមក្រុមហ៊ុន ផ្សារទំនើប និងសាលារៀនជាដើម។
ឆ្លើយតបទៅនឹងការកើនឡើងករណីឆ្លងក្នុងរលកទី៤នៃជំងឺកូវីដនេះ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានសម្រេចដាក់ក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគី និងអ៊ីនឆន់នឹងត្រូវដាក់ឱ្យស្ថិតក្រោមវិធានការគម្លាតសង្គមកម្រិត៤ហើយ ចាប់ផ្តើមអនុវត្តពីថ្ងៃចន្ទសប្តាហ៍ក្រោយទៅ ដែលមានរយៈពេលអនុវត្ត២សប្តាហ៍។ ក្រោមវិធានការគម្លាតសង្គមកម្រិត៤ ដែលជាកម្រិតតឹងតែងជាងគេបង្អស់នេះ ការជួបជុំគ្នាឯកជនលើសពីគ្នា២នាក់ឡើងទៅត្រូវបានហាមឃាត់ក្រោយពីម៉ោង ៦ល្ងាចទៅ ការរៀបចំតវ៉ា ធ្វើបាតុកម្មនានាត្រូវបានហាមឃាត់ លើកលែងតែការតវ៉ាដែលមានមនុស្សចូលរួមតែម្នាក់គត់។ ចំណែកឯទីតាំងរោងរៀបអាពាហ៍ពិពាហ៍ និងបុណ្យសពអាចចូលរួមបានតែពីសាច់ញាតិផ្ទាល់តែប៉ុណ្ណោះ រីឯហាងកំសាន្តផឹកស៊ី ដូចជាក្លឹបពេលយប់ នឹងត្រូវបិទដំណើរការទាំងស្រុង ខណៈភោជនីយដ្ឋាននានាតម្រូវឱ្យចូលទទួលទានក្នុងហាងបានត្រឹមតែម៉ោង១០យប់ប៉ុណ្ណោះ។
ប្រធានមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង ដែលជាអជ្ញាធរឈានមុខគេនៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងការឆ្លើយតប និងទប់ស្កាត់ការឆ្លងរាលដាលកូវីដ លោកស្រី ជុង អ៊ុនឃ្យ៉ុង (Jeong Eun-kyeong) បានបញ្ជាក់ថាបើតាមស្ថានការណ៍កូវីដដែលកំពុងកើតមានសព្វថ្ងៃ និងតាមការគណនាតាមម៉ូដែលគណិតវិទ្យា តួលេខឆ្លងថ្មីប្រចាំថ្ងៃនឹងកើនដល់ជាង ១៤០០ ករណីត្រឹមចុងខែកក្កដានេះ ឬក៏អាចកើនដល់លើស ២១៤០ ករណីឯណោះ ក្នុងករណីដែលស្ថានការណ៍កាន់តែអាក្រក់ ហើយអជ្ញាធរមិនអាចមានវិធានការដែលមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការចម្លងទេនោះ។