គ្រប់គ្នាគួរតែដឹង! វិធានគម្លាតសង្គមថ្មី កំពុងអនុវត្តនៅកូរ៉េ ប្រែជាភាសាខ្មែរទាំងស្រុង ជាពិសេសគឺវិធានកម្រិត៤ ដែលកំពុងអនុវត្តនៅប្រជុំជនសេអ៊ូលឥឡូវនេះ

កូរ៉េខាងត្បូង៖ ក្រោយពីសាកលលោកទាំងមូលបានឈានជើងចូលក្នុងស្ថានការណ៍កូវីដអស់រយៈពេលជាង២ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងជាវិធានការឆ្លើយតប និងទប់ស្កាត់ការចម្លងនៃមេរោគកូវីដនេះ បានដាក់ចេញនូវគោការណ៍អនុវត្តគំលាតសង្គមដើម្បីជាស្តង់ដារ និងជាបន្ទាត់ក្រឹតសម្រាប់ឱ្យប្រជាជនអនុវត្តទាំងអស់គ្នា ជាមួយអជ្ញាធរក្នុងការទប់ស្កាត់ការចម្លងកូវីដនេះ។

កន្លងមករដ្ឋាភិបាលកូរ៉េខាងត្បូងបានដាក់ចេញនូវប្រព័ន្ធគម្លាតសង្គមដែលមាន៥កម្រិត ដែលបានអនុវត្តរយៈពេល១ឆ្នាំជាងកន្លងមក ដែលក្នុងវិធានការគម្លាតសង្គម៥កម្រិតនោះ មានពីកម្រិត១ កម្រិត១.៥ កម្រិត២ កម្រិត២.៥ និងកម្រិត៣ ជាកម្រិតដែលខ្ពស់ជាងគេ។ យ៉ាងណាមិញ កាលពីប៉ុន្មានខែមុននេះ រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចកែសម្រួល និងដាក់ចេញនូវប្រព័ន្ធវិធានការគម្លាតសង្គមថ្មី ដែលមានត្រឹមតែ៤កម្រិតប៉ុណ្ណោះ សាមញ្ញ ច្បាស់ និងឆ្លើយតបទៅនឹងស្ថានការណ៍ជាក់ស្តែងនៃការរាំងខ្ទប់កូវីដផង និងដំណើរការសង្គមសេដ្ឋកិច្ចឡើងវិញផង ដែលប្រព័ន្ធថ្មីនេះបានចាប់ផ្តើមអនុវត្តពីថ្ងៃទី១ កក្កដា ២០២១នេះទៅ។

សម្រាប់រយៈពេលដ៏ខ្លីនៃការអនុវត្តវិធានការថ្មីនេះ គេឃើញក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់ ត្រូវបានដាក់ឱ្យដល់កម្រិត៤ទៅហើយ ដោយសារតែការកើនឡើងខ្លាំងនៃករណីកូវីដប៉ុន្មានថ្ងៃចុងក្រោយនេះ។ បើតាមការគោលការណ៍ កំណត់ថ្មីនេះ វិធានការគម្លាតសង្គមកម្រិត១ គឺនៅពេលដែលករណីឆ្លងទូទាំងប្រទេសតិចជាង ៥០០ករណី ហើយតំបន់ទីក្រុង និងជុំវិញទីក្រុងតិចជាង ២៥០ករណី រីឯកម្រិត២ គឺនៅពេលដែលករណីឆ្លងទូទាំងប្រទេសលើសពី ៥០០ករណី ហើយតំបន់ទីក្រុង និងជុំវិញទីក្រុងសលើសពី ២៥០ករណី។ កម្រិត៣វិញ គឺនៅពេលដែលករណីឆ្លងទូទាំងប្រទេសលើសពី ១០០០ករណី ហើយតំបន់ទីក្រុង និងជុំវិញទីក្រុងសលើសពី ៥០០ករណី ហើយកម្រិត៤វិញ គឺនៅពេលដែលករណីឆ្លងទូទាំងប្រទេសលើសពី ២០០០ករណី ហើយតំបន់ទីក្រុង និងជុំវិញទីក្រុងសលើសពី ១០០០ករណី។

សម្រាប់ករណីវិធានការគម្លាតសង្គមកម្រិត១, ២ និង៣ គឺរដ្ឋបាលតាមស្រុក ខណ្ឌ ក្រុង ខេត្ត និងអជ្ញាធរសុខាភិបាលជំនាញមានសិទ្ធក្នុងការកំណត់ និងផ្លាស់ប្តូរ ចំណែកវិធានការគម្លាតសង្គមកម្រិត៤ គឺមានតែអជ្ញាធរសុខាភិបាលកម្រិតថ្នាក់ជាតិប៉ុណ្ណោះទើបអាចសម្រេចបាន។ ក្នុងវិធានការគម្លាតសង្គមកម្រិត៤ គឺមានការជួបជុំឯកជនបានត្រឹមតែ២នាក់ បន្ទាប់ពីម៉ោង៦យប់ទៅ ហើយអាចជួបបានដល់៤នាក់សម្រាប់មុនម៉ោង៦យប់។ សម្រាប់កន្លែងក្លឹបកម្សាន្ត ហាងផឹកស៊ី គឺមិនអនុញ្ញាតឱ្យបើកដំណើរការសម្រាប់ទីតាំងអនុវត្តវិធានការគម្លាតសង្គមកម្រិត៤នោះទេ ហើយទីតាំងអាជីវកម្មកាស៊ីណូវិញ បើកបាន តែត្រូវកម្រិតអាជីវកម្មពីម៉ោង ១០យប់ទៅ។

សម្រាប់ភោជនីយដ្ឋាន ហាងកាហ្វេទូទៅ ដំណើរបានជាធម្មតា តែចាប់ពីម៉ោង១០យប់ទៅ ដំណើរបានតែការវេចខ្ចប់ចេញប៉ុណ្ណោះ រីឯកន្លែងច្រៀងខារ៉ាអូខេ កន្លែងងូតទឹក បើកបានត្រូវមានការកម្រិតអាជីវកម្មពីម៉ោង ១០យប់ទៅ។ ចំណែកទីតាំងហាត់កីឡាវិញ ដំណើរការបាន តែចាប់ពីម៉ោង១០យប់ទៅ ត្រូវកម្រិតអាជីវកម្មរបស់ខ្លួន ក្នុងនោះដែរសម្រាប់វិធានការគម្លាតសង្គមកម្រិត ៣ និងកម្រិត៤ គេសង្កេតឃើញវិធានការមួយដែលប្លែកមែនទែន គឺសម្រាប់ម៉ាស៊ីនរត់ហាត់ប្រាណ នៅនឹងទីតាំងហាត់កីឡា ត្រូវកំណត់ល្បឿនរត់បានត្រឹមតែ ៦គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។

ទីតាំងផ្សេងៗទៀតដូចជាសាលារៀន ផ្សារទំនើប ទីតាំងសាសនា ការរៀបចំពិធីបុណ្យផ្សេងៗ កន្លែងក្មេងលេង សួនសាធារណៈ សារមន្ទីរជាដើម ក៏មានការបញ្ជាក់ច្បាស់ពីវិធានការគម្លាតសង្គមដែលត្រូវអនុវត្តខុសៗគ្នាទៅតាមកម្រិងផងដែរ។ លោកអ្នកអាចមើលរូបភាពខាងក្រោម ដែលបានបញ្ជាក់ចំណុចនីមួយៗយ៉ាងច្បាស់ ដែលជាស្នាដៃបកប្រែសម្រួលពីមជ្ឈមណ្ឌលប្រឹក្សាតាមទូរស័ព្ទដានូរី ១៥៧៧-១៣៦៦ ផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *